នាថ្ងៃអាទិត្យនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតព្រមានលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្នុងការឃោសនា និងវាយប្រហារគណបក្សផ្សេងក្នុងថ្ងៃហាមឃាត់។ ការព្រមានរបស់គ.ជ.ប.គឺធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថាទង្វើរបស់លោក ខឹម វាសនា ជាការរំលោភច្បាប់បោះឆ្នោត។
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្នុងអំឡុងថ្ងៃ «ស» ជាថ្ងៃដែលហាមមិនឲ្យមានឃោសនាឬវាយប្រហារនយោបាយណាមួយ ពោលគឺមុនថ្ងៃបោះឆ្នោតឃុំ-សង្កាត់មួយថ្ងៃ និងក្នុងអំឡុងថ្ងៃបោះឆ្នោត បានបង្ហោះសារលើបណ្តាញសង្គមរបស់លោកជាបន្តបន្ទាប់ ដោយបានឃោសនាពីគណបក្សរបស់លោក និងបានវាយប្រហារគណបក្សមួយចំនួន ដូចជាគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិជាដើម។
ក្រោយការវាយប្រហាររបស់លោក ខឹម វាសនា លោក ហ៊ុន សែន បានលើកឡើងអំឡុងពេលលោកទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ នាថ្ងៃទី៤ ខែមិថុនានេះ ថា ការឃោសនាបក្ស និងវាយប្រហារគណបក្សដទៃទៀត ពីសំណាក់លោក ខឹម វាសនា គឺជាការរំលោភច្បាប់។
ថ្លែងក្នុងខេត្តកណ្តាលក្រោយពេលបោះឆ្នោតឃុំ-សង្កាត់ លោក ហ៊ុន សែន បន្ថែមថា៖
«គេកំពុងតែរំលោភ យើងមិនអាចឲ្យនរណារំលោភទេ។ ហើយបើចង់រំលោភអញ្ចឹង បើចង់ធ្វើអញ្ចឹង ប្រហែលជាខាងនេះ (គណបក្សប្រជាជនកម្ពុជា) មានលទ្ធភាពខ្ពស់ជាង»។
ខុសប្លែកពីអាណត្តិមុនៗ លោក ហ៊ុន សែន មិនបានលើកបង្ហាញពីសន្លឹកឆ្នោតដែលលោកគូស ក្នុងការបោះឆ្នោតអាណត្តិនេះទេ និងមិនបានឆ្លើយតបសំណួរណាមួយរបស់អ្នកសារព័ត៌មានផងដែរ។
ក្រោយពេលលោក ហ៊ុន សែន លើកឡើងថា លោក ខឹម វាសនា រំលោភច្បាប់បោះឆ្នោតបានបន្តិច ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ស៊ិក ប៊ុនហុក ក៏បានចេញលិខិតព្រមានមួយដល់លោក ខឹម វាសនា ដែលបានឃោសនានិងវាយប្រហារគណបក្សនយោបាយផ្សេង តាមប្រព័ន្ធអនឡាញ។
ដោយមិនបញ្ជាក់ឱ្យច្បាស់ពីចំណាត់ការផ្លូវច្បាប់ណាមួយចំពោះលោក ខឹម វាសនា លោក ស៊ិក ប៊ុនហុក បញ្ជារឱ្យ លោក ខឹម វាសនា ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការផ្សព្វផ្សាយឃោសនាដែលផ្ទុយពីច្បាប់បោះឆ្នោត បើពុំដូច្នោះទេ គ.ជ.ប នឹងចាត់វិធានការតាមផ្លូវច្បាប់។
លោកបញ្ជាក់ក្នុងសម្រង់ន័យដើមថា៖
«គ.ជ.ប បានសង្កេតឃើញថា នៅថ្ងៃហាមឃាត់នៃការធ្វើសកម្មភាពឃោសនាបោះឆ្នោត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើការផ្សព្វផ្សាយវាយប្រហារទៅលើគណបក្សនយោបាយផ្សេងទៀត។ សកម្មភាពនេះជាការរំលោភច្បាប់ទាំងស្រុង ព្រោះថាគ្រប់សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយត្រូវបញ្ឈប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មធិការជាតិរៀបចំការបោះឆ្នោតបានទេ។
តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ មាត្រា១៨៤ចែងថាត្រូវព្រមានជាលាយលក្ខណ៍អក្សរដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា៦៨ក្នុងការហែក្បួនឃោសនាបោះឆ្នោត ឬប្រព្រឹត្តល្មើសនឹងកថាខណ្ឌទី១ នៃមាត្រា៧០នៃច្បាប់នេះ។ ក្នុងករណីនៅតែមិនគរពតាមការព្រមានខាងលើ ត្រូវផាកពិន័យជាប្រាក់ពីប្រាំលានរៀល ទៅ១០លានរៀល ឬ/និងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសម្រាប់រយៈពេល៥ឆ្នាំ ឬលុបបេក្ខភាពរបស់សាម៉ីខ្លួន ប្រសិនបើជនប្រព្រឹត្តអំពើល្មើសជាបេក្ខជនឈរឈ្មោះបោះឆ្នោត។
ទោះជាយ៉ាងណា លោក ខឹម វាសនា បានបង្ហោះសារបន្ថែមលើទំព័រហ្វេសប៊ុករបស់លោក ឆ្លើយតបទៅនឹងការព្រមានរបស់គ.ជ.បថាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនមានបំណងធ្វើសកម្មភាពណាមួយប្រឆាំងនឹងច្បាប់បោះឆ្នោតនោះទេ និងមិនមានចេតនាទៅឃោសនានៅថ្ងៃ «ស» ដែលជាថ្ងៃហាមឃាត់នោះដែរ។
លោក ខឹម វាសនា បានសរសេរក្នុងន័យដើមលើទំព័រហ្វេសប៊ុករបស់លោកថា៖ «យើង LDP មិនបានចាប់អារម្មណ៍ថាប្រព័ន្ធអនឡាញមួយណារបស់បក្សខ្លួន ហើយវីដេអូ ឬសារសំឡេងមួយណាដែល គ.ជ.ប បានសង្កេតឃើញថា LDP បានធ្វើរំលោភច្បាប់ គ.ជ.ប នោះ។ តែទោះជាមិនមានចេតនា យើង LDP នៅតែទទួលមិនគេចទេ ចំពោះការសម្រេចរបស់ គ.ជ.ប បើនោះជាកំហុសពិតរបស់ LDP មែន។ ការរៀបរាប់ខាងលើគ្រាន់តែបង្ហាញអោយសារធារណ:ជន បានយល់ពីថា ហេតុអ្វីរឿងបែបនេះបានកើតមានឡើងតែប៉ុណ្ណោះ»។
លោក យឿង សុធារ៉ា មន្រ្តីច្បាប់ និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល ប្រាប់ VOA ថា ការឃោសនាគណបក្សនយោបាយ ឬការវាយប្រហារគណបក្សនយោបាយណាមួយក្នុងថ្ងៃដែលច្បាប់ហាមឃាត់ គឺជាការទម្លាក់តម្លៃរបស់គណបក្សខ្លួនឯង។ លោកបន្ថែមថា លោក ខឹម វាសនា គួរគោរពវិជ្ជាជីវៈជាអ្នកនយោបាយ ក្នុងនាមជាប្រធានគណបក្ស។
លោក យឿង សុធារ៉ា បញ្ជាក់ថា៖
«ក្នុងនាមជាគណបក្សចូលរួមប្រកួតប្រជែងយកអាសនៈហ្នឹងគេដែរ ហើយយើងដឹងថាយើងធ្វើហ្នឹងវាខុស យើងនៅតែចចេសធ្វើ យើងនៅតែបំពាន យើងហ្នឹងអត់មានចេតនាណាមួយក្នុងការគោរពច្បាប់ទេ។ មានន័យថាយើងចាត់ទុកច្បាប់ហ្នឹងជាអ្វីមួយដែលមិនសំខាន់ បានន័យថា យើងអត់នាំគ្នានៅក្រោមច្បាប់ ឬនៅស្មើច្បាប់ទេ តែយើងនាំគ្នាអង្គុយលើច្បាប់»។
ស្ថានភាពទូទៅនៃដំណើរការនៃការបោះឆ្នោតឃុំ-សង្កាត់ នាថ្ងៃអាទិត្យនេះ ក៏ហាក់មានភាពមិនប្រក្រតីតិចតួច បើធៀបនឹងអាណត្តិមុន។ រដ្ឋាភិបាលបានដាក់ពង្រាយកងកម្លាំងជាង៥ម៉ឺននាក់ ដើម្បីការពារការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤នេះ។ ការិយាល័យបោះឆ្នោតសរុបទូទាំងប្រទេសមានជាង២ម៉ឺនការិយាល័យ និងមានគណបក្សនយោបាយចំនួន១២បានចុះបញ្ជីជាបេក្ខជនឈរឈ្មោះបោះឆ្នោត។ ក្នុងនោះការិយាល័យចំនួន៥ ត្រូវបានរំកិលទៅកន្លែងថ្មី ដែលនៅក្បែរៗកន្លែងចាស់ ដោយសាររងនូវជំនន់ទឹកភ្លៀង៕