ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម្ចាស់​សហគ្រាស​កែច្នៃ​ត្រី​ផ្តើម​មើលឃើញ​ពី​សារៈសំខាន់​នៃ​សុវត្ថិភាព​អាហារ​ដើម្បី​បង្កើន​ផល​ចំណេញ


កន្លែង​ផលិត​ទឹកត្រី​របស់​សិប្បកម្ម​ផលិត​ទឹកត្រី​យីហោ លាង ឡេង ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/វីអូអេ)
កន្លែង​ផលិត​ទឹកត្រី​របស់​សិប្បកម្ម​ផលិត​ទឹកត្រី​យីហោ លាង ឡេង ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/វីអូអេ)

ម្ចាស់​សហគ្រាស​មួយ​ចំនួន​បាន​ប្រែក្លាយ​របៀប​នៃការកែច្នៃត្រី​ ឬផលិត​គ្រឿង​ហូប​ចុក​តាម​បែប​ប្រពៃណី​មក​ជា​ការ​ផលិត​ដែលមាន​ភ្ជាប់គោលការណ៍​សុវត្ថិ​ភាព​អាហារ ​ជាចម្បង​ ដើម្បីបង្កើន​ការ​ផ្គត់ផ្គង់ ​និង​ទាក់ទាញ​អតិថិជន​ទាំងក្នុង​និងក្រៅ​ប្រទេស​។

ម្ចាស់​សហគ្រាស​ទាំងនោះ​ កំពុង​ចូលរួម​អនុវត្ត​គម្រោង​ CAPFish ​Capture ​ដែលជា​
កម្មវិធី​ជលផល​ទទួល​បាន​ការ​គាំទ្រ​ខាង​ហិរញ្ញវត្ថុ​ពី​សហ​ភាព​អឺរ៉ុប​ដែល​មាន​គោល​បំណង​រួម​ចំណែក​លើ​ការ​សម្រេច​នូវ​ចក្ខុ​វិស័យ​រយៈ​ពេល​វែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​ សន្តិសុខ​ស្បៀង និង​កាត់​បន្ថយ​ភាព​ក្រីក្រ​។​

ក្នុង​ដំណើរទស្សនកិច្ច​សិក្សាមួយ​របស់​អង្គភាព​ព័ត៌មានចម្រុះ​ដើម្បី​ឈ្វេង​យល់​ពី​ការ​ជឿន​លឿន​ទៅ​មុខនៃ​បច្ចេកទេសក្នុង​សង្វាក់​ផលិតកម្ម​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ក្នុង​ស្រុក​ ម្ចាស់​សិប្បកម្ម​ខ្លះ​ដែល​ស្ថិតក្នុង​គម្រោង​ CAPFish ​លើក​ឡើងអំពី​ភាព​ចាំបាច់​នៃ​សុវត្ថិភាព​ចំណីអាហារ​ដើម្បី​បង្កើន​ផល​ចំណេញ​ ហើយ​ឈាន​ទៅ​ពង្រីក​អាជីវកម្ម។​

លោក លាង ឡេង ម្ចាស់​សិប្បកម្ម​ផលិត​ទឹកត្រី​យីហោ លាង ឡេង ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
លោក លាង ឡេង ម្ចាស់​សិប្បកម្ម​ផលិត​ទឹកត្រី​យីហោ លាង ឡេង ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

លោក លាង ឡេង ម្ចាស់​សិប្បកម្ម​ផលិតទឹកត្រី​យីហោ​លាង​ ឡេង ក្នុងខណ្ឌជ្រោយ​ចង្វារ នៅទីក្រុង​ភ្នំពេញ​ ប្រាប់​ក្រុម​អ្នកកាសែតថា ​ការអនុវត្តតាម​ស្តង់ដា​សុវត្ថិភាព​មាន​ដូច​ជា​ CQS ​ដែល​សំដៅទៅ​លើ​និមិត្ត​សញ្ញា​បញ្ជាក់​គុណភាព​ផលិត​ផល​កម្ពុជា​ និង​ប្រព័ន្ធ​«វិភាគ​គ្រោះ​ថ្នាក់​និង​ចំណុច​ត្រួត​ពិនិត្យ​សំខាន់»​ ហៅ​កាត់​ថា​ ហាសាប់​ (HACCP)​ បានផ្តល់​ផល​ចំណេញ​យ៉ាង​ក្រាស​ក្រែល​ទៅ​ដល់​សហគ្រាស​របស់​លោក។​

