ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកបោះឆ្នោត​នៅ​ខេត្ត​សៀមរាប​ បោះឆ្នោត​ដោយ​​មើល​លើ​បេក្ខជន​ ជាង​ជាង​បក្ស

ពលរដ្ឋ​ខេត្ត​សៀមរាប​ចូល​រួម​​បោះឆ្នោត​នៅ​ការិយាល័យ​​ក្នុង​សាលា​បឋមសិក្សា​កេសរារាម សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ (ធីតា វីន/VOA)
ពលរដ្ឋ​ខេត្ត​សៀមរាប​ចូល​រួម​​បោះឆ្នោត​នៅ​ការិយាល័យ​​ក្នុង​សាលា​បឋមសិក្សា​កេសរារាម សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ (ធីតា វីន/VOA)

ប្រជាពលរដ្ឋ​ចូលរួម​បោះឆ្នោត​ក្នុង​ខេត្ត​សៀមរាប​ ​ដែល​ VOA ​ធ្វើ​ការ​សម្ភាសន៍​សុទ្ធ​តែ​បាន​អះអាង​ដូចៗ​គ្នា​ថា​ ការបោះឆ្នោត​របស់​ពួក​គេ​សំខាន់​ ​គឺ​គិត​ទៅ​លើ​សកម្មភាព​ ​និង​សមត្ថភាព​របស់​បុគ្គល​ច្រើន​ជា​ការ​គិត​លើ​គណបក្ស​នយោបាយ។

ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ខេត្ត​សៀមរាប​បាន​ចូលរួម​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​អាទិត្យ​នេះ​យ៉ាង​សស្រាក់​សស្រាំ​ ​ដោយ​ពួក​គេ​ចង់​បាន​មេឃុំ​មួយ​ដែល​មាន​ភាព​ស្អាតស្អំ​ ​ជួយ​ការ​អភិវឌ្ឍ​ និង​ចេះ​ជួយ​ទុក្ខ​ធុរៈ​ប្រជាពលរដ្ឋ​ហើយ​ការ​សម្រេចចិត្ត​របស់​ពួក​ គេ​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​បុគ្គល​ជា​ជាង​គណបក្ស​នយោបាយ។

ពលរដ្ឋ​ខេត្ត​សៀមរាប​ចូល​រួមបោះឆ្នោត​នៅ​ការិយាល័យក្នុង​សាលា​បឋមសិក្សា​កេសរារាម សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ (ធីតា វីន/VOA)
ពលរដ្ឋ​ខេត្ត​សៀមរាប​ចូល​រួមបោះឆ្នោត​នៅ​ការិយាល័យក្នុង​សាលា​បឋមសិក្សា​កេសរារាម សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ (ធីតា វីន/VOA)

ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប​រួមមាន ​នៅ​ក្នុង​អនុវិទ្យាល័យ​មិត្តភាព​ខ្មែរ​ជប៉ុន​ព្រះឥន្ទកោសា​ ​ការិយាល័យ​បោះឆ្នោត​នៅ​ក្នុង​វិទ្យាល័យ​ ​១០មករា​១៩៧៩​ ​ការិយាល័យ​បោះឆ្នោត​នៅ​ក្នុង​សាលា​បឋម​សិក្សា​កេសរារាម​ជាដើម​ ​មាន​ប្រជា​ពល​រដ្ឋ​មក​ឈរ​តម្រង់​ជួរ​ចូល​បោះឆ្នោត​យ៉ាង​ច្រើន​កុះករ។

អ្នក​ភូមិនៅ​ក្នុង​ស្រុក​ស្វាយ​លើ ​ឃុំ​តាសៀម​ កំពុង​ស្វែង​រក​ឈ្មោះ ​និង​លេខរៀង​ ដើម្បី​ចូល​បោះឆ្នោត​ជ្រើសរើស​អ្នក​ដឹក​នាំ​ឃុំ​ នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​បួន។ (ផន បុប្ផា/VOA)
អ្នក​ភូមិនៅ​ក្នុង​ស្រុក​ស្វាយ​លើ ​ឃុំ​តាសៀម​ កំពុង​ស្វែង​រក​ឈ្មោះ ​និង​លេខរៀង​ ដើម្បី​ចូល​បោះឆ្នោត​ជ្រើសរើស​អ្នក​ដឹក​នាំ​ឃុំ​ នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​បួន។ (ផន បុប្ផា/VOA)

