ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សារព័ត៌មាន​The Cambodia Daily​ ​ត្រូវ​ប្តឹង​ពី​ការ​ញុះ​ញង់​និង​បំភ័យ​អ្នក​បោះឆ្នោត


រូបភាព​មួយ​ដែល​ត្រូវ​ចែកចាយ​តាម​​បណ្តាញ​ Twitter បង្ហាញ​ពី​​គណនី​ហ្វេសប៊ុក​របស់​​រដ្ឋមន្ត្រី​ព័ត៌មាន លោក ខៀវ កាញារីទ្ធ​ បាន​បង្ហោះ​រូបថត​លិខិត​ឆ្លង​ដែន​របស់​អ្នក​សារព័ត៌មាន​បរទេស​ម្នាក់​នៃ​កាសែត​ The Cambodia Daily។ (រូបថត​ពី​ Twitter)
រូបភាព​មួយ​ដែល​ត្រូវ​ចែកចាយ​តាម​​បណ្តាញ​ Twitter បង្ហាញ​ពី​​គណនី​ហ្វេសប៊ុក​របស់​​រដ្ឋមន្ត្រី​ព័ត៌មាន លោក ខៀវ កាញារីទ្ធ​ បាន​បង្ហោះ​រូបថត​លិខិត​ឆ្លង​ដែន​របស់​អ្នក​សារព័ត៌មាន​បរទេស​ម្នាក់​នៃ​កាសែត​ The Cambodia Daily។ (រូបថត​ពី​ Twitter)

កាល​ពី​ថ្ងៃ​ពុធ​​ ​សប្តាហ៍​កន្លង​ទៅ​ក្លឹប​អ្នក​កាសែត​បរទេស​នៅ​កម្ពុជា​ (Overseas Press Club of Cambodia)​ ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ​ដោយ​បាន​ថ្កោលទោស​ការ​បង្ហោះ​អត្តសញ្ញាណ​របស់​អ្នក​កាសែត​បរទេស​មួយ​រូប​របស់​កាសែត​ The Cambodia Daily​ ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក។​

តុលាការ​ខេត្ត​រតនគិរី​កំពុង​ពិនិត្យ​និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​បណ្តឹង​លើ​អ្នក​យក​ព័ត៌មាន​ពីរ​រូប​របស់​កាសែត​ The Cambodia Daily អំពី​ការ​«ញុះ​ញង់​ និង​គំរាម​កំហែង»​ អ្នក​បោះឆ្នោត​ បន្ទាប់​ពី​ពួក​គេ​បាន​ចុះ​ទៅ​ធ្វើ​សេចក្តី​រាយការណ៍​នៅ​ខេត្ត​នេះ​ទាក់ទិន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់។​ នេះ​បើ​តាមការ​បញ្ជាក់​ពី​មន្ត្រី​តុលាការ​ខេត្ត​និង​ការ​ចុះផ្សាយ​របស់​កាសែត​ The Cambodia Daily​ កាល​ពី​ថ្ងៃ​ច័ន្ទ។​

លោក​ ​ប្រាក់ សឿន​ ​អគ្គលេខាធិការ​រង​នៃ​លេខាធិការ​ដ្ឋាន​តុលាការ​ខេត្ត​ រតនគិរី​ បញ្ជាក់​ប្រាប់​ ​VOA ​នៅ​ថ្ងៃ​ ច័ន្ទ​នេះ​ថា​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​សកម្មភាព​របស់​អ្នកយក​ព័ត៌មាន​របស់​កាសែត​ ​The Cambodia Daily ​បាន​ទៅ​ដល់​តុលាការ​ខេត្ត​ហើយ​ ហើយ​ព្រះរាជអាជ្ញា​កំពុង​ពិនិត្យ​លើ​បណ្តឹង​នោះ។​ លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ ថា​អ្នកយក​ព័ត៌មានទាំង​ពីរ​ នឹង​រង​ការ​ចោទ​ប្រកាន់​ពី​តុលាការ​តាម​មាត្រា​ណា​មួយ​នៃ​ក្រម​ព្រហ្មទណ្ឌ​ប្រទេស​កម្ពុជា​ ឬ​ច្បាប់​ដែល​ពាក់​ព័ន្ធ​ផ្សេង​ទៀត​នៅ​ឡើយ​ទេ។​

