ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Melania Trump សរសើរ​ស្វាមី​លោកស្រី​ថា​ជា «មេដឹកនាំ​ដ៏​អស្ចារ្យ‍»


បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋលោក Donald Trump បាន​ណែនាំប្រពន្ធរបស់​លោក​ គឺអ្នកស្រី Melania ទៅកាន់​វេទិកា​ដើម្បី​ថ្លែងក្នុង​សន្និបាតជាតិ​របស់​គណបក្ស​សាធារណរដ្ឋក្នុង​ទីក្រុង Cleveland រដ្ឋ Ohio សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៨ កក្កដា​ ២០១៦។
បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋលោក Donald Trump បាន​ណែនាំប្រពន្ធរបស់​លោក​ គឺអ្នកស្រី Melania ទៅកាន់​វេទិកា​ដើម្បី​ថ្លែងក្នុង​សន្និបាតជាតិ​របស់​គណបក្ស​សាធារណរដ្ឋក្នុង​ទីក្រុង Cleveland រដ្ឋ Ohio សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៨ កក្កដា​ ២០១៦។

សន្និបាត​ជាតិ​គណបក្ស​សាធារណរដ្ឋ​នៅ​ថ្ងៃ​អង្គារ​នេះ​ផ្តោត​លើ​បញ្ហា​សេដ្ឋកិច្ច​ បន្ទាប់​ពី​លោកស្រី​ Melania Trump កាល​ពី​ម្សិលមិញ​បាន​ប្រាប់​ទស្សនិកជន​ទូទៅ​ថា​ស្វាមី​របស់​លោកស្រី​ លោក Donal Trump គឺ​ជា «មេ​ដឹកនាំ​ដ៏​អស្ចារ្យ‍​មួយ​រូប‍» និង​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​នាំ​ការ​ផ្លាស់ប្តូរ​មក​ឲ្យ​សហរដ្ឋ​អាមេរិក​បាន។

អ្នក​ឡើង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និបាត​គណបក្ស​សាធារណរដ្ឋ​ក្នុង​ទីក្រុង Cleveland រដ្ឋ Ohioនៅ​ថ្ងៃ​អង្គារ​នេះ រួម​មាន ឥស្សរជន​កំពូលៗ​របស់​គណបក្ស​ដូចជា​ប្រធាន​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​លោក Paul Ryan និង​អតីត​បេក្ខជន​ប្រធានាធិបតី លោក Chris Christie និងលោក Ben Carson ជាដើម។

លោកស្រី Melania Trump បាន​លើក​ឡើង​ថា៖ «ប្រសិនបើ​អ្នក​ចង់​បាន​នរណា​ម្នាក់​ជួយ​តស៊ូ​ចេញមុខ​ជំនួស​អ្នក និង​ប្រទេស​របស់​អ្នក ខ្ញុំ​អាច​ធានា​ថា​លោក Donal Trump គឺ​ជា​បេក្ខជន​ដ៏​សាកសម​បំផុត‍»។

លោកស្រី​ដែល​ជា​ជន​អន្តោប្រវេសន៍​ជាតិ​ស្លូវេនី​មួយ​រូប ដែល​ភាគ​ច្រើន​មិន​ឃើញ​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតី​នោះ បាន​រៀបរាប់​ពី​រឿង​ផ្ទាល់​ខ្លួន​នៅក្នុង​ផ្នែក​ខ្លះ​នៃ​សេចក្តី​ថ្លែង​សុន្ទរកថា​របស់​លោកស្រី។

ប៉ុន្តែ​ការ​លើកឡើង​របស់​លោកស្រី​បាន​ធ្វើ​ឲ្យ​សាធារណជន​មាន​ចម្ងល់​អំពី​ប្រភព​នៃ​ពាក្យសម្តីនេះ បន្ទាប់ពី​អ្នក​កាសែត​បាន​កត់​សម្គាល់​ឃើញ​ថា​ ការ​លើក​ឡើង​នេះ​ស្រដៀង​ទៅ​នឹង​ឃ្លា​មួយ​ដែល​បាន​បញ្ជាក់​ដោយ​លោកស្រី Michelle Obama នៅ​ក្នុង​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ ២០០៨។

លោកស្រី​ភរិយា​លោក Trump បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា៖ «តាំង​ពី​ក្មេង​មក​ម្ល៉េះ ​អ្នក​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ខិតខំ​ប្រឹងប្រែង​តស៊ូ ដើម្បី​សម្រេច​នូវ​អ្វី​ដែល​យើង​ចង់​បាន‍។ ពាក្យ​សម្តី​របស់​អ្នក​គឺជា​កិច្ចសន្យា​របស់​អ្នក ហើយ​អ្នក​ត្រូវ​ធ្វើ​អ្វី​ដែល​អ្នក​និយាយ និង​រក្សា​ពាក្យ​សន្យា​របស់​ខ្លួន។ ហើយ​អ្នក​ត្រូវតែ​គោរព​មនុស្ស​ទូទៅ​ឲ្យ​បាន​ស្មើ​ភាព‍​គ្នា​»។

ឯ​ការ​លើកឡើង​របស់​លោកស្រី Michelle Obama វិញ​ គឺ​គាត់​បាន​រៀបរាប់​ថា៖ «លោក Barack Obama និង​ខ្ញុំ ត្រូវ​បាន​ចិញ្ចឹម​បីបាច់​នៅ​ក្នុង​គុណ​តម្លៃ​ដូច​គ្នា គឺ​ថា អ្នក​ត្រូវតែ​ប្រឹងប្រែង​តស៊ូ​ដើម្បី​សម្រេច​អ្វី​ដែល​អ្នក​ចង់​បាន​ក្នុង​ជីវិត​របស់​អ្នក។ ពាក្យ​សម្តី​របស់​អ្នក​គឺ​ជា​កិច្ចសន្យា​ចង​ខ្លួន​អ្នក ហើយ​អ្នក​ត្រូវ​ធ្វើ​អ្វី​ដែល​អ្នក​បាន​សន្យា​ថា​នឹង​ធ្វើ។ លើស​ពី​នេះ​ទៀត អ្នក​ត្រូវតែ​រាប់អាន​មនុស្ស​រាល់​គ្នា​ដោយ​សេចក្តី​ថ្លៃថ្នូរ និង​ការ​គោរព‍»។

យុទ្ធនាការ​របស់​លោក Trump បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​សេចក្តី​ថ្លែង​សុន្ទរកថា​របស់​អង្គ​សន្និបាត​បក្ស៕

XS
SM
MD
LG