ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​ជំរុញ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ចរចា​គ្នា​ឡើង​វិញ


លោក ហ៊ុន សែន និង លោក សម រង្ស៊ី ចាប់​ដៃ​គ្នា​នៅ​មុន​ពេល​ប្រជុំ​ចរចា​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣។ (សាយ មុន្នី វីអូអេ)
លោក ហ៊ុន សែន និង លោក សម រង្ស៊ី ចាប់​ដៃ​គ្នា​នៅ​មុន​ពេល​ប្រជុំ​ចរចា​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣។ (សាយ មុន្នី វីអូអេ)
ប្រទេស​បារាំង​បាន​ជំរុញ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ទាំង​ពីរ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​ផ្តើម​«ចរចា​គ្នា​ឡើង​វិញ» ​ជា​បន្ទាន់​ ស្រប​ពេល​ដែល​រដ្ឋាភិបាល​បាន​កោះ​ហៅ​ទូត​ចំនួន​៣០​ប្រទេសនៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ដើម្បី​ស្តាប់​ការ​ពន្យល់​ពី​ស្ថានភាព​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជា។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​សៅរ៍ដែល​ផ្សព្វផ្សាយ​ដោយ​ស្ថានទូត​បារាំង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​បារាំង​បាន​លើក​ឡើង​ថា៖ «វា​ជា​ការ​សំខាន់​ដែលការ​ចរចា​នយោបាយអាច​ចាប់​ផ្តើម​ឡើង​វិញឲ្យ​បាន​លឿន​ដើម្បី​ឲ្យ​ភាគី​មាន​ជម្លោះធ្វើ​ការ​ជាមួយ​គ្នា​សម្រាប់កិច្ច​ដំណើរការ​ល្អ​នៃ​ស្ថាប័ន​នានា​ក្នុង​ភាព​ស្ងប់ស្ងាត់​និង​នឹងនរ»។

​សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋាភិបាល​បារាំង​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពីរដ្ឋាភិបាល​កម្ពុជា​បាន​បាញ់​បង្រ្កាប​ក្រុម​បាតុករ​រោងចក្រនៃ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ ផ្លូវ​វ៉េងស្រេង​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​និង​បាន​បណ្តាល​ឲ្យ​មាន​ជន​រងគ្រោះ​ស្លាប់យ៉ាង​តិច​ចំនួន​៤​នាក់​និង​ប្រមាណ​៤០​នាក់​ផ្សេង​ទៀត​រងរបួស។

បាតុកម្ម​របស់​ក្រុម​កម្មករ​រោងចក្រធ្វើ​ឡើង​ដំណាល​គ្នា​នឹង​បាតុកម្មជា​បន្តបន្ទាប់​ចំនួន​បី​សប្តាហ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ភាគី​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត។
​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បារាំង​បន្ថែម​ថា ​ប្រទេស​បារាំង​បាន​តាម​ដាន​សភាពការ​នៅ​កម្ពុជា​យ៉ាង​យក​ចិត្ត​ទុក​ដាក់។​ ហើយ​បារាំងសូម​សម្តែង​ការ​សោកស្តាយ​ចំពោះ​អំពើហិង្សាដែល​បាន​បណ្តាល​ឲ្យ​មាន​ការស្លាប់មនុស្ស​ជាច្រើន។

​អ្នក​នាំពាក្យ​ដដែល​បញ្ជាក់​ថា ​ប្រទេស​បារាំង «សូម​រំឭកអំពី​ការផ្តល់​តម្លៃរបស់​ខ្លួន​លើ​សេរីភាព​នៃ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី»។

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ឡើង​វិញ​ថា ​ជំហរ​របស់​គណបក្ស​ជំទាស់គឺ​ការ​ចរចា​ណា​មួយ​អាច​ធ្វើ​ទៅ​បាន​ល្គឹកណា​មាន​ការ​ធានា​ចំពោះ​ការ​បញ្ចប់​អំពើ​ហិង្សា។

លោក​ថ្លែង​ថា៖ «យើង​បាន​បញ្ជាក់​រួច​ហើយ​ថា​ យើងយល់​ព្រម​ជជែក​គ្នា​រក​ដំណោះស្រាយចំពោះ​បញ្ហា​ជាតិ​គ្រប់​បែប​យ៉ាង។ តែ​យើង​ស្នើ​សុំ​តែ​មួយ​គឺ​ត្រូវ​បញ្ចប់​រាល់​អំពើ​ហិង្សា​ឲ្យ​បញ្ចប់​ការ​គំរាម​កំហែង​ភ្លាម​ផងព្រម​ទាំង​ការ​គំរាម​កំហែង​ដោយ​តុលាការ។»​

