កិច្ចចរចានុយក្លេអ៊ែរបានប្រុងប្រៀបរៀបចំចូលសប្តាហ៍ទី២ ដោយគ្មានសញ្ញាមើលឃើញពីការបំបែកភាពទាល់ច្រកស្តីពីជម្លោះបញ្ហានានាដូចជា វិធានការនៃការបន្ធូរបន្ថយជម្លោះ និងការចេញចូលរោងចក្រនុយក្លេអ៊ែរ និងបន្ទាយកងទ័ព។
ក្រុមអ្នកចរចាមកពីប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោកទាំង៦ បានផ្តល់ពេលកំណត់ដោយខ្លួនឯងនៅថ្ងៃអង្គារដើម្បីឈោងដល់កិច្ចព្រមព្រៀងដ៏ធំទូលាយមួយដើម្បីលុបចោលការដាក់ទណ្ឌកម្មអន្តរជាតិនៅក្នុងការដោះដូរជាមួយរដ្ឋាភិបាលទីក្រុងតេរ៉ង់ ដើម្បីកាត់បន្ថយកម្មវិធីនុយក្លែអ៊ែររបស់ខ្លួន។
កិច្ចពិភាក្សានៅក្នុងទីក្រុងវីយ៉ែន បានត្រូវពណ៌នាដោយក្រុមមន្រ្តីថា ជាចំណាត់ការមួយប្រកបដោយភាពយឺតយ៉ាវ ក៏ប៉ុន្តែបានស្ថិតនៅក្នុងទិសដៅត្រូវ ហើយត្រូវបានគេ ជឿជាក់ជាទូទៅថា នៅទីបញ្ចប់កិច្ចព្រមព្រៀងនោះនឹងត្រូវបានធ្វើឡើងក្នុងអំឡុងនៃការពិភាក្សានាពេលបច្ចុប្បន្ននេះ។
លោក Philip Hammondរដ្ឋមន្រ្តីការបរទេសអង់គ្លេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្ញុំមិនគិតថា យើងបានបំបែកភាពទាល់ច្រកនៅពេលឥឡូវនេះទេ។យើងនឹងបន្តធ្វើអ្វីៗ ដែលយើងចាំបាច់ត្រូវធ្វើដើម្បីរក្សាសន្ទុះនៃការបោះជំហានទៅមុខនេះ។
អ្នកការទូតជាន់ខ្ពស់ពីស.រ.អា អាល្លឺម៉ង់ ចិន បារាំងនិងរុស្ស៊ីបានចូលរួមជាសមភាគីជាមួយអ៊ីរ៉ង់សម្រាប់ការចរចាកម្រិតខ្ពស់ ដែលត្រូវគេរំពឹងថា នឹងបន្តមួយសប្តាហ៍ទៀតបន្ទាប់ពីក្រុមអ្នកចរចាបានខកខានក្នុងធ្វើទៅតាមពេលកំណត់នៅថ្ងៃទី៣០ ខែមិថុនា៕