បើទោះបីជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃអាទិត្យជាការបោះឆ្នោតអាណត្តិ ទី៤ក៏ដោយ ក៏សម្រាប់យុវជនមួយចំនួន នេះជាការបោះឆ្នោតលើកទី១របស់ពួកគេ។ យុវជនទាំងនេះ បានបង្ហាញក្ដីសប្បាយរីករាយ និងសុទិដ្ឋិនិយមចំពោះបទពិសោធន៍បោះឆ្នោតលើកដំបូងនៅក្នុងជីវិតរបស់ពួកគេថា នឹងជ្រើសបានថ្នាក់ដឹកនាំល្អសម្រាប់ឃុំរបស់ពួកគេ។
យុវជនមួយចំនួននៅក្នុងខេត្តបាត់ដំបងដែលទើបទទួលបានបទពិសោធន៍លើកដំបូងក្នុងការបោះឆ្នោតបានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេមានក្ដីសប្បាយរីករាយនិងសង្ឃឹមថា ការបោះឆ្នោតនេះនឹងជួយឱ្យពួកគេជ្រើសរើសបានមេឃុំល្អ ដើម្បីអភិវឌ្ឍសហគមន៍របស់ពួកគេ។
យុវជន នូ សុខា មកពីភូមិជ្រៃកោង ក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង បានរៀបរាប់ប្រាប់ VOA ក្នុងទឹកមុខសប្បាយរីករាយក្រោយចេញពីបោះឆ្នោតថា រូបគេមានអារម្មណ៍រំភើបនិងសប្បាយរីករាយដែលអាចចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួន។
យុវជនវ័យ១៩ឆ្នាំរូបនេះបន្តទៀតថា ខ្លួនបានទៅចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦ក្រោយពីគ្រប់អាយុបោះឆ្នោត ដោយសាររូបគេយល់ថា ការបោះឆ្នោតមានសារៈសំខាន់សម្រាប់ពលរដ្ឋគ្រប់គ្នា។
«យល់ថាការបោះឆ្នោតសំខាន់។ គឺចង់និយាយថា ដើម្បីអភិវឌ្ឍភូមិឃុំរបស់យើង... និយាយទៅសំខាន់ខ្លាំងមែនទែនតែម្ដង សម្រាប់ខ្ញុំ»។
ស្រដៀងគ្នានេះ កញ្ញា ទេព សថាវណ្ណីស័ក្ក អាយុ២១ឆ្នាំ មកពីភូមិជ្រៃកោង សង្កាត់ស្លាកែត ប្រាប់VOA ក្នុងទឹកមុខញញឹមថា នេះជាលើកទី១ដែលកញ្ញាចូលរួមបោះឆ្នោត ដែលធ្វើឱ្យកញ្ញាមានអារម្មណ៍ភ័យផងអរផង។
កញ្ញាបន្តថា បន្ទាប់ពីបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់តាមការពេញចិត្តរួចមក កញ្ញាសង្ឃឹមថា សង្កាត់របស់កញ្ញានឹងទទួលបានចៅសង្កាត់ដែលមានទំនួលខុសត្រូវនិងអាចជួយអភិវឌ្ឍសង្កាត់ឱ្យកាន់តែប្រសើរ។
«បន្ទាប់ពីបោះឆ្នោតឃុំសង្កាត់ហើយ ខ្ញុំរំពឹងថានឹងមានការអភិវឌ្ឍបន្ថែមលើសពីនេះទៀត ហើយនិងកាន់តែមាន[មេ]ភូមិ[មេ]ឃុំល្អៗថែមទៀត»។
មិនខុសពីយុវជនទាំង២ខាងលើ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំ២០១៧នេះ ក៏ជាការបោះឆ្នោតលើកដំបូងផងដែរសម្រាប់លោក នូ ប៊ុនណេត ដែលមានវ័យ២៥ឆ្នាំហើយនោះ។ លោកបានឱ្យដឹងថា ក្នុងការបោះឆ្នោតនាអាណត្តិមុន លោកក៏បានទៅចុះឈ្មោះបោះឆ្នោតផងដែរ តែពុំអាចរកឈ្មោះរបស់លោកឃើញនាថ្ងៃបោះឆ្នោត។
