ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនភៀស​ខ្លួន​និង​អន្តោប្រវេសន៍​ខ្មែរ​ម្នាក់​ទទួល​ជោគជ័យ​ក្នុង​ជីវិត​ច្រើន​ចេញ​ពី​ការតស៊ូ ៤០ឆ្នាំ​នៅ​អាមេរិក


លោក ទន់ សុវណ្ណ ជា​ប្រធាន​ពុទ្ធិក​សមាគម​ខ្មែរ​នៃ​វត្តពុទ្ធិការ៉ាម នៅក្នុង​រដ្ឋ ម៉ារីលែនដ៍ (Maryland) ធ្វើ​បដិសណ្ឋារកិច្ច​សម្តេច​ប៉ាប ហ្រ្វង់ស៊ីស នៅ​វិមាន​វ៉ាទីកង់​ក្នុង​ទីក្រុង​រ៉ូម នៅ​ខែមិថុនា ឆ្នាំ២០១៥។ (រូបថត៖ វិមានវ៉ាទីកង់/ទន់ សុវណ្ណ)
លោក ទន់ សុវណ្ណ ជា​ប្រធាន​ពុទ្ធិក​សមាគម​ខ្មែរ​នៃ​វត្តពុទ្ធិការ៉ាម នៅក្នុង​រដ្ឋ ម៉ារីលែនដ៍ (Maryland) ធ្វើ​បដិសណ្ឋារកិច្ច​សម្តេច​ប៉ាប ហ្រ្វង់ស៊ីស នៅ​វិមាន​វ៉ាទីកង់​ក្នុង​ទីក្រុង​រ៉ូម នៅ​ខែមិថុនា ឆ្នាំ២០១៥។ (រូបថត៖ វិមានវ៉ាទីកង់/ទន់ សុវណ្ណ)

លោក ទន់ សុវណ្ណ ​បាន​ថ្លែង​ថា​ លោក​យល់​ស្រប​ថា​ រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​ដើម្បី​ប្រឆាំង​នឹង​ក្រុម​ភេរវករ​ ប៉ុន្តែ​សកម្មភាព​ទាំង​នោះ​ មិន​គួរ​ដើរ​រំលង​ប្រវត្តិសាស្ត្រ​ដ៏​យូរ​អង្វែង​របស់​ប្រទេស​នេះ​ដែល​បាន​ជួយ​ដល់​ជន​ភៀស​ខ្លួន​និង​ស្វាគមន៍​ជន​អន្តោ​ប្រវេសន៍​ផង​ដែរ។​

ពលរដ្ឋ​ខ្មែរម្នាក់​ ដែល​មករៀន​នៅសរអា​នៅក្នុង​ឆ្នាំ​១៩៦២​ គឺ ​លោក ​ទន់ សុវណ្ណ ​បាន ក្លាយជា​ជនភៀសខ្លួន​ ហើយនឹង​ក្រោយមក​ក្លាយជា​ជនអន្តោ​ប្រវេស​នៅក្នុង​ប្រទេស អាមេរិក។ ​ លោក​បាន​សម្រេច​គោល​បំណង​ជាច្រើន​របស់លោក ​ក្នុងរយៈ​ពេល​ ៤០ ឆ្នាំ​កន្លងមក​លើទឹកដី​អាមេរិក។​ ក្នុងនោះ​មាន​ដូចជា​ការ​ជួយ​សហគម​ខ្មែរ​ជាច្រើន​បែប បានជួយ​ជនអន្តោ​ប្រវេស​ខ្មែរ ​បាន​ជួយបង្កើត​វត្តអារាម​ បានជួយ​បំពេញ​កិច្ចការ សំខាន់ៗ ​ក្នុងរដ្ឋការ​អាមេរិកាំង​ បាន​ជួយផ្នែក​ទំនាក់ទំនង​ជាមួយ​នឹង​ជាតិ​សាសន៍ ដ៍ទៃ ​និងកិច្ចការ​ផ្សេងៗ​ទៀត។​ លោក​ សុខ ខេមរា ​នៃ VOA​ បានជួប​សម្ភាស​លោក បណ្ឌិត​ ទន់ សុវណ្ណ​កាលពីដើម​ខែកញ្ញា​នៅក្នុងវត្ត ​ពុទ្ធិការាម ​ក្នុងក្រុង ​Silver ​Springs រដ្ឋ ​Maryland។ ​ លោក​សុវណ្ណ​ក្នុងវ័យ​ជាង​៧០ឆ្នាំ ​បានថ្លែង​ថា ​ក្តីប្រាថ្នា​សំខាន់​មួយ ទៀត​របស់លោក​គឺការ​ចង់ឃើញ​រដ្ឋាភិបាល​ស.រ.អា​ យក​ចិត្តទុក​ដាក់នឹង​ពុទ្ធសាសនាបន្ថែម​ទៀត ​ដោយ​អនុញាតិ​ឲ្យមាន​ការរៀបចំ​ពិធីបុណ្យ​ វិសាខបូជា​ក្នុង​សេតវិមាន​ដូច សាសនា​ដ៏ទៃ។

