ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ពី​សង្គ្រាម​នឹង​ផ្តល់​សក្ខីកម្ម​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម


លោកស្រី Elizabeth Becker (កណ្តាល) ឈរ​ជាមួយ​លោក ឆាំង យុ នៅ​គណៈប្រតិភូ​មួយ​ឈរ​នៅ​ក្បែរ​រណ្ដៅ​​គ្រាប់​បែក​ B52 នៅ​ជិត​អាកាសយានដ្ឋាន​សាងសង់​ដោយ​ចិន នៅ​ខេត្ត​កំពង់ឆ្នាំងកាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១២។ (Photo by Nhean Socheat)
លោកស្រី Elizabeth Becker (កណ្តាល) ឈរ​ជាមួយ​លោក ឆាំង យុ នៅ​គណៈប្រតិភូ​មួយ​ឈរ​នៅ​ក្បែរ​រណ្ដៅ​​គ្រាប់​បែក​ B52 នៅ​ជិត​អាកាសយានដ្ឋាន​សាងសង់​ដោយ​ចិន នៅ​ខេត្ត​កំពង់ឆ្នាំងកាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១២។ (Photo by Nhean Socheat)

អតីត​អ្នក​កាសែត​ដ៏​ល្បី​ល្បាញ​មួយ​រូប​របស់​សហ​រដ្ឋ​អាមេរិកនឹង​ចូល​ផ្តល់​សក្ខី​កម្ម​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ពិពណ៌នា​អំពី​អ្វីដែលគាត់បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នៅ​រយៈ​ពេល​ចុង​ក្រោយ​នៃ​របប​ខ្មែរ​ក្រហម។

​លោក​ឡាស អល​សិន​ (Lars Olsen)មន្ត្រី​ផ្នែក​ទំនាក់​ទំ​នង​កិច្ច​ការ​ច្បាប់នៃ​សាលាក្តី​ខ្មែរ​ក្រហមបាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​លោក​ស្រី​អេលីហ្សាបែត​ បេកឃើ​ (Elisabeth Becker)​ អតីត​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មានរបស់​កាសែត ​Washington Post ​នឹង​ឡើង​ផ្តល់​សក្ខី​កម្ម​នៅ​ថ្ងៃ​ច័ន្ទ​ទី​៩​ខែ​កុម្ភៈ ​សប្តាហ៍​ក្រោយ​នេះទាក់​ទង​នឹង​អ្វី​ដែល​លោក​ស្រី​បាន​ឃើញ​ដោយ​ផ្ទាល់​នឹង​ភ្នែក​នូវ​របប​ខ្មែរក្រហម​នៅ​ចុង​ឆ្នាំ​១៩៧៨។

លោកស្រី​អេលី​ហ្សាបែត បេកឃើ ​គឺ​ជា​អតីត​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ឲ្យ​កាសែត​Washington Post ​អំពី​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា​ហើយ​លោក​ស្រីបាន​ចូល​មក​ក្នុ​ងប្រទេសកម្ពុជា​ក្នុ​ងអំឡុង​ពេល​នៃ​របប​ខ្មែរក្រហម​នៅ​ខែ​ធ្នូ​ឆ្នាំ​១៩៧៨​ជា​មួយ​នឹង​អ្នក​កាសែត​បរទេស​ម្នាក់ទៀត​ដែល​ពួក​ខ្មែរ​ក្រហមអនុញ្ញាត​ឲ្យ​ចូល​ក្នុ​ងប្រទេស​កម្ពុជាដោយ​សារ​តែ​យល់​ថា​អ្នក​កាសែត​ទាំង​នោះ​បាន​គាំទ្រ​នូវរបប​ថ្មី​របស់​ពួក​គេ។​នៅ​ក្នុ​ង​ពេល​នោះ​លោក​ស្រី​បាន​ជួប​សម្ភាស​ន៍​ជា​មួយ​ប៉ុល ពត ​បង​ធំទី១​និង​ជា​មេស្ថាបនិក​របប​ខ្មែរ​ក្រហមនៅ​ពេល​ដែល​ប៉ុល ពតស្ថិត​ក្នុង​អំណាច។

​លោក ឡាស អល​សិន ​បញ្ជាក់​ថា​ការ​ផ្តល់​សក្ខី​កម្ម​របស់​អ្នក​ស្រី​នឹង​ផ្តល់​សារៈ​សំខាន់​ដល់​ដំណើរការ​នីតិវិធី​របស់​តុលាការ។

«លោកស្រី​អេលីហ្សាបែត​ បេកឃើ ​បាន​សរសេរ​សៀវភៅ​អំពី​របប​ខ្មែរ​ក្រហម​ជា​ច្រើន។ ​ខ្ញុំប្រាកដ​ថា​វាមាន​សារៈសំខាន់ក្នុង​ចំណោម​ភាគី​នានា​និង​សារៈសំខាន់​សម្រាប់​នីតិវិធីដើម្បី​ចោទ​ជា​សំណួរ​ទាក់ទង​នឹង​អ្វី​ដែល​លោក​ស្រី​បាន​ឃើញ​ក្នុង​របប​ខ្មែរក្រហម»។