លោក​ថ្លែង​ថា​៖ «​ចង់​និយាយ​ពី​ពេញ​បេះដូង​ថា ការ​អនុវត្ត​ស្តង់​ដា​នេះគឺវា​ទទួល​បាន​ផល​ ផល​ ​ ម៉ែ​អាផល​ ឪអាផល​។ អ៊ីចឹង​ទេ​ សូម​ឱ្យ​ពុក​ម៉ែ បងប្អូន​ និង ​SME ដទៃ​ទៀត​ គឺ​ព្យាយាម​អនុវត្តនូវ​ប្រព័ន្ធ​ស្តង់​ដា​ទាំង​នេះបាទ​។​ ធ្វើយ៉ាងណា​ ដើម្បី​ទីមួយ​លើក​កម្ពស់​មុខ​មាត់នៃផលិត​ផល​ជាតិ​ខ្មែរ ទីពីរ​លើកតម្កើង​នូវ​ទំនុក​ចិត្ត​ពី​អតិថិជន​ ទៅ​ដល់​ផលិត​ផល​យើង​ផ្ទាល់​ថែម​ទៀត​ផង​»។

ម្ចាស់​សិប្បកម្ម​កែច្នៃ​ត្រី​ក្នុង​ក្រុង​សៀមរាប​សំណាង​ សុធា​ លើកទឹកចិត្ត​ឱ្យ​អ្នក​កែច្នៃ​ត្រី​ដទៃ​ទៀត​ គិត​ពី​សុវត្ថិភាព​អាហារ​ជា​ចម្បង​ មុន​នឹង​ផ្គត់​ផ្គង់​ផលិតផល​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​ ឬ​ក៏​ទទួល​បាន​ការ​គាំទ្រច្រើន​ពី​អតិថិជន​។

លោក យន់ សំណាង ម្ចាស់​សិប្បកម្ម​កែច្នៃ​ត្រី​ សំណាង សុធា ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
លោក យន់ សំណាង ម្ចាស់​សិប្បកម្ម​កែច្នៃ​ត្រី​ សំណាង សុធា ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

លោក យន់ សំណាង​ ម្ចាស់​សិប្បកម្ម​កែច្នៃ​ត្រីសំណាង​ សុធាថ្លែងថា៖ «អ្នកដែល​កែ​ច្នៃ​ដូចផលិតផល​ជលផល​របស់​ខ្ញុំ​ ឱ្យ​គិត​ពីសុវត្ថិភាព​ជា​ចម្បង​។ អ៊ីចឹង​ បើយើង​គិត​ធ្វើសុវត្ថិភាព​ហើយ​ អតិថិជន​គង់តែ​មើលឃើញ​យើង ​ហើយ​រដ្ឋាភិបាលហ្នឹងក៏គង់​មើល​ឃើញ​យើង​តាម​ក្រសួង​ណាមួយ​ ដើម្បី​ជំរុញ​ឱ្យ​យើង​បាន​ផលិតផល​ CQS ដូចគ្នា។ អ៊ីចឹង​ កុំ​ឱ្យគិត​ថា CQS អត់មែន​សំខាន់​។ ​CQS ​ជា​និមិត្ត​សញ្ញា​មួយ​ដែល​គេទទួល​ស្គាល់​ទូទាំង​ប្រទេស»។

ម្ចាស់សិប្បកម្ម​កែច្នៃ​ត្រី​រូបនេះ​ បាន​ស្នើ​ឱ្យ​អ្នកកែច្នៃត្រីឯទៀតៗ ផ្តោត​លើ​ការពង្រឹង​គុណ ភាព​នៃទីកន្លែងកែច្នៃ​ត្រីរបស់​ផងខ្លួន​ពីលក្ខណៈគ្រួសារ​មក​ជា​ទីកន្លែង​កែច្នៃ​ត្រីប្រកបដោយ​ស្តង់ដាអនាម័យ​ ដោយ​ផ្តើម​តាំងដំណាក់កាល​នៃការចាប់​ផ្តើម​ផលិតកម្ម​ ​ការ​ប្រមូល​ផលិតផល​សម្រេច​ រហូត​ដល់​ដំណាក់​កាល​ដាក់លក់​។

គម្រោង ​CAPFish ក៏មាន​ការ​រំពឹង​ទុក​ថា​នឹង​សម្រេច​ឱ្យ​បាន​នូវ​ការ​ទទួល​ស្គាល់​ផលិត​ផល​ត្រី​របស់​កម្ពុជា​ ការ​ចូល​ទៅ​កាន់​ទីផ្សារ​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​ ការ​វិនិយោគ​បន្ថែម​ក្នុង​វិស័​យនេះ​ ​និង​ពង្រឹង​ការ​ប្រកួត​ប្រជែង។ ម្ចាស់​សហ​គ្រាស​ចំនួន​២៨​កំពុងទទួល​បាន​អត្ថប្រយោជន៍​ពីគម្រោង​ រួម​មាន​ការ​កើន​ឡើង​នៃ​លក់​ផលិតផល​ និងការ​នាំចេញ​មិនផ្លូវការ​នូវផលិតផល​ទៅក្រៅប្រទេស។