កាល​ពី​ជាង​៤០ឆ្នាំ​មុន​ លោក​ ទន់​ សុវណ្ណ​ ដែលមាន​ស្រុក​កំណើត​នៅខេត្ត​បាត់​ដំបង នោះ​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ ក្នុងនាមជា​និស្សិត​មួយ​រូប។​

នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​សង្គ្រាម​និង​ភាព​វឹកវរ​ លោក​ ទន់​ សុវណ្ណ​ បាន​ជ្រក​កោន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជា​ជន​ភៀស​ខ្លួន​ហើយ​កសាង​ជីវិត​របស់​លោក​ជា​ជន​អន្តោប្រវេសន៍​មួយ​រូប។​

លោក​បាន​បន្ត​បម្រើ​ការ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​និង​រដ្ឋាភិបាល​ក្នុង​ស្រុក​ជាង​ ៣៥ឆ្នាំ​នៅ​ក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​ ហើយ​លោក​បាន​ចូល​រួម​នៅ​ក្នុង​ក្រុមអង្គការ​ផ្នែក កិច្ចការ​សង្គម​ជា​ច្រើន ​ដើម្បី​លើក​កំពស់​ជំនឿ​តាមបែប​ព្រះពុទ្ធ​សាសនា​ ការ​ពិភាក្សា​សាសនា​ និង​កិច្ច​ការ​អន្តោ​ប្រវេសន៍។

លោក​បាន​ជួប​ជាមួយ​នឹង​សម្តេច​ប៉ាប​ចំនួន​ពីរ​ដង។

លោក​ ទន់​ សុវណ្ណ​ បាន​ចាត់​ទុក​សហរដ្ឋ​អាមេរិក​ ដែលជា​ប្រទេសទទួល​លោកឲ្យ​ជ្រកកោណ​នេះ ​គឺ​ជា​ប្រទេស​ដ៏​ពិសេស​មួយ។​ នេះ​ជា​ការ​ថ្លែង​របស់​លោក​ ទន់​ សុវណ្ណ​ដែល​បាន​ប្រាប់​ដល់​ VOA ភាសា​ខ្មែរ​នៅ​ក្នុង​បទ​សម្ភាស​នា​ពេល​ថ្មីៗ​នេះ​ ដោយ​ពន្យល់​ថា​ អាមេរិក​ត្រូវ​បាន​កសាង​ឡើង​ដោយ​ជន​អន្តោ​ប្រវេសន៍​ដោយ​ផ្អែក​លើ​គោល​ការណ៍​សេរីភាព​ ការ​ផ្តល់​ជម្រក​ និង​ការ​ផ្តល់​ឱកាស។​