លោក​ ប្រាក់ សឿន​បាន​បន្ថែម​ថា៖​

«ចាំមើល​គាត់​សម្រេច​ថា​ម៉េច​ៗ​ ចាំមើលម៉េច​ៗ​ ចាំបង​តេមក​ខ្ញុំ»។​

កាល​ពី​សប្តាហ៍​មុន​ អ្នក​កាសែត​The Cambodia Daily​ ២រូប​គឺ​លោក​ Zsombor Peter ​និង​លោក​ អូន ភាព​ ​បាន​ដើរ​សួរ​ប្រជា​ពល​រដ្ឋ​នៅ​ស្រុក​អូយ៉ាដាវ​ ​ខេត្ត​ រតនគិរី​ អំពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ថា​ តើ​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ ​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​មួយ​ណា​កាល​ពី​ឆ្នាំ​២០១២?​

បន្ទាប់​ពី​ការ​សួរ​នាំ​នោះ​ បណ្តឹង​មួយ​ត្រូវ​បាន​ដាក់​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អូរយ៉ាដាវ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​ឧសភា។​ ពាក្យ​បណ្តឹង​បាន​ចោទ​ថា សកម្មភាព​របស់​អ្នក​សារព័ត៌មាន​ទាំង​២​រូប​ គឺ​ផ្ទុយ​ពី​ច្បាប់​បោះឆ្នោត ​ដែល​កំណត់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប)។​

លោក​ ម៉ា វិចិត្រ​ អភិបាល​ស្រុក​អូយ៉ាដាវ​ ថ្លែង​ប្រាប់​ VOA ​ថា​ អាជ្ញាធរ​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ប្រជាពល​រដ្ឋ​ ហើយ​បាន​ណែនាំ​ ឲ្យ​ពួក​គេ​បញ្ជូន​ពាក្យបណ្តឹង​នោះ​ ទៅ​កាន់​មន្ត្រី​គណៈកម្មាធិការជាតិរៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)។ លោក​ថា​ ​ទាក់ទិន​នឹង​បណ្តឹង​ទៅ​កាន់​តុលាការ​ មាន​តែ​មន្ត្រី​តុលាការ​ប៉ុណ្ណោះ​ដែល​អាច​ដឹង​ដំណើរ​នៃ​ការ​ប្តឹង​ផ្តល់​នោះ។

លោក​ ​ម៉ា វិចិត្រ​ថ្លែង​ ​ថា៖​

«ពាក្យ​បណ្តឹង​ដែល​គាត់​សួរនាំ​មក​ ប្តឹង​មក​ហ្នឹង​គឺ​ យើង​ពន្យល់​គាត់​ដាក់​ទៅ​ខាង​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​នៅ​ថ្នាក់​ឃុំ​។ អីចឹង​ គាត់​ដាក់​មក​ឃុំ​ ហើយ​គណៈកម្មការ​បាន​សម្រប​សម្រួល​ រួច​មួយ​សារ​ហើយ​ រឿង​ហ្នឹង។​ រឿង​ទៅ​តុលាការ​ទាល់​បង​សួរ​ទៅ​តុលាការ​បាន​ដឹង»។​

VOA ​មិនទាន់​អាច​ទាក់​ទង​ លោក​ ជា ពេជ្រ​ ព្រះរាជអាជ្ញា​ នៃ​សាលា​ដំបូង​ខេត្ត​រតនៈគិរី​ ​ដើម្បី​សុំ​សេច​ក្តី​អធិប្បាយ​ បាន​ទេ​ កាលពី​ថ្ងៃ​ច័ន្ទ។

លោកDouglas Steele អ្នក​គ្រប់គ្រង​ទូទៅ​របស់​កាសែត​ The Cambodia Daily ​ មិន​ឆ្លើយតប​ទៅ​នឹង​ការសុំ​សេចក្តី​អធិប្បាយ​របស់​ VOA ​ពាក់​ព័ន្ធ​នឹង​បណ្តឹង​ប្រឆាំង​អ្នកយក​ព័ត៌មាន​របស់​ស្ថាប័ន​កាសែត​មួយ​នេះ​ទេ។​

