មន្ត្រីយោធាជាន់ខ្ពស់៥រូបបានស្នើសុំលាលែងចេញពីតំណែងជានាយរងសេនាធិការចម្រុះ ប៉ុន្តែនៅកាន់តួនាទីជាមេបញ្ជាការនៃកងពលដូចដើម ក្រោយពីកងពលសំខាន់ៗចំនួន៥ដែលពួកគេគ្រប់គ្រង ត្រូវបានផ្ទេរទៅឲ្យលោកហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន គ្រប់គ្រងជំនួសវិញ។
ឧត្តមសេនីយ៍ឯកទាំងប្រាំរូបនោះ មានដូចជាលោក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ លោកកែវ ធី មេបញ្ជាការកងពលធំលេខ២ លោកចាប ភក្តី មេបញ្ជាការកងពលតូចទ័ពឆ័ត្រយោងពិសេសលេខ៩១១ លោកព្រហ្ម ផេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ និងលោកម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០។ នេះបើយោងតាមលិខិតលាលែងមួយច្បាប់ ចុះថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៨ ផ្ញើរជូនអគ្គមេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក។
លិខិតលាលែងដែលទើបត្រូវបានផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះមានហត្ថលេខា និងឈ្មោះរបស់ឧត្ដមសេនីយ៍ឯកទាំង៥រូប ដោយបញ្ជាក់ពីកម្មវត្ថុថា ឧត្តមសេនីយ៍ឯកទាំងប្រាំសុំលាលែងចេញពីមុខងារនាយរងសេនាធិការចម្រុះ ប៉ុន្តែពួកគេមិនបានបញ្ជាក់ពីមូលហេតុនៃការស្នើសុំលាលែងពីតំណែងជានាយរង នៅសេនាធិការចម្រុះកងទ័ពនោះទេ។
លោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា ការលាលែងចេញពីតំណែងនាយរងសេនាធិការចម្រុះរបស់ឧត្តមសេនីយ៍ឯកទាំងប្រាំរូប ធ្វើឡើងទៅតាមគោលការណ៍ថ្មីរបស់ក្រសួង ដែលតម្រូវឲ្យពួកគេមានតួនាទី ឬតំណែងតែមួយ។ លោកបន្ថែមថា ក្រោយការលាលែងចេញពីតំណែងនាយរងសេនាធិការចម្រុះ ឧត្តមសេនីយ៍ឯកទាំងប្រាំនៅតែជាមេបញ្ជាការកងពលទាំងនោះដដែល ប៉ុន្តែគ្រាន់តែត្រូវស្ថិតក្រោមបញ្ជារបស់លោកហ៊ុន ម៉ាណែត។
លោកបញ្ជាក់ថា៖
«កន្លងមកកងពលហ្នឹងជានាយសេនាធិការចម្រុះ វាស្ថិតក្រោមការដឹកនាំបញ្ជារបស់សេនាធិការចម្រុះ ឧត្តមសេនីយ៍គន់ គីម ពីដើម។ អ៊ីចឹងជានាយរងសេនាធិការចម្រុះផង ជាប្រធានកងពលផង។ អ៊ីចឹងដល់ពេលឯកឧត្តមគន់ គីម គាត់ចេញផុតទៅ ឯកឧត្តមហ៊ុន ម៉ាណែត គាត់មកកាន់ យើងមានការប្រែប្រួលថា ឥឡូវយើងកុំឲ្យវាពិបាកចាត់តាំងរចនាសម្ព័ន្ធ ការបញ្ជាពេក អ៊ីចឹងរើកងពលធំទាំងអស់ក្រោមការដឹកនាំរបស់មេបញ្ជាការកងទ័ពជើងគោកតែមួយទៅ យើងវាស្រួលធ្វើការ ដឹកនាំបញ្ជាវាខ្លី ឲ្យការបញ្ជារហ័សទាន់ចិត្ត»។
លោកឈុំ សុជាតិ បន្ថែមថា គោលការណ៍ថ្មីដែលបញ្ជាក់ដោយរដ្ឋមន្រ្តីក្រសួងការពារជាតិដែលតម្រូវឲ្យមេបញ្ជាការទាំងនោះមានតួនាទីតែមួយ មិនទាន់មានជាលិខិត ឬឯកសារជាក់លាក់នៅឡើយ ចំណែកការប្រកាសពីការផ្ទេរតំណែងនឹងត្រូវធ្វើឡើងនាពេលខាងមុខ ប៉ុន្តែលោកថា មិនទាន់កំណត់ពីពេលវេលាជាក់លាក់នោះទេ។
កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ លោកទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសសម្រេចផ្ទេរកងពលចំនួន៥ឲ្យទៅស្ថិតក្រោមចំណុះគ្រប់គ្រងផ្ទាល់របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលមានលោកហ៊ុន ម៉ាណែត ជាមេបញ្ជាការ។
កងពលទាំង៥នោះ រួមមានកងពលធំអន្តរាគមន៍លេខ២ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ១ កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ និងកងពលតូចលេខ៧០។
ការសម្រេចផ្ទេរកងពលទាំងនេះធ្វើឡើងក្នុងថ្ងៃតែមួយដែលលោកហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោក មានន័យថា លោកហ៊ុន ម៉ាណែត ត្រូវគ្រប់គ្រងកងពលទាំងអស់នោះដោយផ្ទាល់។
VOA បានព្យាយាមសុំការអត្ថាធិប្បាយពីលោកម៉ៅ សុផាន់ លោកស្រី ឌឹក និងលោកចាប ភក្តី តែរហូតមកដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះមិនអាចទាក់ទងបាននៅឡើយ។
លោកមាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ សុំមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងការផ្ទេរកងពល និងការលាលែងរបស់មេបញ្ជាការកងពលទាំង៥រូបនោះទេ។
យ៉ាងណាក្តី លោកមាស នី បានដាក់ចម្ងល់ទៅលើលិខិតលាលែងមួយសន្លឹក ដែលធ្វើដោយមេបញ្ជាការទាំងប្រាំ ក្នុងពេលតែមួយ។ លោកថ្លែងយ៉ាងដូច្នេះថា៖
«កាលណាលាលែងរួមគ្នា វាខុសគ្នាពីធ្វើលិខិតលាលែងជាផ្លូវការម្តងមួយៗរៀងៗខ្លួន ហើយការលាលែងហ្នឹងត្រូវមានការបញ្ជាក់មូលហេតុផងដែរ ដល់ក្នុងនេះ វាអត់មានបានបញ្ជាក់មូលហេតុអីទេ។ អ៊ីចឹង វាចោទជាសំណួរមួយថា តើការលាលែងនេះ វាជាការលាលែងដោយសុទ្ធតែចិត្ត ឬក៏ការលាលែងដោយហេតុផលណាមួយផ្សេងទៀត ដែលយើងមិនអាចនិយាយបាន»។
លោកហ៊ុន ម៉ាណែត កូនប្រុសច្បងដ៏លេចធ្លោក្នុងចំណោមកូនប្រុសទាំងបីរូបក្នុងគ្រួសាររបស់នាយករដ្ឋមន្រ្តីខ្មែរដែលកាន់អំណាចជាង៣ទសវត្សរ៍មកហើយ ត្រូវបានមជ្ឈដ្ឋាននានាមើលឃើញថា កំពុងទទួលការបណ្តុះបណ្តាលដើម្បីបន្តតំណែងពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាឪពុក៕