ដោយ​ឡែក​លោក​ ជាម យៀប សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​តំណាងរាស្ដ្រ​ប្រចាំ​មណ្ឌល​ខេត្ត​ព្រៃវែង​បញ្ជាក់​ថា ​ការ​ចរចា​ទ្វេភាគី​អាច​ធ្វើ​ទៅ​បាន​លុះណា​តែ​មាន​ការ​ព្រមព្រៀង​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ពន្យល់​ថា៖ «បើ​សិន​ជា​សម រង្ស៊ី កែក​នឹម​បែប​នេះ​ចរចា​ម៉េច​កើត។ ទាល់​តែ​គាត់​សម្រប​សម្រួល​ទៅ​តាម​ការ​សម្រប​សម្រួល​របស់​ស្ថានទូត​បារាំង​ពី​ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​បើក​ចំហ​ជើង​មេឃ​សម្រាប់​ការ​ចរចា​ដើម្បី​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ។»

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិទើប​នឹងបង្កើត​យន្តការ​ឆ្ពោះ​ទៅ​រក​ការ​ចរចា​ឡើង​វិញ​ ក្រោយពី​ចរចា​មិន​បាន​សម្រេច​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន។​ ហើយ​គម្រោង​នៃ​ការ​ចរចា​នេះ​ត្រូវ​រំលាយ​ទៅ​វិញ​កាល​ពី​ថ្ងៃ​សុក្រ​ក្រោយ​ពី​មាន​ការ​បង្ក្រាប​យ៉ាង​ហិង្សា​លើ​បាតុករ​ជា​កម្មករ​រោងចក្រ។

​កម្មករ​រោងចក្រ​ដែល​ភាគ​ច្រើន​បាន​ចូលរួម​បាតុកម្ម​របស់​គណបក្ស​ជំទាស់​ដើម្បី​ទាមទារ​ការ​តំឡើង​ប្រាក់ខែ​ទ្វេ​ដង​ឲ្យ​ដល់​១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ដែរ ​លោក ​ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​និង​តំណាង​ទូត​ចំនួន​៣០​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ថ្លែងការណ៍​ពី​ស្ថានភាព​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស។​ ក៏​ប៉ុន្តែ​ក្រុម​មន្ត្រី​ក្រសួង​មហាផ្ទៃមិន​ផ្តល់​ព័ត៌មាន​ដល់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​នោះ​ទេ។ អ្នក​រាយការណ៍​ព័ត៌មានត្រូវ​គេ​ដេញ​ចេញ​មិន​ឲ្យ​នៅ​ក្បែរ​កិច្ច​ប្រជុំ​បិទ​ទ្វារ​នេះ​ទេ។

លោកJeff Daigle អនុ​ប្រធាន​បេសកកម្ម​ទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​មិន​ធ្វើ​អត្ថាធិប្បាយ​ក្រោយ​ពី​កិច្ច​ប្រជុំ​នេះ​ទេ។

ដោយ​ឡែក​លោក​ Alain Fortin លេខា​ទី១​អម​ស្ថានទូត​បារាំង​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​វីអូអេ​ជា​ខេមរៈភាសា​ថា ​កិច្ច​ប្រជុំ​ស្តី​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។​ ប៉ុន្តែ​លោក​មិន​ផ្តល់​ព័ត៌មាន​លម្អិត​នោះ​ទេ។​

«ពិត​ប្រាកដ​ហើយ​គឺ​ជជែក​អំពី​ស្ថានភាព​នយោបាយ»។

កាល​ពី​ថ្ងៃ​សុក្រ​ អ្នកនាំ​ពាក្យ​រង​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ស្រី ម៉ារី ហាហ្វ (Marie Harf) បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​បាញ់​សម្លាប់​បង្រ្កាប​បាតុករ​នៅ​ប្រទេស​កម្ពុជា​ ហើយ​សហរដ្ឋ​អាមេរិក​ថ្កោល​ទោស​ចំពោះ​ការ​ប្រើប្រាស់​ហិង្សា​នេះ។

ដោយ​ឡែក​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក​សូរិយា ប្រាសាទ ស៊ូបេឌី ក៏​បាន​សម្តែង​ការ​សោកស្តាយ​និង​ព្រួយ​បារម្ភ​ចំពោះ​ហេតុការណ៍​ដូច​គ្នា​នេះ​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG