មេដឹកនាំមកពីបណ្ដាប្រទេសនានានៅក្នុងពិភពលោកនឹងជួបប្រជុំគ្នានៅក្នុងទីក្រុងញូវយ៉ក ដើម្បីដោះស្រាយបញ្ហាប្រឈមធំៗពីរនៅក្នុងពិភពលោកគឺបញ្ហាសង្គ្រាមនៅក្នុងប្រទេសស៊ីរី និងវិបត្តិជនភៀសខ្លួនដែលសង្គ្រាមនេះបានបង្កើតឡើង។
មេដឹកនាំទាំងនេះនឹងជួបប្រជុំគ្នានៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ កិច្ចប្រជុំលើកនេះជាកិច្ចប្រជុំលើកចុងក្រោយសម្រាប់លោក Barack Obama ក្នុងឋានៈលោកជាប្រធានាធិបតីសហរដ្ឋអាមេរិក ហើយក៏ជាកិច្ចប្រជុំលើកចុងក្រោយផងដែរសម្រាប់លោក Ban Ki Moon ក្នុងឋានៈលោកជាអគ្គលេខាធិការអង្គការសហប្រជាជាតិដោយលោក Ban Ki Moon នឹងបញ្ចប់អាណត្តិរយៈពេលពេញមួយទសវត្សរបស់លោកនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៦ នេះ។
នៅជុំវិញពិភពលោក មានចំនួនជនភៀសខ្លួន និងជនចំណាកស្រុកទាំងបុរស ស្ត្រី និងកុមារចំនួន ៦៥ លាននាក់។ ពួកគេរត់គេចចេញពីផ្ទះសម្បែង ដោយសារបញ្ហាជម្លោះ បញ្ហាគ្រោះមហន្តរាយធម្មជាតិ ឬដោយសារបញ្ហាភាពក្រីក្រតោកយ៉ាក។
នៅថ្ងៃចន្ទនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងបើកនូវកិច្ចប្រជុំកំពូលពិសេសមួយអំពីស្ថានភាពគ្រោះថ្នាក់របស់ជនភៀសខ្លួនទាំងនោះ ក្នុងគោលបំណងដើម្បីដោះស្រាយមូលហេតុដែលបណ្ដាលឲ្យមានបញ្ហានេះកើតឡើង និងឯកភាពលើកិច្ចព្រមព្រៀងពិភពលោកមួយចំនួនផ្សេងទៀតអំពីបញ្ហាជនភៀសខ្លួន និងជនចំណាកស្រុកនៅក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ។
លោក Ban Ki Moon បានប្រាប់អ្នកសារព័ត៌មាននាពេលថ្មីៗនេះថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំនៅថ្ងៃចន្ទនេះ យើងនឹងអាចឯកភាពគ្នាលើគម្រោងនៃការរួមចំណែករបស់យើងទាំងអស់គ្នាចំពោះបញ្ហាជនភៀសខ្លួន និងជនចំណាកស្រុកទាំងនេះ។ គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហានេះបានដោយខ្លួនឯងនោះទេ។ ដូច្នេះ នេះគួរតែជាការទទួលខុសត្រូវ និងការអាណិតអាសូររបស់ប្រទេសទាំងអស់នៅក្នុងពិភពលោក នៅក្នុងការដោះស្រាយបញ្ហានេះ»។
នៅថ្ងៃអង្គារស្អែក លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama នឹងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលអំពីបញ្ហាជនភៀសខ្លួន ជាមួយបណ្ដាមេដឹកនាំមកពីប្រទេសកាណាដា អេត្យូពី អាល្លឺម៉ង់ ហ្ស៊កដានី ម៉ិកស៊ិក និងស៊ុយអែត។
កិច្ចប្រជុំនេះនឹងផ្ដោតលើការបង្កើនថវិកាសម្រាប់ជនភៀសខ្លួន បង្កើតចំនួនជនដែលបានតាំងទីលំនៅថ្មីរួចហើយឲ្យបានទ្វេដង តាមរយៈបណ្ដាញស្របច្បាប់ផ្សេងៗ និងពង្រីកនូវឱកាសការងារ និងឱកាសទទួលបានការអប់រំសម្រាប់ពួកគេ៕