លោក​បាន​ថ្លែង​ថា៖

«ប៉ុន្តែយើង​កុំភ្លេចថា​សរអា​នេះ ​វាមាន​គោល​ការណ៍»។

បច្ចុប្បន្ន​នេះ​លោក​ទន់​ សុវណ្ណ ​ដែល​ស្ថិត​ក្នុង​វ័យ​ជាង៧០ឆ្នាំ​ ​និងនៅតែ​ជា​មេដឹកនាំ​សហគមន៍​ដ៏​សកម្ម​មួយ​រូប​ លោក​ជឿ​ថា​ សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​ជា​ប្រទេស​ដែល​ពោរពេញ​ដោយ​ឱកាស​ ហើយ​អាមេរិក​មិន​ដែល​បោះបង់​នូវ​គោល​ការណ៍​ជា​ប្រទេស​ផ្តល់​ជម្រក​ដល់​អ្នក​ដែល​មិន​អាច​រស់​នៅ​ក្នុង​ប្រទេស​កំណើត​ដូច​ជា​រូប​លោក​នោះ​ទេ។

លោក ទន់ សុវណ្ណ (កណ្តាល) ឈរ​ជាមួយ​ម្តាយ ប្អូន​ស្រី​ពីរនាក់ និង​ប្អូនថ្លៃ​ប្រុស​ម្នាក់​របស់​លោក។ រូបថត​នេះ បាន​ថត​នៅ​ខាងមុខ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង នៅឆ្នាំ ១៩៦២ មុន​ពេល​ដែល​លោក ចាកចេញ​ពី​ប្រទេស​កម្ពុជា​មក​សហរដ្ឋ​អាមេរិក។ (រូបថត៖ ទន់ សុវណ្ណ)
លោក ទន់ សុវណ្ណ (កណ្តាល) ឈរ​ជាមួយ​ម្តាយ ប្អូន​ស្រី​ពីរនាក់ និង​ប្អូនថ្លៃ​ប្រុស​ម្នាក់​របស់​លោក។ រូបថត​នេះ បាន​ថត​នៅ​ខាងមុខ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង នៅឆ្នាំ ១៩៦២ មុន​ពេល​ដែល​លោក ចាកចេញ​ពី​ប្រទេស​កម្ពុជា​មក​សហរដ្ឋ​អាមេរិក។ (រូបថត៖ ទន់ សុវណ្ណ)

សារ​របស់​លោក​ ទន់​ សុវណ្ណ​ បាន​លាន់​ឮ​កង​រំពង​នៅ​ក្នុង​សហរដ្ឋអាមេរិក​ កន្លែង​ដែល​បញ្ហា​អន្តោ​ប្រវេសន៍​បាន​ក្លាយ​ជា​បញ្ហា​មួយ​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​នៅ​ក្នុង​ឆ្នាំ​២០១៦​ ហើយ​ស្រប​ពេល​ដែល​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ ត្រៀម​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​សកល​កំពូល​មួយ​នៅ​ក្នុង​ទីក្រុង​ New York នៅ​ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ខាង​មុខ​នេះ​ ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្តិ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ពិភព​លោក។

លោក​ អូបាម៉ា​ ចង់​ឲ្យ​មេដឹកនាំ​ពិភព​លោក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ ដែល​ធ្វើ​ឡើង​ទន្ទឹមគ្នា ​នឹង​កិច្ច​ប្រជុំ​មហាសន្និបាត​របស់​អង្គ​ការ​សហ​ប្រជាជាតិ​លើកទី​៧១​ ដើម្បី​បង្កើន​មូលនិធិ​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មនុស្ស​ធម៌​ សម្រាប់​ជួយ​ដល់​ជន​ភៀសខ្លួន​ ដើម្បីបង្កើន​ការ​ផ្តល់​ការ​តាំង​ទី​លំនៅ​ជា​ថ្មី​ដល់​ជន​ភៀស​ខ្លួន​ និង​ផ្តល់​ឱកាស​ឲ្យ​បាន​ច្រើន​ជាង​មុន​ដល់​អ្នក​ដែល​ចង់​ស្វែក​រក​សិទ្ធិ​ជ្រក​កោន។​