ចាស់ជរា​ ​ស្ត្រី​មាន​ផ្ទៃពោះ​ ​អ្នក​មាន​កូន​តូច​ ត្រូវ​បាន​អនុញ្ញាត​អោយ​ចូល​ ​ទៅ​បោះឆ្នោត​ដោយ​មិន​ចាំបាច់​តម្រង់​ជួរ​ ​ឬ​ចាប់​លេខ​នោះ​ទេ។​

ប្រជាពលរដ្ឋ​ចូលរួម​បោះឆ្នោត​ក្នុង​ខេត្ត​សៀមរាប​ ​ដែល​ VOA ​ធ្វើ​ការ​សម្ភាសន៍​សុទ្ធ​តែ​បាន​អះអាង​ដូចៗ​គ្នា​ថា​ ការបោះឆ្នោត​របស់​ពួក​គេ​សំខាន់​ ​គឺ​គិត​ទៅ​លើ​សកម្មភាព​ ​និង​សមត្ថភាព​របស់​បុគ្គល​ច្រើន​ជា​ការ​គិត​លើ​គណបក្ស​នយោបាយ។

យុវជន​ ​សាត សំ​ ​អាយុ​២៧ឆ្នាំ​ ​ជា​និស្សិត​ផ្នែក​ទេសចរណ៍​ រស់​នៅ​ឃុំ​អំពិល​ ​ស្រុក​ប្រាសាទបាគង​ខេត្ត​សៀមរាប។​ យុវជន​រូប​ដែល​បាន​បោះឆ្នោត​រួចរាល់​ហើយ​នោះ​បាន​ឱ្យ​VOA​ដឹង​ថា​ ​មេឃុំ​ដែល​គាត់​ជ្រើសរើស​នោះ​សំខាន់​គឺ​ចេះ​ជួយ​ប្រជាពលរដ្ឋ​ នៅ​ពេល​មាន​បញ្ហា​ ​ទោះ​បី​ជា​មេ​ឃុំ​នោះ​មក​ពីគណបក្ស​ណា​ក៏​ដោយ។

«អោយ​តែ​មេឃុំ​ដែល​អាច​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ប្រជាពលរដ្ឋ​បាន​ទោះ​គាត់​មក​ពី​បក្ស​ណា​ក៏ដោយ​ក៏​អត់​បញ្ហា​ដែរ មាន​ន័យ​ថា​ពួកគាត់​រស់នៅ​ជាមួយ​ប្រជា​ពលរដ្ឋ អីចឹង​ពួក​គាត់​ដឹង​ពី​សុខ​ទុក្ខ​ឬ​ក៏​បញ្ហា​របស់​ប្រជា​ពលរដ្ឋ ។ អញ្ចឹង ​បើ​យើង​អាច​ជ្រើសរើស​នូវ​មេឃុំ​ល្អ​ បាន​ន័យ​ថា​យើង​អោយ​គាត់​ជួយ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ផ្សេងៗ​ឬ​ក៏​ជួយ​អភិវឌ្ឍន៍​បន្ថែម​នូវ​ចំណុច​ខ្វះខាត​ដែល​មាន​នៅ​ក្នុង​ភូមិ​ឃុំ​ពី​ព្រោះ​ជា​ធម្មតា​ថ្នាក់លើ​ពួកគាត់​មិន​បាន​ស្និទ្ធស្នាល​ឬ​ក៏​ដឹង​សុខទុក្ខ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ»។​

លោក​ ​ចាន់ សុភាព​ ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ចូល​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​នៅ​ក្នុង​វិទ្យាល័យ​ ​១០មករា ​១៩៧៩​ បាន​អោយ​ដឹង​ដែរ​ថា​ ​គាត់​បាន​ចូលរួម​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​គ្រប់​ទាំង​៤អាណត្តិ​ ​ហើយ​ការ​បោះ​ឆ្នោត​ ​ទាំង៤​ដងរបស់​គាត់​នោះ​គឺ​មាន​ការ​ផ្លាស់ប្ដូរ។​

បុរស​វ័យ​៤៣ឆ្នាំ​រូប​នេះ​ ក៏​បាន​អោយ​ដឹង​បន្ត​ថា​ លោក​ត្រូវ​តែ​បោះឆ្នោត​រក​មេ​ឃុំ​ណា​ដែល​គិត​គូរ​សុខទុក្ខ​របស់​ ប្រជា​ពល​រដ្ឋ​ ហើយ​មេឃុំ​ដែល​មិន​បម្រើ​ប្រជា​ពល​រដ្ឋ​ ទោះ​បី​ជា​នៅ​ក្នុង​បក្ស​ដែល​លោក​ចូលចិត្ត​យ៉ាង​ណា​ ក៏​គាត់​មិន​បោះ​អោយ​ដែរ។​

«ទាល់​តែ​គាត់​ចេះ​ជួយ​យកចិត្តទុកដាក់​ប្រជាពលរដ្ឋ បើ​មិន​ជួយ​ប្រជាពលរដ្ឋ​ទេ​ក៏​យើង​មិន​បោះ​អោយ​ដែរ។ យើង​គួរ​បោះ​អោយ​នរណា​ដែល​ល្អ​សម្រាប់​ប្រជាជន​យើង»។

បុរស​ម្នាក់​ពរ​កូន​នៅ​ក្រោយ​ពេលឆ្នោត​រួច​ ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ការិយាល័យ​អនុវិទ្យាល័យ​មិត្តភាព​ខ្មែរ​ជប៉ុន​ព្រះឥន្ទ​កោសា ក្នុង​សង្កាត់​ស្លក្រាម​ ក្រុង​សៀមរាប ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ (ធីតា វីន/VOA)

ដៃ​ម្ខាង​កាន់​កង្ហារ​តូច​ប្រើ​ថ្ម​ ​និង​ដៃ​ម្ខាង​ទៀត​ទប់​កូន​អាយុ​បួន​ខែ​ ​ដែល​បាន​ស្ពាយ​នៅ​ពី​មុខ​យុវជន​ ​ខុម ក្រឹម​ ​អាយុ​២៦ឆ្នាំ​ ​រស់​នៅ​ក្នុង​សង្កាត់​ស្លក្រាម​ ស្រុក​សៀមរាប​ ខេត្ត​សៀមរាប។​ ​យុវជន​រូប​នេះ​ ​បាន​អោយ​ដឹង​ថា​ ​មេឃុំ ដែល​គាត់​បោះឆ្នោត​គឺ​ត្រូវ​ចេះ ជួយ​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។

«អញ្ចឹង បើ​មេ​ភូមិ​គាត់​ប្រកាន់​គំនិត​ថា​ខាង​ណា​ក៏​គាត់​ជួយ​អោយ​តែ​ប្រជាពលរដ្ឋ​នៅ​ក្រោម​ការគ្រប់គ្រង​របស់​គាត់ ខ្ញុំ​ចូលចិត្ត​ពេញចិត្ត​បោះ​អោយ​គាត់ បក្ស​មិនមែន​ចុះ​មក​ភូមិ​ឃុំ​ផ្ទាល់​ទេ​គឺ​មាន​តែ​មេភូមិ​មេឃុំ​ទេ​ដែល​នៅ​ជាប់​ជាមួយ​យើង​ផ្ទាល់។ អីចឹង​គាត់​ដឹង​សុខ​ទុក្ខ​ប្រជារាស្ត្រ​ច្រើន​ជាង​ថ្នាក់​លើ។ អញ្ចឹង ​យើង​រើស​អ្នក​ដែល​នៅ​ជាប់​ជាមួយ​យើង​ផ្ទាល់​ ការងារ​របស់​យើង​វា​ល្អ។​

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បាគង​ចូលរូម​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​រសៀល​ថ្ងៃ​អាទិត្យ​ក្នុង​សាលា​បឋម​សិក្សា​លលៃ​ក្រុង​ស្រុក​ព្រះ​បាគង។ (ផន បុប្ផា/VOA)
ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បាគង​ចូលរូម​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​រសៀល​ថ្ងៃ​អាទិត្យ​ក្នុង​សាលា​បឋម​សិក្សា​លលៃ​ក្រុង​ស្រុក​ព្រះ​បាគង។ (ផន បុប្ផា/VOA)

