ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Global Witness៖ ​ឈ្មួញ​ទិញ​ឈើ​បរទេស​ជំរុញ​ឲ្យ​មាន​អំពើ​ហិង្សា​នៅក្នុង​សាធារណ​រដ្ឋ​អាហ្រ្វិក​កណ្តាល


និមិត្តសញ្ញា​របស់​អង្គការ Global Witness។
និមិត្តសញ្ញា​របស់​អង្គការ Global Witness។

អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​គឺ​ Global Witness​ បាន​ឲ្យ​ដឹង​ថា​ ការ​នាំឈើពី​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​មក​អឺរ៉ុប​បាន​ជួយ​ផ្តល់​មូលនិធិ​ដែល​ជំរុញ​ឲ្យ​មាន​អំពើ​ហិង្សានៅ​ក្នុង​ប្រទេស​នេះ។​ អង្គការ​ Global Witness​ ក៏​បាន​ចោទ​ក្រុមហ៊ុន​របស់​ប្រទេស​បារាំង​ ចិន​ និង​លីបង់​ថា ​បាន​សូក​ប៉ាន់​ក្រុម​បះបោរ​ Seleka ​និង​ក្រុម​ប្រដាប់​អាវុធ​ផ្សេង​ទៀត​ផង​ដែរ។​

របាយ​ការណ៍​របស់​អង្គការ​ Global​ Witness​ ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៣​តែ​មួយ​ឆ្នាំ​នោះ​ ក្រុម​ហ៊ុន​កាប់​ឈើ​បាន​ចំណាយ​ប្រាក់ជាង​៣,៧​លាន​ដុល្លារ​ទៅ​លើ​ក្រុម​បះបោរ​ Seleka​ ធ្វើ​ការ​ប្រយុទ្ធនៅ​ក្នុង​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​ ដូច្នេះ​ពួក​គេ​អាច​បន្ត​ប្រតិបត្តិការ​កាប់​ឈើ​របស់​ពួក​គេ​បាន​ត​ទៅ​ទៀត។​ ក្រោយ​ពេល​ក្រុម​បះបោរត្រូវ​បាន​គេ​ទម្លាក់​ពី​អំណាច​កាលពី​ឆ្នាំ​២០១៤​មក​ ក្រុមហ៊ុន​ទាំង​នោះ​បាន​ចំណាយ​ប្រាក់​រាប់​សែន​ដុល្លារ​បន្ថែម​ទៀត​ឲ្យក្រុម​ជីវពល​ដែល​ជា​គូ​សត្រូវ។​

អង្គការ​ Global​ Witness​ បាន​រាយ​ឈ្មោះ​ក្រុម​ហ៊ុន​កាប់​ឈើ​ចំនួន​បី​ ដែល​អង្គការ​នេះ​និយាយ​ថា ​បាន​ធ្វើ​ការ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន។​ ក្រុមហ៊ុន​ទាំង​នេះ​ រួម​មាន​ក្រុមហ៊ុន​ Vicwood ​របស់​ចិន​ ក្រុមហ៊ុន​ SEFCA​ របស់​លីបង់​ និង​ក្រុមហ៊ុន​ IFB​ របស់​បារាំង។​

មេ​ដឹកនាំ​យុទ្ធនាការ​អង្គការ​ Global​ Witness​ គឺ​លោក ​Alexandra Pardal​ បាន​ថ្លែង​ថា៖​ «ដោយ​បាន​យល់ព្រម​បង់​ប្រាក់​ឲ្យ​ក្រុម​ប្រដាប់​អាវុធ​ទាំង​នោះ​ មាន​ន័យ​ថា​ ក្រុមហ៊ុន​កាប់​ឈើ​ទាំងនេះ​បាន​ចូល​រួម​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​រួច​ទៅ​ហើយ។​ សូម​យល់​ឲ្យ​បាន​ច្បាស់​អំពី​រឿង​នេះ។​ ទាំង​នេះ​ជា​បទ​ឧក្រិដ្ឋ​ដែល​ពួកគេ​បាន​ចូល​ដៃ​ប្រព្រឹត្ត​ ហើយ​ពួកគេ​គួរ​តែ​អាច​ប្រមើល​មើល​រួច​ទៅ​ហើយ​ថា​ ប្រាក់​ដែល​ពួកគេ​បាន​ចំណាយ​នោះ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់ទិញ​អាវុធ​ដែល​អាច​សម្លាប់​ពលរដ្ឋ​អាហ្វ្រិក​កណ្តាល។​ ទង្វើ​នេះ​គឺមិនអាច​ទទួល​យក​បានទេ​ ហើយ​ក៏​ជា​ការ​ខុស​ច្បាប់​ផង​ដែរ»។​

