ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សម្រេច​ចិត្ត​លក្ខណៈ​ផ្តាច់ការ​របស់​ខ្មែរក្រហម​គឺ​រៀន​ពី​ចិន​និង​វៀតណាម


អតីត​គុក​ទួលស្លែង
អតីត​គុក​ទួលស្លែង
រាជធានី​ភ្នំពេញ៖ លោក Philip Short អ្នក​ជំនាញការ​ជនជាតិ​អង់គ្លេស​បាន​ប្រាប់​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ពួក​ខ្មែរក្រហម​បាន​ធ្វើការ​សម្រេច​ចិត្ត​មួយ​ចំនួន​ប្រកប​ដោយ​ការ​ផ្តាច់ការ​តាម​លំនាំ​គណបក្ស​កុម្មុយនិស្ត​នៅ​ប្រទេស​ចិន​ ហើយ​ពួក​កុម្មុយនិស្ត​ខោអាវ​ខ្មៅ​នេះ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​កុម្មុយនិស្ត​វៀតណាម។​

លោក ​Philip Short​ អាយុ​៦៨​ឆ្នាំ​គឺជា​អតីត​អ្នក​កាសែត ​ជា​អ្នក​និពន្ធ​ប្រវត្តិសាស្ត្រ​និង​ប្រវត្តិរូប​បុគ្គល​ផ្សេងៗ​ រួម​ទាំង​រឿងរ៉ាវ​ខ្មែរក្រហម​ផង​ដែរ។​

បច្ចុប្បន្ន​រស់​នៅ​ប្រទេស​បារាំង ​លោក ​Philip Short​ បញ្ជាក់​តាម​រយៈ​អ្នក​បកប្រែ​ភាសា​ថា​ ការ​សម្លាប់​កម្មាភិបាល​ដើម្បី​ធ្វើ​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង​គឺ​ជា​គំរូ​មួយ​នៅ​ក្នុង​បក្ស​កុម្មុយនិស្ត​ចិន។​

«នៅ​ក្នុង​ប្រទេស​ចិន​មាន​លក្ខណៈ​ស្រដៀង​គ្នា​គឺ​ចលនា​បក្សកុម្មុយនិស្ត​ចិន​នៅ​ឆ្នាំ​១៩៣០​នឹង​អ្វី​ដែល​បានកើត​ឡើង​(នៅ​កម្ពុជា)​ក្នុង​ទស​វត្ស​១៩៧០​ ហើយ​ដែល​នៅ​ក្នុង​ប្រទេស​ចិន​នោះ​មាន​សម្ពាធ​ខ្លាំងណាស់​ ដោយ​ការ​ចាប់​ផ្តើម​សម្លាប់​សមាជិក​ខ្លួន​ឯង ​នៅ​ពេល​ដែល​ជួប​នូវ​ស្ថានភាព​ដែល​មាន​លក្ខណៈ​តឹងតែង»។​

លោក ​Philip Short​ ចាប់ផ្តើម​តាមដាន​ការ​វិវត្ត​នៃ​ចលនា​ពួក​ខ្មែរក្រហម​ចាប់​តាំងពី​ទសវត្ស​១៩៧០។ ​លោក​បញ្ជាក់​ថា​ ពួក​ខ្មែរក្រហម​តស៊ូ​ក្នុង​ព្រៃ​ដោយ​មាន​ទំនាក់​ទំនង​ជាមួយ​ចលនា​ទ័ពព្រៃ​វៀតណាម​ដែល​ធ្វើ​ឲ្យ​វៀតណាម​ពិចារណា​ពី​ឥទ្ធិពល​របស់​កងទ័ព​ខ្មែរក្រហម​នៅ​ពេល​នោះ។​

«ចុង​ឆ្នាំ​១៩៧២ ​វៀតណាម​យល់​ឃើញ​ថា ​ខ្មែរក្រហម​មាន​អំណាច​គ្រប់​គ្រាន់​ក្នុង​ការ​គ្រប់គ្រង​តំបន់​ធំ​គួរ​សម​ក្នុង​ប្រទេស​កម្ពុជា​នោះ។​ ហើយ​ពួកគេ​ត្រូវធ្វើ​សេចក្តី​សម្រេច​ថា ​តើ​ពួកគេ​ត្រូវ​បង្ខំ​ឲ្យ​ខ្មែរក្រហម​ធ្វើតាម​ឆន្ទៈ​របស់​ក្រុង​ហាណូយ ​ឬ​ក៏​ត្រូវ​ចាត់ទុក​ខ្មែរក្រហម​ជា​សម្ព័ន្ធមិត្ត»។​

លោ​ស្រី​ចៅក្រម ​Silvia Cartwright ​បាន​សួរ​ដេញដោល​អ្នក​ជំនាញ​អង់គ្លេស​រូប​នេះ ​ភាគច្រើន​អំពី​សៀវភៅ​របស់​លោក​ទាក់ទង​នឹង​មេ​ដឹកនាំ​ខ្មែរក្រហម។​

លោក ​Short ​រៀប​រាប់​ថា​ ការ​ដែល​ពួក​ខ្មែរក្រហម​បង្ខំ​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញនៅ​ពេល​ដែល​ពួក​គេ​ឡើង​កាន់​អំណាច​នោះ​គឺ​ដោយសារ​តែ​ពួក​គេ​ចង់​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​ បំបែក​បណ្តាញ​ខ្មាំង​ដែល​ពួក​គេ​សង្ស័យ។​ ហើយ​ជាមួយ​គ្នា​នោះ ​ពួក​គេ​បាន​ហៅ​អ្នកជំនាញ ​កម្មករ​ឯកទេស​មក​ធ្វើ​ការ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​វិញ។ ​ហើយ​ក្រោយមក​ ពួកគេ​បាន​សម្លាប់​ជន​ទាំង​នោះ។​

របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​ស្តី​បន្ទោស​ថា​ បាន​បង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លាប់​យ៉ាង​តិច​១,៧​លាន​នាក់។​

ការ​ចូល​ផ្តល់​សក្ខីកម្ម​របស់​លោក ​Philip ​Short​ ត្រូវ​លើក​ពេល​ចំនួន​ពីរ​ដង​រួច​មក​ហើយ​ដោយសារ​បញ្ហា​សុខភាព​ជន​ជាប់ចោទ​ និង​បញ្ហា​ថវិកា​នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម។​
អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​គ្រោង​នឹង​អញ្ជើញ​អតីត​អ្នក​កាសែត​អាមេរិកាំង​គឺ​លោក​ស្រី ​Elizabeth Becker និង​អ្នកជំនាញ​អង់គ្លេស​ Stephen Heder ​មក​ចូល​ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​សំណុំ​រឿង​០០២​ ដែល​កំពុង​ដំណើរការ​នេះ​ជា​បន្តទៀត៕
XS
SM
MD
LG