ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជានិងក្រុមសមត្ថកិច្ចកម្ពុជាកំពុងធ្វើការស៊ើបអង្កេតរួមគ្នាដើម្បីបំបែកសំណុំរឿងឃាតកម្មដ៏អាថ៌កំបាំងមួយទៅលើស្រ្តីទេសចរណ៍ជនជាតិបារាំងម្នាក់ដែលត្រូវបានគេសម្លាប់ក្នុងខេត្តកំពត។
អ្នកទេសចរណ៍ជនជាតិបារាំង គឺអ្នកស្រី អូហេ្វលី បេកនី (Ophelie Bagnis) ដែលមានអាយុ២៥ឆ្នាំត្រូវបានឃាតករមិនស្គាល់មុខសម្លាប់កាលពីខែកុម្ភៈឆ្នាំ២០១៣។ សាកសពជនរងគ្រោះត្រូវបានគេប្រទះឃើញអណ្តែតនៅលើទឹកព្រែកមួយនៃខេត្តកំពតដោយគ្មានសម្លៀកបំពាក់ ចំណែកផ្ទៃមុខនិងក្បាលជនរងគ្រោះមានស្នាមរបួសជាច្រើនកន្លែង។
មុនពេលត្រូវគេសម្លាប់ ជនរងគ្រោះបានមកស្នាក់នៅផ្ទះសំណាក់មួយឈ្មោះដើមស្វាយ ឬឈ្មោះជាភាសាអង់គ្លេសថា Mango Tree។
ក្រុមអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាធ្លាប់បានសន្និដ្ឋានកន្លងមកថា ករណីនេះជារឿងឃាតកម្មគិតទុកជាមុន។ ក៏ប៉ុន្តែ ពួគគេមិនបានបញ្ជាក់ពីមូលហេតុដែលឈានទៅដល់ការសម្លាប់ជនរងគ្រោះទេ ហើយក៏មិនទាន់បញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យណាមួយពិតប្រាកដនៅឡើយដែរ។
ទោះយ៉ាងណា ក្រុមសមត្ថកិច្ចខេត្តកំពតកន្លងមកធ្លាប់បានចាប់ជនសង្ស័យដែលជាជនជាតិប៊ែលហ្សិកមួយរូប យកមកឃុំឃាំងដោយសារតែជនសង្ស័យរូបនេះបានជិះកង់របស់ជនរងគ្រោះ។ តែក្រោយមក ជនសង្ស័យត្រូវបានដោះលែងកាលពី៥ខែមុន បន្ទាប់ពីក្រុមសមត្ថកិច្ចរកឃើញថា លោកមិនជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនេះទេ។
លោក ថ្លាង ភិរិន ស្នងការប៉ូលិសខេត្តកំពតមិនបានបង្ហាញពីលទ្ធផលនៃការស៊ើបអង្កេតចុងក្រោយទៅលើឃាតកម្មស្រ្តីជនជាតិបារាំងនេះទេ ដោយលោកគ្រាន់តែបានបញ្ជាក់ថា សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត។ លោកនិយាយថា៖ «យើងមិនទាន់ឃើញអ្វីទេ។ មិនទាន់មានពន្លឺអ្វីទៀតទេ»។
វីអូអេបានព្យាយាមទាក់ទងលោក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានយុត្តិធម៌កណ្តាលដើម្បីស្នើសុំសេចក្តីអត្ថាធិប្បាយបំភ្លឺ តែមិនអាចទាក់ទងបានទេ។
ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថាខ្លួនកំពុងយកចិត្តទុកដាក់ចំពោះករណីឃាតកម្មនេះ។
អ្នកនាំពាក្យស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាលោក នីកូឡា ប៊ូដ្វាំង Nicolas Baudouin បានបញ្ជាក់ប្រាប់វីអូអេតាមរយៈអ៊ីមែលថា លោកមិនធ្វើអត្ថាធិប្បាយ ពិស្តារទេអំពីបញ្ហានេះ។ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា ក្នុងដំណាក់កាលនេះ ប្រទេសបារាំង និងកម្ពុជាកំពុងធ្វើការស៊ើបអង្កេតលើករណីនេះព្រមទាំងបន្តរក្សាទំនាក់ទំនងជាមួយក្រុមគ្រួសារជនរងគ្រោះជាដរាប។
មន្ត្រីឃ្លាំមើលផ្នែកទេសចរណ៍មានការបារម្មណ៍ថា ការសម្លាប់អ្នកទេសចរណ៍បរទេស អាចប៉ះពាល់ដល់ភ្ញៀវទេសចរណ៍អន្តរជាតិដែលមានបំណងមកទស្សនាប្រទេសកម្ពុជា។
លោក ហូ វ៉ាន់ឌី សហប្រធានក្រុមការងារទេសចរណ៍កម្ពុជា មានប្រសាសន៍ថា ការប៉ះពាល់ទៅលើផ្នែកទេសចរណ៍គឺវាអាស្រ័យទៅលើមូលហេតុនៃករណីឃាតកម្មនេះ។
លោកនិយាយថា៖ «មិនមែនទូទៅទេ។ ជួនកាលអ្នកខ្លះទៅ ឃើញហើយគ្រប់ប្រទេសទាំងអស់ អ្នកខ្លះទៅ គាត់មកលេងក្រុមគ្រួសារគាត់។ គាត់មកលេងសង្សារគាត់។ អ្នកខ្លះមកលេបថ្នាំសម្លាប់ខ្លួន។ អ្នកខ្លះទៅមកចងកសម្លាប់ខ្លួន។ អ្នកខ្លះទៅ គេងៗ គាត់មានរោគកាយ គាត់ក៏ស្លាប់ទៅ»។
ក្នុងរយៈពេល៩ខែក្នុងឆ្នាំនេះ ចំនួនភ្ញៀវទេសចរណ៍ប្រមាណ៣លាននិង៦សែននាក់បានមកទស្សនាប្រទេសកម្ពុជា បើទោះបីជាមានករណីឃាតកម្មខ្លះបានកើតឡើងទៅលើជនបរទេសក៏ដោយ។
ក្នុងចំណោមជនបរទេសទាំងអស់ដែលមកប្រទេសកម្ពុជា ជនជាតិវៀតណាមឈរលំដាប់លេខមួយ ហើយភ្ញៀវទេសចរណ៍ចិនឈរលំដាប់ថ្នាក់លេខពីរ៕