ក្រុមហ៊ុន​បារាំង​ឈ្មោះ​ Tropica-Bos​ ក៏​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍​នេះ​ផង​ដែរ។​ អង្គការ ​Global​ Witness​ បាន​និយាយ​ថា​ ក្រុមហ៊ុន​នេះ​ គឺ​ជា​ឈ្មួញ​ទិញ​ឈើ​ដ៏​ធំ​បំផុត​របស់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ ដែល​ប្រាក់​ចំណេញ​នៅ​ក្នុង​ឆ្នាំ​២០១៣កើន​ខ្ពស់​បំផុត​នៅ​ខណៈ​ពេល​ដែល​មាន​ជម្លោះ​ខ្លាំងក្លា​នៅ​ក្នុង​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល។​ ការិយាល័យ​របស់​ក្រុមហ៊ុន​នេះ​នៅ​ក្នុង​ទីក្រុង ​Nice ​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​សម្ភាស​នោះ​ទេ។

របាយ​ការណ៍​នេះ​ក៏​បាន​រក​ឃើញ​ដែរ​ថា​ សហភាព​អឺរ៉ុប​ក៏​មាន​កំហុស​ទាក់​ទិន​នឹង​រឿង​នេះ​ផង​ដែរ​ ដែលគិត​ជា​រួម ​សមាជិក​របស់​សហភាព​អឺរ៉ុប​គឺ​ជា​អ្នក​នាំ​ចូល​ឈើច្រើន​បំផុត​ពី​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​ផង​ដែរ​ បើ​ទោះបី​ជា​បទ​បញ្ញតិ្ត​របស់​សហភាព​អឺរ៉ុប​ប្រឆាំង​ពាណិជ្ជកម្ម​ឈើ​ខុស​ច្បាប់​ក៏​ដោយ។​

ជាង​នេះ​ទៅ​ទៀត​ លោក​ Pardal​ និយាយ​ថា​ អង្គការ​ Global Witness ​ចង់​ឲ្យ​ផ្អាក​ប្រតិបត្តិការ​ឧស្សាហកម្ម​កាប់​ឈើ​នៅ​ក្នុង​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​បណ្តោះ​អាសន្ន​ ហើយ​ចង់​ឲ្យ​បណ្តា​ប្រទេស​ទាំង​នោះ​ធ្វើ​ការ​បង្ក្រាប​លើ​ការ​នាំ​ចូល​ឈើ​ខុស​ច្បាប់។​

លោក​ Pardal​ ថ្លែង​ថា៖​ «នៅ​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ពឹង​ផ្អែក​លើ​ព្រៃ​ឈើ​រាប់​ពាន់​នោះ​ រស់​នៅ​ពឹង​ពាក់​អាស្រ័យ​លើ​ព្រៃ​សើម។​ ដូច្នេះ​ជាក់​ស្តែង​ ដូច​ដែល​យើង​បាន​ឃើញ​ហើយ​ថា​ ការ​ធ្វើ​អាជីវកម្ម​លើ​ឧស្សាហ​កម្ម​នេះ​បាន​រំខាន​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ដែល​ពឹង​ផ្អែក​លើ​ព្រៃ​ឈើ​ទាំង​នោះ។​ វា​បាន​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​ ហើយ​វា​ក៏​ជា​អំពើ​ខុស​ច្បាប់​ផង​ដែរ។​ ដូច្នេះ​ច្បាស់​ណាស់​ថា​ វា​មិន​មាន​និរន្តរភាព‍​នោះ​ទេ»។​

នេះ​មិន​មែន​ជា​ការ​ស៊ើប​អង្កេត​លើក​ដំបូង​របស់​អង្គការ​ Global​ Witness​ ទៅ​លើ​ឧស្សាហ​កម្ម​កាប់​ឈើ​ក្នុង​តំបន់​នោះ​ទេ។​ របាយ​ការណ៍​ចេញ​ផ្សាយ​នៅ​ខែ​មិថុនា​បាន​ចោទ​ប្រកាន់​ថា​ ក្រុម​ហ៊ុន​របស់​អឺរ៉ុប​ និង​អាមេរិកបាន​ចូលរួម​ក្នុង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ឈើ​ខុស​ច្បាប់ ​និង​រក​បាន​ប្រាក់​ចំណេញយ៉ាង​ច្រើន​ នៅសាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ដែល​ជា​ប្រទេស​ជិត​ខាង។​

កាលពី​ពីរ​ឆ្នាំ​មុន​ សាធារណ​រដ្ឋ​អាហ្រ្វិក​កណ្តាល​ និង​ប្រទេស​ចំនួន​៥ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ​រួម​ជាមួយ​នឹង​អ្នក​តំណាង​វិស័យ​ឧស្សាហ​កម្ម​ឈើ​បាន​ឯកភាព​រួមគ្នាប្រយុទ្ធ​ប្រឆាំង​នឹងពាណិជ្ជកម្ម​ឈើ​ខុស​ច្បាប់​ និង​ការ​កាប់​ឈើ​នៅ​ក្នុង​តំបន់​អាង​ផ្ទុក​ទឹក​របស់​ប្រទេស​កុងហ្គោ៕

ប្រែ​សម្រួល​ដោយ ​ស្រេង​ លក្ខិណា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG