ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Joe Biden ​និង​លោក​ស្រី ​Kamala Harris ​ដេញ​ដោលគ្នា​ពាក់​ព័ន្ធ​នឹង​បញ្ហា​រើស​អើង​ជាតិ​សាសន៍


ការ​ជជែក​ដេញ​ដោល​នៃ​បេក្ខជន​ពី​គណបក្ស​ប្រជាធិបតេយ្យ រួម​មានអតីត​អនុប្រធានាធិបតី Joe Biden និង​ លោក​ស្រី Kamala Harris កាល​ពី​ថ្ងៃទី​២៧ មិថុនា ២០១៩។
ការ​ជជែក​ដេញ​ដោល​នៃ​បេក្ខជន​ពី​គណបក្ស​ប្រជាធិបតេយ្យ រួម​មានអតីត​អនុប្រធានាធិបតី Joe Biden និង​ លោក​ស្រី Kamala Harris កាល​ពី​ថ្ងៃទី​២៧ មិថុនា ២០១៩។

អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Joe Biden​ ត្រូវ​បាន​គេ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ​នៅ​អំឡុង​ការ​ជជែក​ដេញ​ដោល​ជា​លើក​ទី​ពីរ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ រវាង​បេក្ខជន​ឈរ​ឈ្មោះ​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

ក៏​ប៉ុន្តែ​គូប្រជែង​ដ៏​សំខាន់​មួយ​របស់​លោក​ ក្នុង​ចំណោម​គូប្រជែង​ផ្សេង​ឯ​ទៀតៗ​ គឺ​សមាជិក​ព្រឹទ្ធ​សភា​លោកស្រី ​Kamala Harris។ ​លោកស្រី​ Harris ​បាន​ចុចសួរ​លោក​ Biden ​អំពី​ទំនាក់​ទំនង​របស់​លោក​ជាមួយ​នឹង​ក្រុម​តំណាងរាស្រ្ត​ដែល​រើសអើង​ពណ៌​សប្បុរ​កាល​ពី​៤​ទសវត្សរ៍​កន្លង​ទៅ​ និង​អំពី​ការ​ប្រឆាំង​របស់​លោក​ទៅ​នឹង​ការ​បង្ខំ​ឲ្យ​យក​រថយន្ត​ដឹក​សិស្ស​ស្បែក​ខ្មៅ​ទៅ​រៀន​នៅ​សាលា ​ដែល​ពី​ដើម​មក​មាន​តែ​សិស្ស​ស្បែក​សរ។

លោកស្រី​ Harris​ ដែល​ជា​តំណាង​រាស្រ្ត​មក​ពី​រដ្ឋកា​លីហ្វញ៉ា​ និង​ជាអតីត​រដ្ឋអាជ្ញា​បាន​និយាយ​ទៅ​កាន់​លោក ​Biden ​ថា៖ «ខ្ញុំ​មិន​ជឿ​ថា ​លោក​គឺ​ជា​មនុស្ស​រើសអើង​ពូជ​សាសន៍​ទេ»។

លោកស្រី​បាន​និយាយ​បន្ត​ថា​ ប៉ុន្តែ​នៅ​ពេល​ស្តាប់​ឮ​អ្វី​ដែល​លោក​បាន​និយាយ​នៅ​ពេល​ថ្មីៗ​នេះ ​អំពី​របៀប​ធ្វើការ​របស់​លោក​ក្នុង​នាម​ជា​សមាជិក​ព្រឹទ្ធសភា​វ័យ​ក្មេង​ម្នាក់​ ជាមួយ​នឹង​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​នៅ​រដ្ឋ​ភាគ​ខាង​ត្បូង​ដែល​រើសអើង​ពណ៌សម្បុរ​ដើម្បី​អនុម័ត​ច្បាប់​នោះ​ វា​គឺ​ជា​ការ​ឈឺ​ចាប់​បំផុត។

លោក​ Biden ​បាន​ឆ្លើយ​តប​ទៅ​លោក​ស្រី ​Harris​ វិញ​ថា៖ «នេះ​គឺ​ជា​ការ​យល់​ខុស​អំពី​តួនាទី​របស់​ខ្ញុំ​ក្នុង​ចំណោម​ក្រុម​ប្រឹក្សា។ ខ្ញុំ​មិន​កោត​សរសើរ​ដល់​ពួក​អ្នក​រើសអើង​ទេ»។

ក៏ប៉ុន្តែ​លោកស្រី ​Harris​ បាន​សង្កត់​សំណួរ​របស់​លោក​ស្រី​ដោយ​ទាមទារ​ឲ្យ​លោក Biden ​ឆ្លើយ ​ដោយ​លោកស្រី​បាន​សួរ​បញ្ជាក់​ថា៖ «តើ​លោក​ទទួល​ស្គាល់​ដែរ​ឬ​ទេ ​ដែល​ថា​ទង្វើ​ប្រឆាំង​ទៅ​នឹង​ការ​យក​រថយន្ត​ទៅ​ដឹក​សិស្ស​ស្បែក​ខ្មៅ​នេះ​គឺ​ជា​ទង្វើ​ខុស​ឆ្គង?»

លោក ​Biden​ បាន​ឆ្លើយ​ការពារ​ការគាំទ្រ​របស់​លោក​ជាយូរ​មក​ហើយ​ចំពោះ​ច្បាប់​សិទ្ធិពលរដ្ឋ​ ប៉ុន្តែ​លោក​មិន​បាន​ពន្យល់​អំពី​ការប្រឆាំង​របស់​លោក​ទៅ​នឹង​ការ​យក​រថយន្ត​ទៅ​ដឹក​សិស្ស​សាលា​នៅ​ក្នុង​រដ្ឋ ​Delaware ​នៅ​ពេល​លោក​ធ្វើ​ជា​តំណាង​រាស្រ្ត​នៅ​ក្នុង​ព្រឹទ្ធ​សភាសហ​រដ្ឋ​អាមេរិក​ទេ។

សេចក្តី​សម្រេច​របស់​តុលាការ​ដែល​បញ្ជា​ឲ្យ​យក​រថយន្ត​ដឹក​សិស្ស​ស្បែក​ខ្មៅ​ដើម្បី​អាច​ឲ្យ​ពួក​គេ​ចូល​រៀន​នៅ​សាលា​ដែល​មាន​តែ​សិស្ស​ស្បែក​ស ​បាន​បង្ក​ឲ្យ​មាន​ការតវ៉ាខ្លាំង​ក្លា​នៅ​តាម​ទីក្រុង​នានា​ កាល​ពី​ទសវត្សរ៍​១៩៧០​ ជាពិសេស​គឺ​ការ​ប្រឆាំង​របស់​ឳពុក​ម្តាយ​ស្បែកស ​ដែល​មាន​កូនរៀន​នៅ​សាលា​ដែល​មាន​សិស្ស​ស្បែកខ្មៅ​ភាគ​ច្រើន​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ៕

XS
SM
MD
LG