ថ្ងៃព្រហស្បតិ៍នេះជាថ្ងៃរបស់លោក Donald Trump នៅឯសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ។ បន្ទាប់ពីបានទទួលការសរសើរអស់រយៈពេល៣ថ្ងៃមកពីមនុស្សល្បីៗរបស់គណបក្សហើយនិងបានទទួលការតែតាំងជាផ្លូវការជាអ្នកបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋមក លោក Trump នឹងធ្វើសុន្ទរកថានៅក្នុងទីក្រុង Cleveland រដ្ឋ Ohio។ ពួកគណបក្សសាធារណរដ្ឋបានចាត់ទុកថ្ងៃបញ្ចប់របស់សន្និបាតនោះនៅក្រោមពាក្យស្លោកថា «បង្កើតប្រទេសអាមេរិកឲ្យដូចពីមុនម្តងទៀត»។
ការឯកភាពជាការផ្តោតការយកចិត្តទុកដាក់ដ៏សំខាន់បំផុតសម្រាប់ពួកគណបក្សសាធារណរដ្ឋបន្ទាប់ពីការប្រកួតប្រជែងការបោះឆ្នោតបឋមដែលបានបញ្ចប់ដោយលោក Trump ត្រូវបានជ្រើសរើសឲ្យតទល់នឹងលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតខែវិច្ឆិកា។
អតីតគូប្រកួតប្រជែងកាលពីមុនមានលោក Marco Rubio លោក Chris Christie និងលោក Ben Carson បានទុកការប្រឆាំងរបស់ខ្លួនចោលមួយឡែកហើយបានប្រើប្រាស់សុន្ទរកថារបស់ខ្លួននៅឯសន្និបាតដើម្បីគាំទ្រលោក Trump។ ក៏ប៉ុន្តែ កាលពីថ្ងៃពុធម្សិលមិញ លោក Ted Cruz ដែលជាអ្នកដកខ្លួនចេញចុងក្រោយពីការប្រកួតប្រជែងម្នាក់របស់គណបក្សសាធារណរដ្ឋ បានធ្វើឲ្យមានការស្រែកមិនពេញចិត្តចំពោះការបដិសេធពុំគាំទ្រលោក Trump។
លោក Cruz បាននិយាយថា «ជូនចំពោះអ្នកដែលកំពុងស្តាប់ សូមមេត្តា កុំនៅផ្ទះនៅខែវិច្ឆិកា។ ក្រោកឈរហើយនិយាយហើយនិងបោះឆ្នោតទៅតាមមនសិការរបស់អស់លោកអ្នក។ បោះឆ្នោតឲ្យបេក្ខជនណាដែលអស់លោក អ្នកទុកចិត្តដើម្បីការពារសេរីភាពរបស់យើងហើយនិងស្មោះត្រង់រដ្ឋធម្មនុញ្ញ»។
មួយសន្ទុះក្រោយមក អ្នកដែលតំណាងទីក្រុងញូវយ៉ក បានស្រែកប្រឆាំងលោក Cruz នៅពេលដែលលោក និយាយដោយអ្នកតំណាងទាំងនោះ ទាមទារឲ្យលោកប្រកាសគាំទ្រអ្នកបានទទួលការតែងតាំងរបស់ពួកគេ។
លោក Cruz បានឆ្លើយតបវិញថា «ខ្ញុំសូមអរគុណគណៈប្រតិភូក្រុងញូវយ៉ក»។ ផ្នែកផ្សេងៗទៀតនៃសុន្ទរកថារបស់លោក Cruz មានការលំបាកស្តាប់ព្រោះតែសំឡេងហ្វូងមនុស្ស។
សំឡេងស្រែកមិនពេញចិត្តបានក្លាយទៅជាការសាទរម្តងទៀតនៅពេលដែលលោក Cruz បានដើរចុះពីវេទិកានៅពេលដែលលោក Trump បានលេចចេញពីសាលនោះ។
លោក Trump បានឆ្លើយតបស្ថានភាពនេះបន្តិចក្រោយមក តាមប្រព័ន្ធ Twitter ៕