សិប្ប​កម្ម​ Home Taste Food ​របស់​អ្នក​ស្រី​ ស៊ឹម សេរីរ័ត្ន គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​សហគ្រាស​ចំនួន​២៨​ ដែល​ទទួល​ការ​គាំទ្រ​ទាំង​បច្ចេកទេស​ និង​សម្ភារៈ​ពី​គម្រោង CAPFish​ ដែល​កំពុងអនុវត្ត​កម្មវិធីអភិវឌ្ឍន៍ជល​ផល​ក្រោយ​ប្រមូល​ផល។ ​ក្រៅ​ពី​សហគ្រាស​ទាំង​២៨​ខាង​លើ​នេះ​ ម្ចាស់​សិប្បកម្ម​កែច្នៃ​ត្រី​ខ្លះ​ទៀត​ក្នុង​ខេត្ត​សៀមរាប​ក៏​កំពុង​ខិតខំ​សុំ​ចូល​រួម​អនុវត្ត​គម្រោង​ ​CAPFish​ នេះ​ដែរ។

អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់​សិប្បកម្ម Home Taste Food (ឈរ​នៅ​កណ្តាល) ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​ក្នុង​ក្រុង​សៀមរាប នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់​សិប្បកម្ម Home Taste Food (ឈរ​នៅ​កណ្តាល) ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​ក្នុង​ក្រុង​សៀមរាប នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

​អ្នក​ស្រី​ ស៊ឹម សេរីរ័ត្ន ​លើកឡើងថា មានបញ្ហា​ប្រឈម​ជាច្រើន​បាន​កើតឡើង​នៅ​ពេល​អ្នកស្រី​ចាប់ផ្តើម​អាជីវកម្ម​ផលិត​ត្រីងៀតដែល​ត្រូវ​បំពេញ​ទៅតាម​ស្តង់ដា​អនា​ម័យ​ត្រឹមត្រូវ​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ ការបំពេញ​បាន​ទៅតាម​វិធានការ​អនាម័យ​នានា​ កំណត់​ដោយគម្រោង CAPFish​ បាននាំមក​នូវវឌ្ឍនភាព​សម្រាប់​អាជីវកម្ម​របស់​អ្នក​ស្រី​ដែលមាន​បំណង​នាំចេញ​ត្រីងៀត​ជាផ្លូវ​ការ​ទៅក្រៅ​ប្រទេស​ផងដែរ។

បច្ចុប្បន្ន​សហគ្រាស​ខ្នាតតូច​របស់​អ្នកស្រី​បានផ្គត់ផ្គង់​ត្រីងៀត​ក្នុងផ្សារ​ផ្ទាល់ខ្លួន​មួយ​កន្លែងក្នុង​ក្រុងសៀមរាប​ និងផ្សារ​ទំនើប​មួយចំនួន​ ហើយក៏បាននាំចេញ​ត្រី​ងៀត​ជាលក្ខណៈ​មិនផ្លូវ​ការ​ទៅកាន់​សហរដ្ឋអាមេរិក​ និងប្រទេស​មួយចំនួន​ទៀត​។

អ្នកស្រីស៊ឹម សេរីរ័ត្ន ម្ចាស់​សិប្ប​កម្ម​ Home Taste Food ​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ថា៖​ «ដើម​ដំបូង​ដែល​យើង​ផលិត​មក​ហ្នឹង​ គឺ​គ្រាន់​តែ​ក្នុង​គោល​ដៅ​ ដើម្បីដាក់​លក់​នៅ​ក្នុង​ផ្សារ​របស់​យើង​ប៉ុណ្ណឹង​ទេ​។ ប៉ុន្តែ​ ក្នុងពេល​ អំឡុង​ពេល​កូវីដ​ហ្នឹង​ តម្រូវ​ការ​ត្រី​ងៀត​វា​កើន​ឡើង។ វា​កើន​ឡើង​ អ៊ីចឹង​ យើង​ក៏យក​ការផលិត​ត្រី​ងៀត​ហ្នឹង​គឺជា​ផលិតផលចម្បងរបស់​យើង​។ ហើយឥឡូវ​ហ្នឹង​គឺ​យើង​អាច​ដាក់​លក់​នៅ​ផ្សារ​ទំនើប​នានា​នៅភ្នំពេញដូច​ផ្សារ​ Lucky​ Aeon ហើយ​ Makro​»។

អ្នកស្រី​បន្ថែមថា៖ «​ហើយ​សព្វថ្ងៃនេះ​ហ្នឹង​ ក៏យើង​បាន​នាំ​ចេញ​ទៅក្រៅ​ប្រទេស​ដែរ​។​ ប៉ុន្តែ​គ្រាន់​តែ​ថា​ នាំចេញ​ជា​ លក្ខណៈ​វ៉ាលី​ទេ យួរដៃ​ទេ ម្តង​ ៣០គីឡូ ឬក៏៤០គីឡូ​ អត់​ទាន់​បាន​ចេញ​ជា​ផ្លូវ​ការ​ទេ​តែ​យើង​ក៏ព្យាយាម​ស្វែង​រក​ទីផ្សារ​ផ្លូវ​ការ​ដើម្បី​នាំ​ចេញ​ទៅ​ដែរ»។ ​

ដោយឡែក​ អ្នកស្រី​ យឹម ផល្លា ​ម្ចាស់សិប្បកម្ម​ត្រីងៀត​ផល្លា​សៀមរាប​កំពុង​ព្យាយាម​សុំចូល​គម្រោង ​CAPFish ដែលនឹង​អាច​ជួយពង្រីក​សិប្បកម្មរបស់​អ្នក​ស្រី​ពី​លក្ខ​ណៈ​គ្រួសារ​មកជា​សិប្បកម្ម​ដែល​មាន​ការ​បំពាក់​ឧបករណ៍​ទំនើបៗ​ក្នុងការ​កែ​ច្នៃ​ត្រីប្រកប​ដោយ​សុវត្ថិភាព។

អ្នក​ស្រីថ្លែងថា​៖ «ពេល​ដែល​យើង​បាន​ឆ្លង​កាត់​វគ្គបណ្តុះបណ្តាល​ទៅ​ យើង​យល់​ដឹង​ទៅ​ យើង​គិត​ថា​ យើង​អត់​គ្រប់​លក្ខណៈ​ច្រើន​មែន​ទែន​ ខ្ញុំនឹង​ព្យាយាម​ ធ្វើ​ឱ្យ​បាន​ល្អ​ជាង​មុន​ទៅតាម​ស្តង់​ដា​ចំណីអាហារ​របស់​ក្រសួងឱ្យ​គេ​ទទួល​ស្គាល់​»។

គួរ​រំឭកថា​ការទទួលទាន​អាហារ​ដែលគ្មាន​សុវត្ថិភាព​បានបង្ក​ផលប៉ះពាល់​ខ្លាំង​លើ​សុខភាព​របស់​បុគ្គលម្នាក់ៗ។ បើតាម​ការធ្វើបទ​បង្ហាញ​របស់​មន្ត្រី​គម្រោង CAPFish ជា​រៀង​រាល់​ឆ្នាំមនុស្ស​១នាក់​ ក្នុងចំណោម​មនុស្ស​១០នាក់បាន​ធ្លាក់​ខ្លួនឈឺ​ដោយ​សារ​ការបរិភោគ​មិនមាន​សុវត្ថិភាព។ ហើយមាន​មនុស្ស​៤២ម៉ឺន​នាក់​ ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​សារ​ការបរិភោគ​មិនមាន​សុវត្ថិភាព។

លោក ថោង រ៉ា មន្ត្រី​ជំនាញ​សុវត្ថិភាព​ម្ហូប​អាហារ​ថ្នាក់​ជាតិ​នៃ​អង្គការ UNIDO និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ក្រសួង​កសិកម្ម​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
លោក ថោង រ៉ា មន្ត្រី​ជំនាញ​សុវត្ថិភាព​ម្ហូប​អាហារ​ថ្នាក់​ជាតិ​នៃ​អង្គការ UNIDO និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ក្រសួង​កសិកម្ម​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

លោក ​ថោង រ៉ា មន្ត្រី​ជំនាញ​សុវត្ថិភាព​ម្ហូប​អាហារ​ថ្នាក់​ជាតិ​នៃអង្គការ UNIDO​ ​ថ្លែង​ថា ការ​ទទួល​ទាន​អាហារ​គ្មាន​សុវត្ថិភាព​អាចបង្ក​ឱ្យមាន​ជំងឺ​ច្រើន​ជាង​២០០​ប្រភេទ​ ចាប់​ពីរាករុស​ដល់​មហារីក​។

