អតីតអ្នកការទូត និងជាអ្នកចរចាចំណាប់ខ្មាំងអាមេរិកលោក Bill Richardson បានទៅដល់ប្រទេសមីយ៉ាន់ម៉ាក្នុង«បេសកកម្មមនុស្សធម៌ឯកជនមួយ» ខណៈពេលដែលប្រទេសនេះ កំពុងស្ថិតក្រោមការគ្រប់គ្រងដោយរបបសឹកយោធាអស់រយៈពេល៩ខែហើយ ក្រោយពួកគេធ្វើរដ្ឋប្រហារយោធាមួយ និងបានចាប់ឃុំខ្លួនអ្នកកាសែតអាមេរិកមួយរូបផងដែរ។ នេះបើតាមការលើកឡើងរបស់អង្គការលោក ហើយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។
មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងស្ថានភាពចលាចលចាប់តាំងពីក្រោយថ្ងៃរដ្ឋប្រហារយោធាកាលពីដើមខែកុម្ភៈកន្លងទៅដែលបានទម្លាក់មេដឹកនាំស៊ីវិលលោកស្រី Aung San Suu Kyi។ ដោយមិនអាចបង្ក្រាបក្រុមប្រឆាំងបាន កងកម្លាំងសន្តិសុខរបស់របបយោធាមីយ៉ាន់ម៉ា បានចាប់ផ្តើមធ្វើការបង្ក្រាបដោយការបង្ហូរឈាមទៅលើក្រុមអ្នកតវ៉ាប្រឆាំងដោយបានសម្លាប់ពួកគេអស់ជាង ១.២០០ នាក់ហើយរហូតមកដល់ពេលនេះ។ នេះបើតាមការឲ្យដឹងរបស់ក្រុមអ្នកតាមដានស្ថានភាពក្នុងស្រុកមួយ។
លោក Richardson អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ នឹងពិភាក្សាពីការផ្តល់ជំនួយមនុស្សធម៌ដូចជាវ៉ាក់សាំងជំងឺកូវីដ១៩ គ្រឿងបរិក្ខាពេទ្យ និងជំនួយផ្នែកសុខភាពសាធារណៈចាំបាច់ផ្សេងៗមួយចំនួនទៀត។ នេះបើតាមមជ្ឈមណ្ឌល Richardson ដែលជាអង្គការរបស់លោកដែលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ និងបានប្រកាសពីការធ្វើដំណើររបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យកន្លងទៅ។
សេចក្តីថ្លែងការណ៍នោះ មិនបានបញ្ជាក់ថា តើលោក Richardson នឹងលើកឡើងពីករណីចាប់ខ្លួនអ្នកកាសែតអាមេរិកលោក Danny Fenster ដែលត្រូវបានឃុំខ្លួនដោយរបបយោធាក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីខែឧសភាកន្លងទៅ ហើយដែលត្រូវបានចោទប្រកាន់ពីការលើកទឹកចិត្តឲ្យមានការប្រឆាំងទៅលើក្រុមយោធា និងការពាក់ព័ន្ធខុសច្បាប់របស់លោកដែរ ឬទេ។
អ្នកកាសែតរូបនេះ ជានាយកគ្រប់គ្រងនៃសារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសមីយ៉ាន់ម៉ាដែលមានឈ្មោះថា Frontier Myanmar។ លោកត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិទីក្រុងរ៉ង់ហ្គូន ខណៈពេលលោកប៉ុនប៉ងចាកចេញពីប្រទេសមីយ៉ាន់ម៉ា។
ពេលនេះ លោកកំពុងស្ថិតក្នុងដំណើរការកាត់ក្តី ហើយប្រឈមនឹងការជាប់ពន្ធនាគារចំនួន៦ឆ្នាំ បើរកឃើញថា មានកំហុសទៅលើការចោទទាំងពីរករណីនោះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់មីយ៉ាន់ម៉ា បានរាយការណ៍ថា លោក Richardson មានគម្រោងនឹងជួបមេដឹកនាំរបបយោធា និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត៕