កាលពីថ្ងៃអង្គារ ពួកកម្មករបានចាប់ផ្តើមរុះរើជំរំព្រៃស្បាតដែលភាសាអង់គ្លេសហៅថា Jungle camp នៅក្នុងក្រុង Calais នៃប្រទេសបារាំងដែលជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលបារាំងដើម្បីបំបាត់អ្វីដែលបានក្លាយទៅជានិមិត្តរូបមួយនៃវិបត្តិជនភៀសខ្លួននៃទ្វីបអឺរ៉ុប។
ពួកជនចំណាកស្រុករាប់រយនាក់បានឡើងជិះឡានក្រុង នៅក្នុងថ្ងៃទីពីរនៃកិច្ចប្រតិបត្តិការធំមួយដើម្បីបញ្ជូនមនុស្សប្រមាណ៦ពាន់នាក់ឱ្យទៅរស់នៅជាថ្មីនៅក្នុងមជ្ឈមណ្ឌលជនភៀសខ្លួននៅកន្លែងឯទៀតក្នុងប្រទេសបារាំង។
មនុស្សជាង១៩០០នាក់បានចាកចេញពីជំរំនេះកាលពីថ្ងៃចន្ទ នៅមុនពេលមានការបំផ្លាញទីជម្រក និងកន្លែងបរិភោគអាហារបណ្តោះអាសន្ននៅក្នុងជំរំនេះ។ មានយុវជនអាយុតិចជាង១៨ឆ្នាំយ៉ាងតិចណាស់៨០០នាក់បានរស់នៅជាបណ្តោះអាសន្ននៅក្នុងកុងតាន័រសម្រាប់ដាក់ទំនិញក្នុងកប៉ាល់នៅក្នុងផ្នែកមួយនៃជំរំនេះ ដែលក្រុមគ្រួសារជាច្រើនធ្លាប់រស់នៅទីនោះ។
លោក Stephane Duval នាយកនៃមជ្ឈមណ្ឌលនេះបាននិយាយថាមានយុវជន៤០០នាក់បានត្រូវបញ្ជូនមកកាន់ទីនេះកាលពីថ្ងៃអង្គារ ដោយមានគោលដៅផ្តល់កន្លែងស្នាក់អាស្រ័យសម្រាប់ពួកយុវជនអាយុតិចជាង១៨ឆ្នាំចំនួន១ពាន់នាក់មិនឱ្យហួសពីដំណាច់ថ្ងៃអង្គារនេះ។
លោករដ្ឋមន្ត្រីមហាផ្ទៃបារាំង Bernard Gazeneuve បានមានប្រសាសន៍ថា ពួកយុវជនអាយុតិចជាង១៨ឆ្នាំទាំងអស់ដែលមានគ្រួសារក្នុងប្រទេសអង់គ្លេស នឹងត្រូវផ្ទេរទៅកាន់ប្រទេសអង់គ្លេសដោយឆ្លងកាត់ច្រកសមុទ្ររវាងប្រទេសបារាំងនិងប្រទេសអង់គ្លេស។
ប្រទេសអង់គ្លេសបានទទួលយកពួកយុវជនជំទង់ជិត២០០នាក់កាលពីសប្តាហ៍មុន ក៏ប៉ុន្តែការផ្ទេរមនុស្សត្រូវបានផ្អាកជាបណ្តោះអាសន្នកាលពីថ្ងៃចន្ទ៕