អ្នកកាសែតអាមេរិកាំងម្នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីខែមុនបានបង្ហាញខ្លួននៅតុលាការពិសេសជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ដោយប្រឈមនឹងការចោទប្រកាន់ពីបទធ្វើការដើម្បីបង្កការប្រឆាំងរដ្ឋាភិបាលយោធារបស់ប្រទេសនេះ។
កាសែត Frontier Myanmar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាលោក Danny Fenster ដែលជានិពន្ធនាយកនៃគេហទំព័រនេះបានបង្ហាញខ្លួននៅក្នុងតុលាការពិសេសមួយនៅក្នុងពន្ធនាគារអ៊ីនសេន (Insein) នៅទីក្រុងរ៉ង់ហ្គូនដែលជាកន្លែងគាត់ត្រូវបានឃុំឃាំងតាមការចោទប្រកាន់ពីបទរំលោភក្រមព្រហ្មទណ្ឌរបស់ប្រទេសនេះ។ប្រសិនបើគាត់ត្រូវបានរកឃើញថាមានកំហុស គាត់អាចជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ។ លោក Fenster នឹងត្រូវឡើងសវនាការមួយទៀតនៅថ្ងៃទី១ខែកក្កដា។
កាសែត Frontier Myanmar បាននិយាយថា៖ «គ្មានការផ្តល់ហេតុផលណាមួយសម្រាប់ការចោទប្រកាន់គាត់ទេ។យើងដឹងថាលោក Fenster Danny មិនបានធ្វើអ្វីដែលអាចត្រូវបានចោទប្រកាន់តាមក្រម៥០៥-Aនេះទេ។យើងថ្កោលទោសការឃុំខ្លួនគាត់និងទាមទារឱ្យមានការដោះលែងភ្លាមៗនិងដោយគ្មានលក្ខខណ្ឌ»។
លោក Fenster ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ខែឧសភានៅអាកាសយានដ្ឋានរ៉ង់ហ្គូននៅពេលដែលគាត់ព្យាយាមចាកចេញពីប្រទេសនេះ។
លោក Bryan Fenster បងប្រុសរបស់លោក Fenster បានសរសេរតាមធ្វីតធឺ (Twitter) ថា «មានសកម្មភាពខ្លះ»ក្នុងសំណុំរឿងបងប្អូនប្រុសរបស់លោកប៉ុន្តែបាននិយាយថា«ការខកចិត្តកំពុងតែកើនឡើង»នៅពេលសវនាការបានធ្វើឡើង«ដោយគ្មានការទាក់ទងជាផ្លូវការជាមួយស្ថានទូតអាមេរិកឬក្រុមគ្រួសាររបស់យើង»។
លោកបានត្អូញត្អែរពីការបន្តឃុំខ្លួនបងប្អូនប្រុសរបស់លោកដោយមិនទទួលបានការប្រឹក្សាផ្នែកច្បាប់ឬគ្មានការចោទប្រកាន់ជាផ្លូវការប្រឆាំងនឹងគាត់»។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បាននិយាយនៅថ្ងៃព្រហស្បតិ៍ថាមន្ត្រីរបបយោធានេះបានបដិសេធមិនឲ្យមន្ត្រីកុងស៊ុលចូលជួបលោក Fenster ទេ។
លោក Price បាននិយាយថា៖«យើងកំពុងធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីឲ្យលោកDanny Fenster បានជួបជុំគ្រួសាររបស់គាត់វិញ។យើងទទូចឲ្យអាជ្ញាធរភូមាអនុញ្ញាតឲ្យស្ថានកុងស៊ុលបានជួបគាត់ស្របតាមអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងស្ថានកុងស៊ុលដោយគ្មានការពន្យារពេលនិងដើម្បីធានាឱ្យមានការប្រព្រឹត្តត្រឹមត្រូវចំពោះលោក Fenster ខណៈពេលដែលគាត់នៅជាប់ឃុំឃាំង»។
អ្នកកាសែតជនជាតិអាមេរិកម្នាក់ទៀតគឺលោក Nathan Maung ដែលត្រូវបានឃុំខ្លួនក្នុងខែមីនាពីបទរំលោភលើក្រមព្រហ្មទណ្ឌនេះដែរត្រូវបានដោះលែងកាលពីថ្ងៃច័ន្ទហើយបានចាកចេញពីប្រទេសនេះ។
លោក Price បានបន្ថែមថាសហរដ្ឋអាមេរិកបានស្វាគមន៍«ការដោះលែងលោក Nathaniel Maung និងការវិលត្រឡប់ដោយសុវត្ថិភាពរបស់គាត់នៅសប្តាហ៍នេះ»។
សារព័ត៌មាន AP បានរាយការណ៍កាលពីដើមខែនេះថាអ្នកកាសែតមីយ៉ាន់ម៉ា ២នាក់បានជាប់ពន្ធនាគាររយៈពេល២ឆ្នាំតាមច្បាប់នេះ៕