ប្រទេសកូរ៉េខាងត្បូងបានកំណត់យកខេត្តនៅភាគអាគ្នេយ៍មួយចំនួន ដែលរងការប៉ះពាល់ខ្លាំងដោយសារជំងឺ COVID-19 ជា «តំបន់គ្រោះមហន្តរាយពិសេស» ដោយធ្វើឲ្យខេត្តទាំងនោះអាចទទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ និងជំនួយនានា។ ការកំណត់ដូច្នេះជាទូទៅគឺទុកសម្រាប់តំបន់ណាដែលរងគ្រោះដោយសារខ្យល់ព្យុះ គ្រោះទឹកជំនន់ និងគ្រោះធម្មជាតិជាតិផ្សេងៗ។
ប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងជំងឺ COVID-19 នេះចំនួន ៨.១៦២ ករណី។
នៅក្នុងប្រទេសអូស្ត្រាលីឯណោះវិញ រដ្ឋាភិបាលបានបញ្ជាក់ថា អ្នកធ្វើដំណើរអន្តរជាតិទាំងអស់ដែលធ្វើដំណើរចូលមកក្នុងប្រទេសគឺត្រូវនៅដាច់ដោយឡែកពីគេដោយខ្លួនឯងរយៈពេល ១៤ ថ្ងៃ ហើយកប៉ាល់កម្សាន្តដែលធ្វើដំណើរមកពីកំពង់ផែបរទេសនឹងមិនអនុញ្ញាតឲ្យចូលចតនៅសមុទ្រអូស្ត្រាលីទេ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បាននិយាយនៅថ្ងៃអាទិត្យនេះថា វិធានការទាំងនេះមានបំណងបញ្ឈប់ការឆ្លងរាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេស។
ចំណែកឯប្រទេសអេស្ប៉ាញវិញបានប្រកាសកាលពីថ្ងៃសៅរ៍ថានឹងដាក់កំហិតតឹងតែងលើការធ្វើដំណើររបស់ពលរដ្ឋអេស្ប៉ាញទាំង ៤៦ លាននាក់ ដើម្បីទប់ស្កាត់មិនឲ្យមានការឆ្លងរាតត្បាតនៃជំងឺនេះនៅទូទាំងទ្វីបអឺរ៉ុប។
អេស្ប៉ាញមានអ្នកឆ្លងជំងឺ COVID-19 នេះជាង ៦.៣០០ នាក់ និងអ្នកស្លាប់កើនដល់ ១៩៦ នាក់។ ប្រទេសអេស្ប៉ាញជាប្រទេសដែលមានអ្នកឆ្លងជំងឺនេះច្រើនជាងគេទី ៥ នៅលើពិភពលោក បន្ទាប់ពីប្រទេសចិន អ៊ីតាលី អ៊ីរ៉ង់ និងកូរ៉េខាងត្បូង។
រីឯសហរដ្ឋអាមេរិកវិញ មានអ្នកឆ្លងជំងឺនេះជាង ៣ ពាន់នាក់ និងអ្នកស្លាប់ ៦០ នាក់។
នៅលើពិភពលោក អ្នកឆ្លងជំងឺនេះមានចំនួនជាង ១៥៦.០០០ នាក់៕