នៅល្ងាចមុនការប្រជុំមហាសន្និបាតតែងតាំងបេក្ខជនប្រធានាធិបតីស.រ.អាខាងគណបក្សសាធារណរដ្ឋ ការស្ទង់មតិថ្មីៗចំនួនបីកាលពីថ្ងៃអាទិត្យបានបង្ហាញថាលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យ បាននាំមុខជាទៀងទាត់លើលោក Donald Trump ខាងគណបក្សសាធារណរដ្ឋ ទោះបីជាក្រុមអ្នកបោះឆ្នោតអាមេរិកាំងមិនពេញចិត្តនឹងបេក្ខជនទាំងពីរនាក់នេះក៏ដោយ។
ការនាំមុខរបស់លោកស្រី Hillary Clinton ដែលជាអតីតរដ្ឋមន្ត្រីការបរទេសស.រ.អាស្វះស្វែងឲ្យក្លាយទៅជាប្រធានាធិបតីស្ត្រីទីមួយនៃសហរដ្ឋអាមេរិក មានពី៤ភាគរយ ទៅ៧ភាគរយលើស លោក Trump ដែលជាមហាសេដ្ឋី អចលនទ្រព្យមានប្រាក់រាប់ពាន់លានដុល្លារ ដែលមានកំណត់នឹងទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនៅក្នុងសប្តាហ៍នេះនៅក្នុងក្រុង Cleveland រដ្ឋ Ohio តំបន់ពាក់កណ្តាលខាងលិចស.រ.អា។
ការស្ទង់មតិរួមគ្នារបស់បណ្តាញទូរទស្សន៍អាមេរិកាំង ABC News និងកាសែត Washington Post បង្ហាញថា លោកស្រី Clinton នាំមុខលោក Trump ៤៧ ទល់នឹង៤៣ភាគរយ។ ការស្ទង់មតិរួមគ្នារបស់បណ្តាញទូរទស្សន៍អាមេរិកាំងNBC News និងកាសែត The Wall Street Journal បង្ហាញថា លោកស្រី Clinton នាំមុខលោក Trump ៤៦ទល់នឹង៤១ភាគរយ។ ចំណែកឯការស្ទង់មតិរួមគ្នារបស់បណ្តាញទូរទស្សន៍អាមេរិកាំង CNN និងអង្គការ ORC International បង្ហាញថា លោកស្រី Clinton នាំមុខលោក Trump ៤៩ទល់នឹង៤២ភាគរយ។
ក៏ប៉ុន្តែបេក្ខជនទាំងពីរនាក់នេះនៅតែគ្មានប្រជាប្រិយភាពខ្លាំងក្លានៅឡើយ។ ការស្ទង់មតិរួមគ្នារបស់បណ្តាញទូរទស្សន៍អាមេរិកាំង ABC News និងកាសែត Washington Post បង្ហាញថា ៥៨ភាគរយនៃក្រុមអ្នកបោះឆ្នោតនិយាយថា ពួកគេមិនពេញចិត្តទេ ជាមួយការជ្រើសរើសរវាងលោកស្រី Clinton ដែលជាភរិយាលោកអតីតប្រធានាធិបតី Bill Clinton និងលោក Trump ដែលធ្លាប់ធ្វើជាអ្នករៀបចំកម្មវិធីទូរទស្សន៍ស្តីពីជីវិតជាក់ស្តែង។ ការស្ទង់មតិនេះចែងថាអ្នកបោះឆ្នោត ៦៤ភាគរយមិនចូលចិត្តលោក Trump ទេ ហើយ៥៤ភាគរយមានការយល់ឃើញអវិជ្ជមានអំពីលោកស្រី Clinton។
ប៉ុន្តែការស្ទង់មតិនេះបង្ហាញថា លោកស្រី Clinton នាំមុខខ្លាំងលើសលោក Trump អំពីថាតើបេក្ខជនទាំងពីរនាក់នេះមានគុណវុឌ្ឍិជាប្រធានាធិបតីឬទេ ដោយអ្នកបោះឆ្នោត៥៩ភាគរយយល់ឃើញថា លោកស្រី Clinton មានគុណវុឌ្ឍិប្រៀបនឹង៣៧ភាគរយសម្រាប់លោក Trump៕