លោកស្រី​ Samantha Powers ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំនៅ​អង្គការ​សហប្រជាជាតិ​ ដែល​លោក​ស្រី​ក៏​ជាជន​អន្តោ​ប្រវេសន៍​មួយ​រូប​ផង​ដែរ​នោះ​ បាន​ថ្លែង​នៅ​ក្នុង​សន្ទរកថា​មួយ​កាល​ពី​ខែ​មិថុនា​ថា៖«កិច្ច​ប្រជុំ​កំពូល​នោះ​មិន​មែន​ជា​ថ្នាំកែ​រោគ​នោះ​ទេ‍»។​ លោកស្រី​បាន​ថ្លែងថា៖

«បើ​ទោះ​បី​ជាយើងដោះស្រាយ ​ចំ​គ្រប់​គោល​ដៅ​ក៏​ដោយ​ ក៏​ការ​ឆ្លើយ​តប​របស់យើង​នៅ​តែ​មិន​អាច​ទប់​ទល់​នឹងទំហ៊ុំនៃ​វិបត្តិ​ដ៏ធំ​ទាំង​នោះ​បានដែរ។​ ប៉ុន្តែ​ដំណោះ​ស្រាយ របស់​យើង ​អាច​តំណាង​ឲ្យ​ជំហាន​មួយ​ គឺ​ជំហាន​ដ៏​សំខាន់ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​លើធនធានពី​បណ្តា​ប្រទេស​នានា ​ដែលការណ៍នោះ​ជា​ផ្នែក​នៃ​ដំណោះ​ស្រាយ‍»។​

ប្រធានបទ​ ជន​ភៀស​ខ្លួន​និង​អន្តោ​ប្រវេសន៍​បាន​ក្លាយ​ជា​ប្រធានបទ​មិនចុះសម្រុងគ្នា​មួយក្នុងប្រទេស​អាមេរិក។​

ពួក​គណបក្ស​សាធារណរដ្ឋ​បាន​រិះគន់​គម្រោងការ ​របស់​រដ្ឋបាល​លោក​អូបាម៉ា​ ក្នុង​ការ​ផ្តល់​ជម្រក​ដល់​ជនភៀស​ខ្លួន​ស៊ីរី​ចំនួន​ មួយ​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​សារពើពន្ធ​នេះ​ ដោយ​លើក​ឡើង​ថា​ វា​អាច​បង្ក​ហានិភ័យដល់​ពលរដ្ឋ​អាមេរិកាំង​ដោយ​អំពើ​ភេរវកម្ម។

ពី​ឆ្វេង​ទៅ​ស្តាំ៖ លោក ទន់ សុវណ្ណ លោក ម៉ាទីន ចេ អូម៉ាលី Martin J. O'Malley អតីត​អភិបាល​រដ្ឋ​ម៉ារីលែនដ៍ (Maryland) និង​អ្នកស្រី ង៉ោ យក់បៀន ថត​នៅ​ឆ្នាំ​២០១២ នៅ​គេហដ្ឋាន​របស់​លោក​អភិបាល​រដ្ឋ ដែល​លោក​ស្នាក់​នៅក្នុង​ពេល​លោក​កាន់​តំណែង​ជា​អភិបាល​រដ្ឋ។ (រូបថត៖ ទន់ សុវណ្ណ)
ពី​ឆ្វេង​ទៅ​ស្តាំ៖ លោក ទន់ សុវណ្ណ លោក ម៉ាទីន ចេ អូម៉ាលី Martin J. O'Malley អតីត​អភិបាល​រដ្ឋ​ម៉ារីលែនដ៍ (Maryland) និង​អ្នកស្រី ង៉ោ យក់បៀន ថត​នៅ​ឆ្នាំ​២០១២ នៅ​គេហដ្ឋាន​របស់​លោក​អភិបាល​រដ្ឋ ដែល​លោក​ស្នាក់​នៅក្នុង​ពេល​លោក​កាន់​តំណែង​ជា​អភិបាល​រដ្ឋ។ (រូបថត៖ ទន់ សុវណ្ណ)