ក៏​ប៉ុន្តែ​ ​ក្នុង​អត្ថបទ​ជា​ភាសា​អង់គ្លេស​មួយ​របស់​កាសែត​ The Cambodia Daily ​ដែល​ចុះផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​បាន​ដកស្រង់​សម្តី​លោក​ ​Douglas Steele ​ក្នុង​ន័យ​ដើម​ថា​ អ្នកយក​ព័ត៌មាន​ទាំង​ពីរ​នាក់​នោះ​ ​បាន​បំពេញ​ការ​ងារ​របស់​ពួក​គេ​តែប៉ុណ្ណោះ។​ លោក​ ​Douglas Steele​ ​បាន​លើក​ឡើង​ថា​ បញ្ហា​ដែល​បាន​កើត​ឡើង​ នឹង​រសាត់​បាត់​ទៅ។ លោក​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសា​អង់គ្លេស​ មាន​ភាព​សេរី​ជាង​ទី​កន្លែង​ផ្សេង​ទៀត​ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ហើយ​ថា​ ការណ៍​នេះ​នឹង​មិនមាន​ការ​ប្រែប្រួល​ឡើយ។​

កាល​ពី​ថ្ងៃ​ពុធ ​សប្តាហ៍​កន្លង​ទៅ​ក្លឹប​អ្នក​កាសែត​បរទេស​នៅ​កម្ពុជា​ (Overseas Press Club of Cambodia)​ ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ​ដោយ​បាន​ថ្កោលទោស​ការ​បង្ហោះ​អត្តសញ្ញាណ​របស់​អ្នក​កាសែត​បរទេស​មួយ​រូប​របស់​កាសែត​ The Cambodia Daily​ ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក។​

ការ​ថ្កោលទោស​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​ លោក​ ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​នៃ​ក្រសួង​ព័ត៌មាន​ ​បាន​បង្ហោះ​លើ​ទំព័រ​ Facebook ​របស់​លោក​នូវ​រូបថត​និង​ព័ត៌មាន​ផ្ទាល់ខ្លួន​ក្នុង​លិខិត​ឆ្លងដែន​របស់​អ្នក​កាសែត The Cambodia Daily​ ម្នាក់​គឺ​លោក Zsombor Peter។ ​ក្លឹប​អ្នក​កាសែត​បរទេស​នៅ​កម្ពុជា ​បាន​ទទូច​ឲ្យ​មាន​ការ​លុបចោល​នូវ​ព័ត៌មាន​ទាំង​នោះ​ពី​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​លើក​ឡើង​ថា​ ការ​បង្ហោះ​របស់​លោក​ ​ខៀវ កាញារីទ្ធ​នេះ ​អាច​បង្ក​គ្រោះថ្នាក់​ និង​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ដល់​អ្នក​កាសែត​បាន។​ លោក​ ខៀវ កាញារីទ្ធ​ក្រោយ​មក​បាន​លុបចោល​ការ​បង្ហោះ​នោះ។​

កាសែត​ The Cambodia Dailyគឺ​ជា​ស្ថាប័ន​ព័ត៌មាន​បោះពុម្ពផ្សាយ​ជា​ភាសាខ្មែរ​ និង​អង់គ្លេស​ជាង​២៤​ឆ្នាំ​មក​ហើយ។​ ជា​រឿយៗ​កាសែត​នេះ​បាន​រិះគន់​ធ្ងន់ៗ​ទៅ​លើ​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​កាន់អំណាច​អស់​រយៈពេល​ជាង​៣០ឆ្នាំ។​ នេះមិនមែន​ជា​លើក​ទី១​នោះ​ទេ​ ដែល​អ្នក​សារព័ត៌មាន​របស់​កាសែត​ ​The Cambodia Daily​ រង​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ដែល​គេ​ដឹង​ថា​មាន​ភាព​ជិតដិត​ជា​មួយ​គណបក្ស​កាន់​អំណាច​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG