គិតត្រឹមម៉ោង១១អាធ្រាត្រថ្ងៃទី១៥ ខែមីនា នេះ កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន៤ថែមទៀត។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលVOAទទួលបាន។
ក្នុងចំណោមនោះ ពីរនាក់គឺជាជនជាតិខ្មែរឥស្លាមនៅក្នុងខេត្តព្រះវិហារ ដែលម្នាក់មានអាយុ៣៥ឆ្នាំនិងម្នាក់ទៀតមានអាយុ៣៩ឆ្នាំ។ ពួកគេទាំងពីរត្រូវបានរាយការណ៍ថា ទើបតែត្រឡប់មកពីចូលរួមក្នុងពិធីសាសនានៅជិតទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣ ខែមីនា កន្លងទៅនេះ ដែលមានអ្នកចូលរួមឆ្លងវីរុសកូវីដ១៩នេះ។ អ្នកជំងឺទាំងពីរនាក់កំពុងរង់ចាំការព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារ។ នេះបើតាមសេចក្ដីជូនព័ត៌មានដដែលនេះ។
សេចក្ដីជូនព័ត៌មាននេះបានឲ្យដឹងទៀតថា អ្នកឆ្លងវីរុសកូវីដ១៩មា្នក់ទៀតគឺជាបុរសជនជាតិខ្មែរ ដែលទើបតែត្រឡប់មកពីប្រទេសបារាំងវិញ ហើយឥឡូវនេះកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
អ្នកឆ្លងទីបួនគឺជាទារកដែលមានអាយុ៤ខែ ដែលជាកូនរបស់បុរសជនជាតិបារាំងវ័យ៣៥ឆ្នាំម្នាក់ ដែលត្រូវបានរកឃើញថាមានផ្ទុកវីរុសកូវីដ១៩កាលពីមុន ប៉ុន្តែម្ដាយរបស់ទារកនេះមិនមានផ្ទុកវីរុសកូវីដ១៩នោះទេ។ បច្ចុប្បន្ននេះ ទារកនេះកំពុងរង់ចាំការព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។
ឥឡូវនេះ អ្នកឆ្លងវីរុសកូវីដ១៩នេះមានចំនួនជាង១សែន៥ម៉ឺន៦ពាន់នាក់ និងមានអ្នកស្លាប់ចំនួនជាង៥.៨០០នាក់នៅទូទាំងសាកលលោក៕