​នៅ​ក្នុង​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៤​នេះ​ ​នៅ​តាម​ ការិយាល័យ​ បោះឆ្នោត​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប​ គេ​សង្កេត​ឃើញ​ថា​មិន​សូវ​មាន​បាតុភាពបាត់​ឈ្មោះ​ ឬ​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​ដូចពេល​កន្លង​មក​នោះ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា​ ​នៅ​តាម​ការិយាល័យ​ខ្លះ​មាន​ប្រជាពលរដ្ឋ​ឈរ​តម្រង់​ជួរ​ច្រើន​ពេក​ធ្វើ​អោយ​មាន​ការ​ជជែក​តវ៉ា​ក្នុង​ការ​ប្រជែង​គ្នា​ចូល​មុន​ ដោយ​ប្រជាពលរដ្ឋ​ខ្លះ​ បាន​ស្ដី​បន្ទោស​ដល់​មន្ត្រី​ដែល​បម្រើការ​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​ថា​មាន​ភាព​លម្អៀង​ និង​ប្រកាន់​បក្សពួក។​

ជាក់​ស្ដែង ​អ្នកស្រី​ ​សែម សោភា​ ​អាយុ​ ​៥៥ឆ្នាំ​ ​ជា​ប្រជាពលរដ្ឋ​រស់​នៅ​សង្កាត់​ស្លក្រាម​ ស្រុក​សៀមរាប​ ​ខេត្ត​សៀមរាប​ដែល​កំពុង​រង​ចាំ​បោះឆ្នោត​នៅ​ការិយាល័យ​អនុវិទ្យាល័យ​មិត្តភាព​ ​ខ្មែរ​ ជប៉ុន​ ​ព្រះឥន្ទកោសា​បាន​សំដែង​ការ​មិន​ពេញ​ចិត្ត​ថា​អ្នក​ស្រី​រង់ចាំ​អស់​រយៈ​ពេល​ជិត​បី​ម៉ោង​ ទៅ​ហើយ​នៅ​មិន​ទាន់​បាន​បោះឆ្នោត​ទៀត។

ក៏ប៉ុន្តែ​អ្នក​ស្រី​ប្ដេជ្ញា​ថា​នឹង​តស៊ូ​បោះឆ្នោត​អោយ​បាន​ដើម្បី​ជ្រើសរើស​រក​មេឃុំ​ដែរ​ល្អ​ម្នាក់​សម្រាប់​ការ​អភិវឌ្ឍ​ភូមិ​ឃុំ។

«មាន​អ្នក​ប្រជ្រៀត​ចូល គេ​ចូល​បាន តែ​នេះ​ទើប​តែ​ថយ​មក​វិញ ទើប​តែ​ប្រកែក​គ្នា​ខ្លាំង​មែនទែន​ចុះ​ថយ​មក​វិញ មក​យក​លេខ​នៅ​ក្រៅ ​អង្គុយ​ចាំ​យូរ​ចង់​កើត​ខ្យល់»។

នៅ​ក្នុង​ខេត្ត​សៀមរាប ​មាន​គណបក្ស​នយោបាយ​ចំនួន​៧​ បាន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ ការ​បោះឆ្នោត​ឃុំ-សង្កាត់​នា​ថ្ងៃអាទិត្យ​ ​ រួម​មាន​ ​គណបក្ស​ប្រជាជន​កម្ពុជា​ ​គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ ​និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ។​

លោក​ ​មុត មល្លា​ ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ប្រចាំ​ខេត្ត​សៀមរាប​នៃ​គណបក្ស សង្គ្រោះ​ជាតិ ​បាន​អោយ​ដឹង​ថា​ស្ថានភាព​ការ​បោះឆ្នោត​លើក​នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ពេល​កន្លង​មក​ ​បើ​ទោះ​បី​ជា​មាន​ភាព​អវិជ្ជមាន​ខ្លះ​ក៏​ដោយ។​

