អ្នកលក់ត្រីប្រហុកនៅគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អះអាងថា ក្នុងរយៈពេលប្រមាណមួយសប្តាហ៍នេះ ត្រីចាប់សម្រាប់ធ្វើប្រហុកត្រូវជាងឆ្នាំមុន។ ប៉ុន្តែពួកគេមួយចំនួនអះអាងថា មិនសូវមានពលរដ្ឋចុះមកទិញធ្វើប្រហុកឡើយ។ ការណ៍នេះធ្វើតម្លៃលក់ចេញបានថោក ហើយអ្នកលក់មិនសូវចំណេញ។
កំពុងអង្គុយលើកៅអី អ្នកស្រី ហាជី ស្លើម៉ាស់ អាយុ ៥០ ឆ្នាំ ជាអ្នកលក់ត្រី នៅគីឡូម៉ែត្រលេខ៩ ប្រាប់វីអូអេថា រយៈពេលប្រមាណមួយសប្តាហ៍នេះ ត្រីប្រហុកសម្បូរ ឬត្រូវជាងឆ្នាំមុន។ ប៉ុន្តែអ្នកស្រីថា កាលពីថ្ងៃទី ១ ខែមករា ជាថ្ងៃត្រីត្រូវខ្លាំង ឬសម្បូរខ្លាំង តែអ្នកស្រីលក់ខាតទៅវិញ ដោយសារមិនមានពលរដ្ឋចុះមកទិញត្រី ដើម្បីធ្វើប្រហុក។ អ្នកស្រីបន្ថែមថា នៅថ្ងៃសុក្រ ទី ៦ ខែមករា ត្រីចាប់ផ្តើមលែងសូវសម្បូរហើយ។
អ្នកស្រីថ្លែងថា៖ «ថ្ងៃ [ត្រី]ត្រូវខ្លាំង ថ្ងៃគេឆ្លងឆ្នាំ! អាថ្ងៃហ្នឹងថោក [តម្លៃ] ៣៥ [៣៥០០ រៀល ក្នុងមួយគីឡូក្រាម] ខ្ញុំខាត។ ដល់ពេលថ្ងៃនោះ អត់មានបងប្អូនចុះមក។ ខ្ញុំវាយ [យក] ត្រីគេពីកណ្តាល [ទន្លេដែលត្រីនៅលើទូក] មកថ្លៃ ដាក់លក់ [ហើយ] បងប្អូនអត់បានចុះមក ខ្ញុំខាតថ្ងៃហ្នឹង ខាតដល់កហើយ! [ថ្ងៃសុក្រនេះតម្លៃ] គ្រាន់បើវិញ [បានតម្លៃទៅដល់ ៤៥០០ រៀល]»។
អ្នកស្រីបន្ថែមថា៖ «ថ្ងៃនេះបាន ៣ ឬ ៤ តោនទេ មើលទៅ [បើ]លក់តែឯង អត់មានអ្នកណាលក់។ ហើយអត់ឃើញបងប្អូនណា [ចុះមកទិញ]ដែរ [គឺ]លក់ឲ្យអ្នកស្រុកទេ [ដែល] យកទៅលក់វិញ [មានតែ]អ្នកស្រុកទេ ទិញយកទៅលក់វិញ»។
ចំណែកលោក លាស់ ស្មាឯល អាយុ ៤៣ ឆ្នាំ ជាអ្នកលក់ត្រីមួយរូបទៀត ប្រាប់វីអូអេនៅថ្ងៃទី ៦ ខែមករា ថា ត្រីប្រហុកឆ្នាំនេះចាប់ផ្តើមត្រូវ តាំងពីថ្ងៃ ៥ កើតមក ប៉ុន្តែមកដល់ពេលនេះ ត្រីចាប់ផ្តើមអស់ទៅវិញហើយ។ លោកក៏លើកឡើងដែរថា ឆ្នាំនេះ អ្នកលក់ត្រីប្រហុកគឺមិនចំណេញនោះទេ។
លោកថ្លែងថា៖ «ត្រីប្រហុកលេខ ១ វាអត់ទៀង។ វាមានតម្លៃ ២៨ [២៨០០ រៀល] ២៥ [២៥០០ រៀល] ទៅតាមពេលវេលានៃលក់។ បើអត់មានមនុស្សទេ អ្នកលក់ខ្លះលក់ខាត។ គាត់លក់យកដើមវិញ អ៊ីចឹងទៅណា៎ ជាជាងគាត់ទុកត្រីចោលឲ្យអន់សាច់ ហើយគាត់អត់មានអាងស្តុក។ អ៊ីចឹងគាត់លក់ខាត ក៏គាត់លក់ដែរ»។
លោកថា ឆ្នាំនេះ ពលរដ្ឋក៏មិនសូវចុះមកទិញត្រីដើម្បីធ្វើប្រហុកដែរ ព្រោះទំនងមកពីបញ្ហាសេដ្ឋកិច្ច។
លោកថ្លែងថា៖ «ចង់និយាយថា ប្រជាពលរដ្ឋ គាត់អត់សូវមានលុយ ព្រោះអីសេដ្ឋកិច្ចឥឡូវ វាពិបាករៀងខ្លួន ហើយអ្នកខ្លះគាត់ជំពាក់ធនាគារច្រើន។ គាត់ចង់ធ្វើ ១០០ គីឡូ ធ្លាក់នៅ ៥០ គីឡូ។ អ៊ីចឹងទៅ អាហ្នឹងគាត់អត់សូវមានលុយ។ គាត់ធ្វើទៅតាមលទ្ធភាពរបស់ពួកគាត់។ បើដូចរាល់ឆ្នាំ គាត់[ពលរដ្ឋមកទិញត្រីធ្វើប្រហុក] ធ្វើច្រើនៗ»។