លោកបន្ថែមថា​៖​ «គេនិយាយ​ថា បើសិន​ម្ហូបអាហារ​ហ្នឹង​ អត់​មាន​សុវត្ថិភាព​ទេ​ វាមិន​មែន​ជា​ម្ហូប​អា​ហារ​ទេ។ អ៊ីចឹង​ ការ​ញាំ​ទៅ​ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព វា​បង្ក​ឱ្យ​មាន​ជំងឺ​លើស​ពី​២០០​តាម​ ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក​ ហើយ​ជំងឺ​ហ្នឹង​ទៀត​សោត​វាមាន​ពី​ស្រាល​ដល់​ធ្ងន់​ ពីរាករុស​រហូត​ទៅ​ដល់​ គេហៅ​ថា​ មហារីក​។ អ៊ីចឹង​ បើសិន​ចំណី​អាហារ​ពុំមាន​សុវត្ថិភាព​យើង​មិន​អាច​ហូប​បាន​ទេ​ ព្រោះ​វា​បង្ក​ភាព​គ្រោះ​ថ្នាក់​មក​ដល់​អ្នក​ហូប​ចុក​ វា​អាច​កើត​ឡើង​ភ្លាម​ៗ​ ឬក៏កើត​ឡើង​លក្ខណៈ​យូរអង្វែង»។

​អនុរដ្ឋលេខាធិការ​ និងជា​អ្នកនាំពាក្យ​ក្រសួងកសិកម្ម​កញ្ញាអ៊ឹម រចនា​ ប្រាប់វីអូអេថា​ រដ្ឋាភិបាល​លើកទឹកចិត្ត​ឱ្យម្ចាស់​សហគ្រាស​ផលិតស្បៀង​អាហារ​ទៅតាម​ការ​កំណត់​ស្តង់​ដាសុវត្ថិភាព​ជាក់​លាក់​ តួយ៉ាង​ ស្តង់ដា CQS ដែល​សំដៅទៅ​លើ​និមិត្ត​សញ្ញា​បញ្ជាក់​គុណភាព​ផលិត​ផលរបស់​ប្រទេស​កម្ពុជា។

អនុ​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​កញ្ញា អ៊ឹម រចនា ថ្លែង​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) នៅ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
អនុ​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​កញ្ញា អ៊ឹម រចនា ថ្លែង​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) នៅ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

កញ្ញាប្រាប់វីអូអេថា៖«ម្ចាស់​សហគ្រាស​ក៏បាន​លើក​ឡើង​ដោយ​ផ្ទាល់​ខ្លួន​ដែរ​ថា​ ការ​អនុវត្ត​តាម​ស្តង់​ដា​ CQS នេះ​ វា​ផ្តល់​នូវ​ផល​ប្រយោជន៍​ច្រើន​ ទីមួយ​គាត់​ចំណេញ​ ចំណេញ​គឺ​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃ​ដើម​របស់​ពួក​គាត់។ ហើយ​ទី​ពីរ​នៅ​ពេល​ដែល​ផលិត​ផលិតផល​ចេញ​ទៅ​លោក​អាច​ទទួល​បាន​ផល​ចំណេញ​កាន់​តែ​ខ្ពស់​ ផលិត​ផល​ដែល​លក់​ចេញ​នៅ​លើ​ទីផ្សារ​ ហើយ​មាន​ស្តង់​ដា​ CQS គឺ​លក់​បាន​ថ្លៃ​ជាង​ផលិត​ផល​ធម្មតា​»។

ក្នុងដំណើរការ​អនុវត្ត​គម្រោង​ ​CAPFish សហគ្រាស​ចំនួន​១៦​ក្នុងចំណោម​សហ​គ្រាស​២៨​ បានត្រៀម​លក្ខណៈ​រួចរាល់​សម្រាប់​សវនកម្ម​ CQS និង​ HACCP កាល​ពី​ចន្លោះខែមេសា ​និង​ឧសភា ​ហើយ​ក្រោយមកសហគ្រាស​ចំនួន​៨ទទួល​បាន​វិញ្ញា​បន​បត្របញ្ជាក់​គុណភាព​កម្ពុជា ​CQS ក្នុងនោះ​សហគ្រាស​ចំនួន​៤​ទទួលបាន​វិញ្ញាបន​បត្របញ្ជាក់​គុណភាព​ ​CQS ពេញលេញ​ និងសហគ្រាស​ចំនួន​៤​ទទួល​បាន​វិញ្ញបនបត្រ​បញ្ជាក់​គុណភាព CQS៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG