រដ្ឋមន្ត្រីការបរទេសមកពីប្រទេសអ៊ីរ៉ង់ និងរដ្ឋមន្ត្រីនៃប្រទេសមហាអំណាច៦ទៀតក្នុងពិភពលោកមានជំហរស្រដៀងគ្នា នៅក្នុងកិច្ចប្រជុំនៅទីក្រុងវីយែននៅថ្ងៃច័ន្ទនេះ ទីដែលអស់លោកជួបជុំគ្នាធ្វើការជំរុញចុងក្រោយដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ មួយថ្ងៃមុនកាលកំណត់ចុងក្រោយរបស់គេ។
អ្នកការទូតបានបង្ហាញការជឿនលឿនចម្រុះ ហើយគេត្រូវសម្រេចជាចុងក្រោយនូវបញ្ហាគន្លឹះដែលមិនទាន់ដោះស្រាយបាននៅឡើយ នៅក្នុងការប្រឹងប្រែងរបស់គេដើម្បីកំណត់សកម្មភាពនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសនេះ។
លោក Mohammad Javad Zarif រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានប្រាប់អ្នកយកព័ត៌មានកាលពីយប់ថ្ងៃអាទិត្យថា ការខ្វែងគំនិតគ្នានៅតែមាន ហើយភាគីទាំងសងខាងកំពុងព្យាយាមដោះស្រាយ។
លោក John Kerry រដ្ឋមន្ត្រីការបរទេសស.រ.អា.និយាយកាលពីថ្ងៃអាទិត្យថា លោកយល់ស្របជាមួយនឹងលោក Zarif ថា កិច្ចព្រមព្រៀងមិនទាន់ឈានជិតដល់ដំណាក់កាលសម្រេចផលទេ ហើយនៅមានបញ្ហាសំខាន់ៗមួយចំនួនទៀតត្រូវដោះស្រាយ។ លោក John Kerry បានសង្កត់ធ្ងន់ថា កិច្ចចរចានេះនៅមិនទាន់សម្រេចជាចុងក្រោយទេ។
លោក John Kerry និងលោក Zarif បានជួបគ្នាជាច្រើនលើកកាលពីថ្ងៃអាទិត្យក្នុងកិច្ចពិភាក្សាដែលក្រោយមកមានរបាយការណ៍ថា បានទម្លុះទម្លាយបញ្ហាខ្លះ ដូចជាទណ្ឌកម្មនឹងត្រូវលុបចោល ហើយអ.ស.ប.នឹងធ្វើការស៊ើបអង្កេតថា តើសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់មានទាក់ទងនឹងការធ្វើអាវុធនុយក្លេអ៊ែរឬយ៉ាងណា។
ប្រភពនានាបានប្រាប់វីអូអេថា ប្រទេសអ៊ីរ៉ង់ និងក្រុមប្រទេសមហាអំណាច រួមមានស.រ.អា. អង់គ្លេស ចិន បារាំង រុស្ស៊ី និងអាល្លឺម៉ង់អាចនឹងព្រមព្រៀងគ្នាលើការបន្ធូរបន្ថយទណ្ឌកម្ម ប៉ុន្តែគេនៅមិនទាន់បានផ្តល់ការយល់ព្រមនៅឡើយ៕