ពួក​ខ្មែរ​ក្រហម​បាន​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​ទី​១៧​ខែ​មេសា​ឆ្នាំ​១៩៧៥និងបាន​ដួល​រលំ​អំណាច​ទៅ​វិញ​នៅថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​១៩៧៩។​ ក្នុ​ងរយៈ​ពេល​ជិត​បួន​ឆ្នាំ​ក្រោម​ការ​គ្រប់​គ្រង​អំណាច​របស់​របប​កុម្មុយនិស្ត​បែ​ប​ម៉ៅ​និយម​មួយ​នេះ​មាន​ប្រជា​ពល​រដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧លាន​នាក់បាន​ស្លាប់​និង​ត្រូវ​បាន​សម្លាប់។​ បច្ចុប្បន្នអ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៃ​របប​ឃោរឃៅ​នេះចំនួន​ពីរ​នាក់​គឺ​នួន ជា​និង​ខៀវ សំផន​ កំពុង​ស្ថិត​ក្រោម​ការ​កាត់​ទោស។

​លោកស្រី​អេលីហ្សាបែត បេកឃើ ​ក្រោយ​មក​បាន​ធ្វើ​ជា​អ្នក​ឆ្លើយ​ឆ្លង​សម្រាប់​កាសែតThe New York Times។​ លោក​ស្រី​បាន​សរសេរ​សៀវភៅ​មួយ​និយាយ​ពី​របប​ខ្មែរ​ក្រហម​នៅ​ប្រទេស​កម្ពុជា។​សៀវភៅ​បាន​បោះ​ពុម្ព​នៅ​ឆ្នាំ​១៩៨៦​មាន​ចំណង​ជើងថា​«នៅពេលដែល​សង្គ្រាម​បាន​បញ្ចប់» «When the War was Over»។

​លោក ​ឆាំង យុ ​នាយ​ក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ដែល​ជា​មណ្ឌល​ឯកសារ​ស្រាវជ្រាវ​លើ​របប​ខ្មែរ​ក្រហម​ដ៏​ធំ​មួយ​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថាលោកស្រី​បេកឃើ ​ជា​សាក្សី​មាន​សារៈសំខាន់​មួយ​រូប។

«គាត់​ជា​អ្នក​ដែល​បាន​មក​ក្នុង​របប​ខ្មែរក្រហមក្នុង​ពេល​ដែល​ខ្មែរ​ក្រហម​កាន់​កាប់​អំណាច។​ ដូច្នេះ​ខ្ញុំ​គិត​ថា​វា​ផ្តល់​ជា​ទម្ងន់​មួយ​ដល់​សំណុំ​រឿង​ទាំង​មូលពី​ព្រោះ​គាត់​បាន​ឃើញ​ជាក់​ស្តែង។​បាន​មក​ដល់​ទី​ក្រុង​ភ្នំពេញ​។​វា​មាន​សារៈសំខាន់​ព្រោះ​ព័ត៌មាន​ខ្លះ​ដែល​យើង​មិន​បាន​ឃើញ​ផ្ទាល់​ជា​ពិសេស​ចំពោះ​ថ្នាក់​លើ​ ដូច្នេះ​ខ្ញុំ​គិត​ថា​ការ​យក​គាត់​មក​ធ្វើ​ជា​សាក្សី​មាន​សារ​ប្រយោជន៍»។

​សាលា​ក្តី​ខ្មែរ​ក្រហម​បាន​អញ្ជើញ​អ្នក​ជំនាញ​ការ​បរទេស​មួយ​ចំនួន​ឲ្យ​ផ្តល់​សក្ខី​កម្ម​នា​ពេល​កន្លង​មកក្នុង​ប្រយោជន៍​បំពេញ​បន្ថែម​នូវ​ការពិត​ដែល​ជន​ទាំង​នោះ​បាន​ជួប​ប្រទះ​ឬ​បាន​ស្រាវ​ជ្រាវ​ឃើញ។

យ៉ាង​ណា​ក៏ដោយ​បើ​តាម​លោកឆាំង​ យុ ​លោក​ស្រី​អេលីហ្សាបែត បេកឃើ ​មិនមែន​ជា​អ្នក​កាសែត​តែ​ម្នាក់​នោះ​ទេ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុ​ងប្រទេស​កម្ពុជា​ក្នុងរបប​ខ្មែរ​ក្រហម។​អ្នក​កាសែត​ដទៃ​ទៀត​មាន​ដូច​ជា​អ្នក​កាសែត​វៀតណាម​និង​អ្នក​កាសែត​ស៊ុយអែដ ​ជាដើម៕

XS
SM
MD
LG