ប៉ូលិសនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បាននិយាយនៅថ្ងៃអាទិត្យនេះថាមនុស្ស ៧ នាក់និងអ្នកវាយប្រហារ ៣ នាក់បានស្លាប់នៅក្នុងហេតុការណ៍អំពើភេរវកម្មកាលពីថ្ងៃសៅរ៍ម្សិលមិញនៅក្នុងចក្រភពអង់គ្លេស។
រថយន្តវ៉ែនបញ្ជូនទំនិញធំមួយគ្រឿងបានបើកក្នុងល្បឿនយ៉ាងលឿនសំដៅអ្នកដើរថ្មើរជើងនៅលើស្ពាន London កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ ហើយបន្ទាប់មកបានបើកសំដៅផ្សារ Borough ហើយបន្ទាប់មកបុរស ៣នាក់បានចេញពីរថយន្តវ៉ែននោះនិងប្រើកាំបិតចាក់មនុស្សជាច្រើននាក់។
ប៉ូលិសនិយាយថា អ្នកវាយប្រហារទាំង ៣ នាក់ ត្រូវបានមន្ត្រីប្រដាប់អាវុធបាញ់សម្លាប់។
ទីភ្នាក់ងាររថយន្តសង្គ្រោះបន្ទាន់ទីក្រុងឡុងដ៍ បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសមួយរបស់ខ្លួនតាមរយៈប្រព័ន្ធ Twitter ថា ខ្លួនបានដឹកជញ្ជូនមនុស្សចំនួន ៤៨ នាក់ ទៅកាន់មន្ទីរពេទ្យចំនួន ៥ នៅទូទាំងទីក្រុងឡុងដ៍។
អាជ្ញាធរបានប្រកាសថា ហេតុការណ៍ដែលបានកើតឡើងនេះ គឺជាការវាយប្រហារភេរវកម្ម។
លោក Sadiq Khan អភិបាលក្រុងឡុងដ៍ បានថ្កោលទោសការវាយប្រហារនេះ និងបាននិយាយថា លោក និងលោកស្រីនាយករដ្ឋមន្ត្រី Theresa May អាចនឹងចូលរួមនៅក្នុងការប្រជុំបន្ទាន់របស់ក្រុម Cobra ទទួលបន្ទុកផ្នែកវិបត្តិ របស់រដ្ឋាភិបាល។ យុទ្ធនាការឃោសនាបោះឆ្នោតនៅមុនការបោះឆ្នោតរដ្ឋសភានៅថ្ងៃព្រហស្បតិ៍ខាងមុខនេះនៅក្នុងចក្រភពអង់គ្លេសត្រូវបានពន្យារពេលបន្ទាប់ពីមានការវាយប្រហារនេះ។
ការវាយប្រហារនេះ គឺជាការវាយប្រហារភេរវកម្មលើកទី ៣ ចាប់តាំងពីខែមិនា ឆ្នាំ ២០១៧ នេះមក។
សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញថា លោកប្រធានាធិបតី Donald Trump ធ្វើការផ្ដល់ការគាំទ្រពេញលេញនៅក្នុងការស៊ើបអង្កេតលើការវាយប្រហារនេះ៕