កាល​ដើម​ទសវត្សរ៍​ ១៩៧០​ លោក​ ទន់​ សុវណ្ណ​គឺ​ជា​និស្សិត​អាហារូបករណ៍​មក​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ក្រោយ​មក​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​សង្គ្រាម​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​ លោក​បាន​ក្លាយ​ជា​ជន​ភៀសខ្លួន។​ ហើយ​បច្ចុប្បន្ន​នេះ​ក្នុង​នាម​រូប​លោក​ជា​ពលរដ្ឋ​អាមេរិកាំង​មួយ​រូប​ដែល​រស់នៅ​ទីនេះ​អស់រយៈ​ពេល​៤០ឆ្នាំ លោក ​ទន់ សុវណ្ណ ​យល់​អំពី​ការ​ជជែក​ដេញ​ដោល​លើ​បញ្ហា​នេះ​តាម​រយៈ​បទ​ពិសោធន៍​របស់​រូប​លោក​ដោយ​ផ្ទាល់​តែ​ម្តង។​

លោក​បាន​ថ្លែង​ថា​ លោក​យល់​ស្រប​ថា​ រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​ដើម្បី​ប្រឆាំង​នឹង​ក្រុម​ភេរវករ​ ប៉ុន្តែ​សកម្មភាព​ទាំង​នោះ​ មិន​គួរ​ដើរ​រំលង​ប្រវត្តិសាស្ត្រ​ដ៏​យូរ​អង្វែង​របស់​ប្រទេស​នេះ​ដែល​បាន​ជួយ​ដល់​ជន​ភៀស​ខ្លួន​និង​ស្វាគមន៍​ជន​អន្តោ​ប្រវេសន៍​ផង​ដែរ។​

សហរដ្ឋ​អាមេរិក​បាន​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍ​ដោយ​សារ​តែ​ជន​អន្កោប្រវេសន៍​ នេះ​បើ​យោង​តាម​លោក​ ទន់​ សុវណ្ណ​ដែល​បាន​ប្រាប់​ VOA។​

ថ្លែង​ទៅ​កាន់​ VOA ភាសាខ្មែរ​ នៅ​ឯ​វត្ត​ព្រះពុទ្ធ​សាសនា​នៅ​ឯ​រដ្ឋ​ Maryland ដែល​លោក​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​នៅ​ទី​នោះ​ លោក​បាន​ចែក​រំលែក​រឿង​រ៉ាវ​នៃ​ភាព​រើសអើងមក​លើ​ជន​ភៀស​ខ្លួន​កម្ពុជា​កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន​នៅ​ក្នុង​រដ្ឋ​ Virginia។

កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហគមន៍​កម្ពុជា​ក្រោម​ដើម្បី​បង្កើត​ឲ្យ​មាន​វត្តកម្ពុជា​ក្រោម​មួយ​ត្រូវ​បាន​រារាំង​ដោយ​ស្ត្រី​ម្នាក់ក្នុង​កិច្ច​ប្រជុំមួយ។​ លោក​ ទន់​ សុវណ្ណ​ បាន​ថ្លែង​ថា​ ស្ត្រី​ម្នាក់​នោះ​បាន​ថ្លែង​ប្រឆាំង​នឹង​ការ​សាង​សង់​វត្ត​នោះ​ ដោយ​និយាយ​ថា​ខ្លួន​មិន​ចង់​ឲ្យ​មាន​ជន​អន្តោ​ប្រវេសន៍​នៅ​ក្នុង​តំបន់​របស់​គាត់​នោះ​ទេ។​

លោក​ ទន់​ សុវណ្ណ​ បានគិតក្នុងចិត្ត​ថា​ បើ​ទោះ​បី​ជា​អ្នក​ស្រី​មិន​មែន​ជា​ជន​អន្តោ​ប្រវេសន៍​នា​ពេល​ឥឡូវ​នេះ​ក៏​ដោយ​ អ្នកស្រីនោះ​បាន​ភ្លេច​ហើយ​ថា​ ឪពុក​ម្តាយ​របស់​អ្នកស្រី​ក៏​ជា​ជន​អន្តោ​ប្រវេសន៍​ផង​ដែរ។​