ជា​មួយ​គ្នា​នេះ​ដែរ​ ​លោក​ ​ឃឹម ប៊ុនស៊ុង​ ​អភិបាល​ខេត្ត​សៀមរាប​ ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​សៀមរាប​ បាន​ឱ្យ​ដឹង​ថា​ស្ថានភាព​ការ​បោះឆ្នោត​ដែល​មាន​សភាព​ល្អ​ប្រសើរ​នេះ​គឺ​ដោយ​សារ​មាន​ការរៀបចំ​ ​និង​ការ​ចូលរួម​បាន​យ៉ាង​ល្អ​ពី​គ្រប់​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់។​

«ជា​រួម​ទៅ​គិត​ទាំង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ការពារ​គណកម្មការ​របស់​យើង​គ្រប់​ជាន់​ថ្នាក់​ដែល​បាន​ខិតខំ​ការពារ​តាំង​ពី​ការឃោសនា​រហូតដល់​សន្តិសុខ​សុវត្ថិភាព​តាម​ការិយាល័យ​បោះឆ្នោត​ផ្សេងៗ ​ក៏​យើង​ធ្វើ​បាន​ល្អ​ហើយ​ប្រជាពលរដ្ឋ​ក៏​យល់​ច្បាស់​ពី​ការ​ទៅ​ចូលរួម​ការ​បោះឆ្នោត​នេះ»។

លោក​ ​ផល ប៊ុនគី​ ​លេខា​អង្គការ​ខុមហ្វ្រែល​ប្រចាំ​ខេត្ត​សៀមរាប​ក៏​បាន​ទទួល​ស្គាល់​ដែរ​ចំពោះ​ស្ថានភាព​ល្អ​ប្រសើរ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​នេះ​ ​ក៏ប៉ុន្តែ​នៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ ដែរ​ដូច​ជា​យ៉ាង​ហោច​ណាស់​មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​ពីរ​បាន​បោះ​ត្រា​ច្រលំ​លើ​សន្លឹក​ឆ្នោត​ជា​ដើម។

​ជុំវិញ​ភាព​មិន​ប្រក្រតី​ទាំង​នោះ​លោក​ ​នឹម វ៉ាន់សម​ ​ប្រធាន​គណៈកម្មាធិការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​ប្រចាំ​ខេត្ត​សៀមរាប ​បាន​អោយ​ដឹង​ថា​ចំពោះ​ការ​បោះ​ត្រា​ច្រឡំ​លើ​សន្លឹក​ឆ្នោត​ គណបក្ស​នយោបាយ​បាន​យល់​ព្រម​ទទួល​យក​ជា​ផ្លូវការ​ហើយ។

ពលរដ្ឋ​ខេត្ត​សៀមរាប​ចូល​រួមបោះឆ្នោត​នៅ​ការិយាល័យក្នុង​សាលា​បឋមសិក្សា​កេសរារាម សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ (ធីតា វីន/VOA)
ពលរដ្ឋ​ខេត្ត​សៀមរាប​ចូល​រួមបោះឆ្នោត​នៅ​ការិយាល័យក្នុង​សាលា​បឋមសិក្សា​កេសរារាម សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ (ធីតា វីន/VOA)

ក្នុង​ខេត្ត​សៀមរាប​មាន​ឃុំ​ចំនួន​១០០​ ក្នុង​ស្រុក​ចំនួន​១២​ ដែល​មាន​ការិយាល័យ​បោះ​ ឆ្នោត​ចំនួន​១.៣៨៩​ ​ការិយាល័យ​ហើយ​មាន​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន​៤៩៣.៦២៦​នាក់។

កាល​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៣​កន្លង​ទៅ​ គណបក្ស​ប្រជាជន​បាន​ទទួល​ជោគជ័យ​ចំនួន​៩៨​ឃុំ​ ​ហើយ​ ២​ឃុំ​បាន​ទៅ​លើ​គណបក្ស​សម រង្ស៊ី ​ដែល​សព្វថ្ងៃ​ក្លាយ​ជា​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពី​រួម​បញ្ចូល​គ្នា​ជា​មួយ​គណបក្សសិទ្ធិមនុស្ស៕

XS
SM
MD
LG