អ្នកស្រី ហេម ទីណា អាយុ ៤៥ ឆ្នាំ ដែលកំពុងអង្គុយលក់ត្រីប្រហុកនៅជិតច្រាំងទន្លេក្នុងភូមិសាស្ត្រគីឡូម៉ែត្រលេខ ៩ ក្នុងខណ្ឌឫស្សីកែវ ប្រាប់អ្នកសារព័ត៌មានវីអូអេ នៅថ្ងៃសុក្រថា ឆ្នាំនេះ ត្រីត្រូវជាងឆ្នាំមុន ប៉ុន្តែមិនសូវមានពលរដ្ឋមកទិញយកទៅធ្វើប្រហុក ដែលធ្វើឲ្យលក់មិនសូវបានចំណេញ ឬខាត។
អ្នកស្រីថ្លែងថា៖ «ថ្ងៃ ១ ថ្ងៃ ២[មករា] ម្នាក់ៗខាត[លុយ]ខ្ទងលានម៉ង។ នឹកឃើញយើងចាក់ត្រីមក មានមនុស្សមកចង់ទិញ តែពេលគេឆ្លងឆ្នាំ គេអត់មក ហើយអ៊ីចឹងពួកខ្ញុំលក់ថោកៗ ឲ្យតែរួចដើមខ្លះទៅ។ បើយើងមិនលក់ទេ ដឹងយកទៅណា។ យើងយកត្រីគេមកវាយ[លក់]សិន ដល់លក់អស់បានយកលុយទៅឲ្យគេ។ អ៊ីចឹងយើងលក់ឲ្យរួចៗដើមសិនទៅណា៎ ខាតចំណេញ ទៅសិនហើយ!»
អ្នកស្រីយល់ថា មូលហេតុដែលឆ្នាំនេះ ប្រជាពលរដ្ឋមិនសូវមកទិញត្រីប្រហុកនៅក្នុងតំបន់របស់អ្នកស្រី គឺទំនងមកពីពលរដ្ឋនាំគ្នាទៅទិញនៅខេត្តកំពង់ឆ្នាំង ហើយអាចខ្លះគិតថា តម្លៃត្រីនៅគីឡូម៉ែត្រលេខ ៩ ថ្លៃ ដូចឆ្នាំមុន ដែលមានតម្លៃប្រមាណ ៨០០០ រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែឆ្នាំនេះត្រីប្រហុកលេខ ១ លក់បានថ្លៃបំផុតតែ ៥០០០ រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។
កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារ ទី ៣ ខែមករា ផលនេសាទដាយត្រីនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលនៅក្នុងឆ្នាំ ២០២២-២០២៣ សម្រេចបានបរិមាណ ១.៤៨១ តោន ដែលកើនឡើង ៤០% បើធៀបឆ្នាំមុន ដែលមានចំនួនតែ ៨៩០ តោន។
ក្រសួងបញ្ជាក់ថា៖ «កំណើនត្រីដែលចាប់បាននៅក្នុងគន្លងដាយនេះឆ្លុះបញ្ចាំងឱ្យឃើញថា បរិមាណត្រីទឹកសាបនៅក្នុងធម្មជាតិមានការកើនឡើងជាងមុន ដែលជាលទ្ធផលនៃការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវបទល្មើសក្នុងបឹងទន្លេសាប ពីសំណាក់មន្ត្រីជលផល និងកងកម្លាំងមានសមត្ថកិច្ចចម្រុះទាំងអស់កាលពីរដូវត្រីពងក្នុងអំឡុងឆ្នាំ ២០២២ កន្លងទៅ»។
ខណៈកំពុងឈរនៅច្រាំងទន្លេចាំគេលាងត្រីប្រហុកឲ្យនៅគីឡូម៉ែត្រលេខ ៩ ក្នុងខណ្ឌឫស្សីកែវ អ្នកស្រី ទិន ណាវី ជាពលរដ្ឋដែលទិញត្រីដើម្បីធ្វើប្រហុកចំនួន ១០០ គីឡូក្រាម បានបញ្ជាក់ប្រាប់វីអូអេថា ដោយសារឆ្នាំនេះអ្នកស្រីឮថា ត្រីសម្បូរ ទើបមកទិញត្រីនៅគីឡូម៉ែត្រលេខ ៩ នេះ។ ប៉ុន្តែអ្នកស្រីនៅតែគិតថា តម្លៃត្រីឆ្នាំនេះគឺនៅតែថ្លៃដដែល។
អ្នកស្រីថ្លែងថា៖ «ត្រីដូចថាស្រស់ៗ លើកពីទឹកមកនៅលោតផ្លោតអ៊ីចឹង អាហ្នឹងថ្លៃ។ អានេះ [ត្រីដែលអ្នកស្រីបានទិញ] វាដាក់ទុកចោល ២ ម៉ោង អ៊ីចឹងទៅ វារលួយពោះអីអ៊ីចឹងទៅ វាអាចធូរថ្លៃ»៕