ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​គូប្រជែង​របស់​លោក Trump លោក Cruz រិះគន់​លោកTrump នៅ​ថ្ងៃ​ចុង​បញ្ចប់​នៃ​សន្និបាត​គណបក្ស​សាធារណរដ្ឋ


សមាជិក​ព្រឹទ្ធសភា លោក Ted Cruz ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និបាត​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​ នៅ​ក្នុង​ក្រុង Cleveland រដ្ឋ Ohio កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។
សមាជិក​ព្រឹទ្ធសភា លោក Ted Cruz ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និបាត​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​ នៅ​ក្នុង​ក្រុង Cleveland រដ្ឋ Ohio កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។

ការ​បែងចែក​គ្នា​ជាជាង​ការ​រួបរួម​គ្នា​កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​សន្និបាត​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​រដ្ឋ Texas បាន​រិះគន់បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ លោក Donald Trump ​ នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នៃ​សន្និបាត​គណបក្សដែល​មាន​រយៈពេល​៤​ថ្ងៃ។ ​

ដោយ​ថ្លែង​ទៅ​កាន់​ប្រតិភូ​ពី​រដ្ឋ​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​សន្និបាត​គណបក្ស ​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុង Cleveland លោក Cruz បាន​និយាយ​ថា លោក​នឹង​បោះឆ្នោត​គាំទ្របេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ លោកស្រី Hillary Clinton ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ទេ ថាតើ​លោក​នឹង​បោះឆ្នោត​ឲ្យ​លោក Trump ឬ​ក៏​អត់។

លោក Cruz បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​មិន​មាន​ទម្លាប់​គាំទ្រ​ឲ្យ​ជន​ណា​ដែល​និយាយ​វាយប្រហារ​មក​លើ​ភរិយា​របស់​ខ្ញុំ និង​អ្នកណា​ដែល​និយាយ​វាយប្រហារ​ឳពុក​របស់​ខ្ញុំ​នោះ​ទេ»។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា លោក​មិន​ធ្វើ​ដូច​ជា​កូនឆ្កែ និង​និយាយ​អរគុណ​ដល់​នរណា​ដែល​និយាយ​មួល​បង្កាច់​ភរិយា​និង​ឳពុក​របស់​លោក​នោះ​ទេ។ ​

ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​ដើម្បី​ទទួល​បាន​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ លោក Trump បាន​និយាយ​វាយប្រហារ​ទៅ​លើ​ភរិយា​របស់​លោក Cruz គឺ​អ្នកស្រី Heidi និង​ឳពុក​របស់​លោក គឺ​លោក Rafael។​

លោក Trump បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​របស់​លោក Cruz លើ​បណ្តាញ​សង្គម Twitter ដោយ​និយាយ​ថា ការ​រួបរួម​គ្នា​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋគឺ​ទទួល​បាន​ជ័យជម្នះ។ ក្រៅពី​មនុស្ស​មួយ​ក្រុមតូច​ដែល​រង​ការ​ចាញ់​យ៉ាង​ធ្ងន់ធ្ងរ​និង​គួរ​ឲ្យ​អាម៉ាស់ គណបក្ស​នេះ​គឺ​មាន​ការ​រួបរួម​គ្នា​ណាស់»។

លោក Cruz គឺ​ជា​គូ​ប្រជែង​ចុងក្រោយ​បង្អស់​របស់​លោកTrump ​នៅ​ក្នុង​ការ​ប្រជែង​ដើម្បី​ទទួល​បាន​ការ​តែងតាំងជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ ដែល​ក្នុង​ពេល​នោះ​លោក Trump បាន​ហៅ​លោក​ Cruz ថា Ted ជា​មនុស្ស​និយាយ​កុហក។ ប៉ុន្តែ​ដូច​សព្វ​មួយ​ដង​ដែរ លោក Cruz បាន​មាន​វត្តមាន​នៅ​ក្នុង​សន្និបាតគណបក្ស​សាធារណរដ្ឋ ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio ដើម្បី​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សមាជិក​គណបក្ស ជាមួយ​នឹង​មនុស្ស​រាប់​លាន​នាក់​មើល​តាម​កញ្ចក់​ទូរទស្សន៍៕​

XS
SM
MD
LG