នៅពេលដែលអាចចូលរួមបោះឆ្នោតនៅក្នុងអាណត្តិនេះ លោក នូ ប៊ុនណេត រំពឹងថា សន្លឹកឆ្នោតរបស់លោកនឹងអាចជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត ដើម្បីឱ្យភូមិឃុំកាន់តែមានការអភិវឌ្ឍ។
«សង្ឃឹមថា ការបោះឆ្នោតឃុំនេះឬអាចដល់២០១៨សម្រេចចុងក្រោយ រំពឹងថានឹងមានការអភិវឌ្ឍ។ ខ្ញុំសម្រេចចិត្តបោះឱ្យអ្នកហ្នឹង អ្នកហ្នឹងអាចជាប់នឹងមានការអភិវឌ្ឍ ព្រោះមនុស្សថ្មី គំនិតថ្មី ទើបអាចមានការអភិវឌ្ឍ»។
ក្រោយការបោះឆ្នោតនាថ្ងៃអាទិត្យនេះបានបញ្ចប់ អង្គការសង្គមស៊ីវិលនិងក្រុមអ្នកសង្កេតការណ៍បានចាត់ទុកដំណើរការនៃការបោះឆ្នោតក្នុងឆ្នាំ២០១៧នេះថាបានប្រព្រឹត្តិទៅដោយរលូន ជាមួយនឹងភាពមិនប្រក្រតីតិចតួច។
ចំណែកនៅក្នុងខេត្តបាត់ដំបង ដំណើរការនៃការបោះឆ្នោតត្រូវបានសង្កេតឃើញថា ប្រព្រឹត្តិទៅដោយស្ងប់ស្ងាត់និងរលូនល្អ។
លោក វន ពន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបងប្រាប់ VOA ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងអាណត្តិទី៤នេះមានភាពល្អប្រសើរជាងអាណត្តិមុនៗ ទាំងបញ្ហាសុវត្ថិភាពនិងសណ្ដាប់ធ្នាប់។
«បាទបើធៀបទៅនឹងអាណត្តិមុនវាមានភាពស្ងប់ស្ងាត់ជាង បានន័យថា គណបក្សនយោបាយមួយចំនួនធំគាត់មានភាពចាស់ទុំខាងផ្នែកនយោបាយ អីចឹងការបោះឆ្នោតហ្នឹងវាមានភាពស្ងប់ស្ងាត់ ហើយនិងសន្តិសុខក៏បានល្អប្រសើរ អត់មានបញ្ហាអីពាក់ព័ន្ធទៅជាមួយនឹងការបោះឆ្នោតនេះទេ។ បានន័យថា ប្រៀបធៀបទៅនឹងអាណត្តិមុនៗ ការបោះឆ្នោតអាណត្តិទី៤នេះមានភាពល្អប្រសើរជាងមុន»។
លោក វន ពន ឱ្យដឹងដែរថា នៅក្នុងខេត្តបាត់ដំបង មានឃុំសង្កាត់សរុបចំនួន១០២ ស្នើនឹងសមាជិកក្រុមប្រឹក្សាចំនួន៨១៤នាក់។ ក្នុងនោះ គណបក្សចំនួន៩ចូលរួមប្រកួតប្រជែង ក៏ប៉ុន្តែមានតែគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិទេដែលមានបេក្ខជនឈរឈ្មោះនៅគ្រប់ឃុំសង្កាត់។
បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រជាពលរដ្ឋ ពលរដ្ឋជាង៨០ភាគរយនៃពលរដ្ឋជាង៥២ម៉ឺននាក់ ដែលបានចុះឈ្មោះបោះឆ្នោតក្នុងខេត្តបាត់ដំបង បានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ក្នុងឆ្នាំ២០១៧នេះ៕