លោក​បាន​ថ្លែង​បន្ត​ថា​ ការ​ជ្រោម​ជ្រែង​របស់​ជន​អន្តោ​ប្រវេសន៍​ដល់​សហរដ្ឋ​អាមេរិក​គួរ​ត្រូវ​បាន​គេ​ផ្តល់​តម្លៃ​ មិន​មែន​មើល​ស្រាល​នោះ​ទេ។

ពី​ឆ្វេង​ទៅ​ស្តាំ៖ អភិបាល​រដ្ឋ​ម៉ារីលែនដ៍ (Maryland) លោក ឡារី ហូហ្កាន (Larry Hogan) លោក ទន់ សុវណ្ណ និង​លោកស្រី យុមី ហូហ្កាន ភរិយា​របស់​លោក​អភិបាលរដ្ឋ​លោក ឡារី ហូហ្កាន (Larry Hogan)។ រូបថត​នេះ ថត​នៅ​ឆ្នាំ ២០១៥ នៅ​គេហដ្ឋាន​របស់​លោក​អភិបាល​រដ្ឋ ដែល​លោក​ស្នាក់​នៅក្នុង​ពេល​លោក​កាន់​តំណែង​ជា​អភិបាល​រដ្ឋ។ (រូបថត៖ ទន់ សុវណ្ណ)
ពី​ឆ្វេង​ទៅ​ស្តាំ៖ អភិបាល​រដ្ឋ​ម៉ារីលែនដ៍ (Maryland) លោក ឡារី ហូហ្កាន (Larry Hogan) លោក ទន់ សុវណ្ណ និង​លោកស្រី យុមី ហូហ្កាន ភរិយា​របស់​លោក​អភិបាលរដ្ឋ​លោក ឡារី ហូហ្កាន (Larry Hogan)។ រូបថត​នេះ ថត​នៅ​ឆ្នាំ ២០១៥ នៅ​គេហដ្ឋាន​របស់​លោក​អភិបាល​រដ្ឋ ដែល​លោក​ស្នាក់​នៅក្នុង​ពេល​លោក​កាន់​តំណែង​ជា​អភិបាល​រដ្ឋ។ (រូបថត៖ ទន់ សុវណ្ណ)

ក្រោយ​ពេល​ដែល​លោក​ទទួល​បាន​សញ្ញា​ប័ត្រ​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​នៅ​ឯ​សកល​វិទ្យាល័យ​ Tennessee ឆ្នាំ​១៩៧៩ ​លោក​ ទន់​ សុវណ្ណ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​និង​ធ្វើ​ការ​ឲ្យ​គណកម្មាធិការ​ផ្តល់​ឱកាស​ការងារ​ស្មើ​គ្នា​របស់​អាមេរិក​ Equal Employment ​Opportunity​ Commission ​(EEOC)​ ដែល​ជា​ទីភ្នាក់​ងារ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ទទួល​ខុស​ត្រូវ​ខាង​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​រើស​អើង​នៅ​ក្នុង​កន្លែង​ការងារ។​

ក្នុង​ពេល​ទំនេរ​ លោក​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​ និង​ជន​ភៀសខ្លួន​សាសន៍ដទៃ​ទៀត​ដែលមក​កាន់​សហរដ្ឋអាមេរិក​ ហើយនឹង​ជួយលើក​កំពស់​យល់ដឹង​អំពីសេចក្តី​ជំនឿ​រវាង​គ្នានិងគ្នា។ ​

ក្នុង​ចំណោម​តួនាទី​ជាច្រើន​របស់​លោក​ លោក​គឺ​ជា​ប្រធាន​ពុទ្ធិក​សមាគម​ព្រះពុទ្ធ សាសនា ​ឬ​ Cambodia ​Buddhist​ Society​ នៅ​ក្នុង​ទីក្រុង​ Silver Spring​ រដ្ឋ​ Maryland​ ជា​អនុ​ប្រធាន​បណ្តាញ​ពុទ្ធសាសនិក​នៅ​ក្នុង​តំបន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ ជា​សមាជិក​ស្ថាបនិកមួយ​រូប នៃ​សមាគម​ពុទ្ធ​សាសនិក​អន្តរជាតិ​នៅ​អាមេរិក​ ហើយ​លោក​ក៏​ជា​សមាជិក​ក្រុមប្រឹក្សា​ភិបាល​នៃ ​សន្និសីទ​អន្តរសាសនា​នៅ​ក្នុង​តំបន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ផង​ដែរ។​

សម្តេច​ Pope Francis បាន​អញ្ជើញ​លោក​ ទន់​ សុវណ្ណ​ ទៅ​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​រវាង​សាសនា​ព្រះពុទ្ធ​និង​កាតូលិក ​នៅ​ឯ​វិមាន​ Vatican កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១៥ ហើយ​បី​ខែ​ក្រោយ​មក​លោកត្រូវ​សម្តេច​ប៉ាប​អញ្ជើញលោក​ ម្តង​ទៀត​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ព្រះអង្គ ​ក្នុង​អំឡុង​ពេល​សម្តេច​ប៉ាប​បំពេញ​ទស្សនកិច្ច​ក្នុង​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ខែ​កញ្ញា។​

ក្នុង​នាម​ជា​គណកម្មាធិការ​មួយ​រូប​នៃ​គណកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​និង​ប៉ាស៊ីហ្វិក​អាមេរិកាំង​ប្រចាំ​នៅ​ក្នុង​រដ្ឋ​ Maryland​ តាំង​ពី​ឆ្នាំ​១៩៩៨​មក​ លោក​គឺ​ជា​សមាជិក​មួយ​រូប​ដែល​បាន​បង្កើត​ក្រុម​ប្រឹក្សា​ផ្តល់សិទ្ធិអំណាចសម្រាប់​ជន​អន្តោ​ប្រវេសន៍​ ឬ​ Immigrant Empowerment Council (IEC) នៅ​ក្នុង​តំបន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ ហើយ​លោក​ក៏​ជា​សមាជិក​នាយក​នៃគណៈ​អភិបាល​នៃ​អង្គការ​ Friends of Khmer​ Culture ផង​ដែរ។​

លោក​ យ័ប គឹមទឹង ​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ខ្មែរ​រស់​នៅ​ក្នុង​រដ្ឋ​ Virginia បាន​ថ្លែង​ថា​ លោក​ ទន់​ សុវណ្ណ​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការងារ​របស់​លោក​នៅ​ឯ​វត្ត​ព្រះ​ពុទ្ធ​សាសនា​ហើយ​ក៏​ជា​ចំណុច​ប្រសព្វ​មួយ​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​រវាង​សហគមន៍​ខ្មែរ​និង​រដ្ឋាភិបាល​ផង​ដែរ។​លោក​បាន​ថ្លែង​ថា៖ ​

«ហើយខ្ញុំក៏​ឃើញគាត់​ទៅប្រជុំ​ជាមួយ​ក្រុមទីប្រឹក្សា ​អភិបាល​រដ្ឋ សមាជិក​ព្រឹទ្ធសភា ​និងសមាជិក​សភាផ្សេងៗ​ទៀត ‍» ។

លោក ​គុជ ច័ន្ទលី ​(Schanley Kuch) ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​រដ្ឋ​ Maryland ​បាន​ថ្លែង​ថា​ លោក​ ទន់​ សុវណ្ណ​ ត្រូវ​បាន​ស្គាល់​តាម​រយៈ​សកម្មភាព​របស់​លោក​ក្នុង​ការ​ជួយ​ដល់​ជន​អន្តោ​ប្រវេសន៍​ ពិសេស​គឺ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ក្នុង​ការ​រួប​រួម​សហគមន៍​ខ្មែរ​នានា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​លោក​ Schanly Kuch ​បាន​ថ្លែង​ថា៖

