លោក ពេជ្រ ជឹម អតីតគណៈស្រុកត្រាំកក់ ខេត្តតាកែវ បានប្រាប់សវនាការក្នុងសំណុំរឿង០០២វគ្គទី២កាលពីថ្ងៃព្រហស្បតិ៍ថា ប៉ុល ពត មេស្ថាបនិករបបខ្មែរក្រហម និងតា ម៉ុក គណៈភូមិភាគនិរតីប្រចាំនៅខេត្តតាកែវ មានជម្លោះប្រដាប់អាវុធជាមួយគ្នា។
អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមដដែលនេះបញ្ជាក់ថា ជម្លោះបានផ្ទុះឡើងនៅដើមឆ្នាំ១៩៧៩ ហើយនួន ជា បងធំទី២ និង ខៀវ សំផន ប្រមុខរដ្ឋខ្មែរក្រហមមិនបានធ្វើអន្តរាគមន៍ក្នុងរឿងនេះទេ។
«ទីបំផុត តាម៉ុក និងប៉ុល ពតទាស់គ្នា។ មហាយក្សជល់គ្នា។ បងនួន និងបងភាឱបដៃមើល។ មានផ្ទុះអាវុធម៉ាប្រ៉ាវ។ បានទប់ទាន់ទៅប៉ុល ពតប្រគល់អំណាចឲ្យតាម៉ុកទាំងអស់។ ទាំងយោធា ទាំងនយោបាយ ទាំងបក្ស តាម៉ុក ឡើងរៀបចំ»។
កាលពីថ្ងៃពុធ សាក្សីដដែលបានបញ្ជាក់ថា បរាជ័យរបស់ពួកកុម្មុយនិស្តខ្មែរក្រហមគឺដោយសារការកាប់សម្លាប់ផ្ទៃក្នុង។
លោកពេជ្រ ជឹមរៀបរាប់ថា មានការប្រជែងអំណាចគ្នារវាងតាម៉ុក គណៈតំបន់នីរតីដែលក្នុងនោះមានខេត្តតាកែវ និងឈ្មោះស៊ី ដែលជាអនុប្រធានភូមិភាគ និងការបោសសំអាតខ្សែបណ្តាញដទៃទៀតបានធ្វើឲ្យមានការកាប់សម្លាប់ជាប្រព័ន្ធដែលជាលទ្ធផលនៃការបង្កើតឲ្យមានតុលាការកាត់ទោសបទឧក្រិដ្ឋរហូតដល់រាល់ថ្ងៃនេះ។
នៅថ្ងៃព្រហស្បតិ៍នេះសាក្សីដដែលបានបន្តរៀបរាប់បន្ថែមថា មេដឹកនាំយោធាគឺតាម៉ុកមានជម្លោះដណ្តើមអំណាចជាមួយសមមិត្តរបស់ខ្លួន។
«រឿងតាម៉ុក និងជូ ជេតអត់ត្រូវគ្នានាំឲ្យបំបែក(ភូមិ)ភាគឲ្យនៅមួយម្នាក់។ បំបែកហើយសែនៅកំពត (ត្រូវចោទ)ថា ខ្ញុំយួនទាក់ទងខ្សែយួន ហើយត្រូវដកទៅសៀមរាប។ ដល់សៀមរាបចាប់(ខ្លួន)បាត់។ ហើយគ្នាយើងយូរៗទៅ ដណ្តើមគ្នាធ្វើធំ។ ខ្មែរយើងអញ្ចឹង។ ខ្ញុំនិយាយត្រង់ហើយ»។
លោក ថេត សម្បត្តិ សហផលិតករខ្សែភាពយន្តឯកសារអំពីរបបខ្មែរក្រហមរឿងសត្រូវរបស់ប្រជាជនឬ Enemies of People ហើយលោកកំពុងរៀបចំផលិតខ្សែភាពយន្តឯកសារលើកទី២ស្តីពីទំនាស់ផ្ទៃក្នុងរបស់ពួកខ្មែរក្រហមនេះ បានបញ្ជាក់ថា ទំនាស់ផ្ទៃក្នុងរបស់ក្រុមមេដឹកនាំខ្មែរក្រហមបាននាំឲ្យមានការបែកបាក់ចុះខ្សោយនៃរបបដឹកនាំកុម្មុយនិស្តរបស់ខ្លួន។
«សាច់រឿងដែលគាត់និយាយហ្នឹង វាមានចូលមួយផ្នែកខ្លះ។ ការស៊ីជម្រៅ ដូចខ្ញុំបាននិយាយរួចហើយ វាមានជាប់ទាក់ទិននឹងអតីតកម្មាភិបាលខ្មែរក្រហមក្នុងរដ្ឋាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលរាល់ថ្ងៃ និងទាក់ទិននឹងប្រទេសក្រៅ ប៉ុន្តែខ្ញុំសុំមិនបញ្ចេញថា ប្រទេសណាទេ ប៉ុន្តែគឺអ្នកទាក់ទងអស់នោះហើយដែលបង្កឲ្យមានបញ្ហាការកាប់សម្លាប់រង្គាលនៅក្នុងស្រុកខ្មែរយើងហ្នឹងបាទ»។
របបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមត្រូវផ្ដួលរំលំដោយកងទ័ពតស៊ូប្រឆាំងរបស់កម្ពុជា ដោយមានការគាំទ្រពីកងទ័ពវៀតណាមនៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩។
របបកុម្មុយនិស្តខោអាវខ្មៅនេះបានបង្កឲ្យមានការស្លាប់ ការសម្លាប់ប្រជាពលរដ្ឋយ៉ាងតិច១,៧លាននាក់ក្នុងការគ្រប់គ្រងអំណាចជាងបីឆ្នាំ។
មេដឹកនាំខ្ពស់បំផុតនៃរបបខ្មែរក្រហមចំនួនពីរនាក់កំពុងស្ថិតក្រោមការកាត់ទោសក្នុងសំណុំរឿង០០២គឺនួន ជា អតីតប្រធានសភាខ្មែរក្រហម និង ខៀវ សំផន អតីតប្រមុខរដ្ឋ។ ជនជាប់ចោទទាំងពីរត្រូវផ្តន្ទាទោសម្តងហើយឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងការកាត់ទោសលើកទី១៕