«គាត់យក​ចិត្តទុក្ខ​ដាក់និង​ឈឺឆ្អាល​នឹងសេចក្តី ​ត្រូវការ​របស់​ប្រជា​ពលរដ្ឋ​ផង ​ហើយ​គាត់បំរើ​ខាងផ្នែក​វប្បធម៌​ផង​និងជា​ប្រធាន​ពុទ្ធិកសមាគម​ព្រះពុទ្ធ​សាសនា​នៅរដ្ឋ ម៉ារីឡែន​ផង ‍» ។

លោក​ ទន់​ សុវណ្ណ​បាន​ទទួល​ជោគជ័យ​ក្នុង​រឿង​ជា​ច្រើន​ក្នុង​រយៈ​ពេល​ជាង​ ៤០ឆ្នាំ​ដែល​គាត់​រស់​នៅ​និង​ធ្វើ​ការ​នៅ​ក្នុងសហរដ្ឋអាមេរិក​ក្នុង​នាម​ជា​អ្នក​ធ្វើ​ជាមន្ត្រីរដ្ឋការនិង​ជា​ពលរដ្ឋ​ដ៏​សកម្ម​មួយ​រូប។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​មាន​រឿង​មួយ​ទៀត​ដែល​លោក​ចង់​ធ្វើ​ឲ្យ​បាន​សម្រេច​បំណង​ប្រាថ្នា​របស់លោក។​

លោក​ចង់​ឲ្យ​មាន​ពិធី​បុណ្យ​សាសនា​ព្រះពុទ្ធ​ធ្វើ​ឡើង​នៅ​ឯ​សេតវិមាន​ ដូច​ដែល​សាសនា​ដទៃ​ទៀតត្រូវ​បាន​ផ្តល់​កិត្តិយស​ឲ្យ​ធ្វើ​រួច​មក​ហើយ​ដែរ។​

ជា​រៀង​រាល់​ឆ្នាំ​ លោក​ទន់​ សុវណ្ណ​ថ្លែង​ថា​ លោក​ប្រធានាធិបតី​ អូបាម៉ា​ បាន​ផ្ញើរ​លិខិត​ទៅ​កាន់​សមាគម​ព្រះពុទ្ធ​សាសនា​ ដើម្បី​តំណាង​ឲ្យ​បុណ្យ​វិសាខ​បូជា​អន្តរជាតិ​ ដែល​ប្រារព្ធ​ឡើង​ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ​ប្រសូត្រ​ ត្រាស់ដឹង​ ​និង​ចូល​បរិនិព្វាន។​

លោក​បាន​ថ្លែង​ថា៖

«ប៉ុន្តែ​យើង​មិនចង់​បានត្រឹម(លិខិត)​នេះ​ទេ តែយើង​ចង់ធ្វើ​បុណ្យ​នៅក្នុង​សេត​វិមាន ដូច​ សាសនា​គេដ៏ទៃ​ទៀត​ តែ​ដោយសារ​គាត់​ (លោក​ អូបាម៉ា) ​ត្រូវចប់​អាណត្តិ​ហើយ យើង​នឹងធ្វើ​កិច្ចការ​យ៉ាងម៉េច​ទៅ​ប្រធានាធិបតី​បន្ទាប់​ដើម្បី​ឲ្យបាន​ទៅធ្វើ​បុណ្យ​នៅ សេត​វិមាន ‍»។

លោក​ប្រធានាធិបតី​សរអា​តាមច្បាប់​ត្រូវចប់​អាណត្តិ​ទាំងពីរ​ដែលមាន​រយៈពេល​៨ឆ្នាំ​របស់​លោក​នៅខែ​មករា​ឆ្នាំ​២០១៧ ​ក្រោយ​ប្រធានាធិបតី​ថ្មីរបស់​សរអា​ត្រូវជ្រើស​រើស នៅក្នុង​ការ​បោះឆ្នោត​នៅខែ​វិច្ឆិកា​ខាងមុខ៕

XS
SM
MD
LG