លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបាននិយាយថា លទ្ធផលកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនដែលប្រទេសទាំងពីរប្រកាសដាច់ដោយឡែកពីគ្នាកាលពីថ្ងៃសុក្រនោះនឹងលើកស្ទួយដល់កសិករអាមេរិកដែលនឹង«ទិញត្រាក់ទ័រធំជាងជាងមុន»។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យប្រធានាធិបតី លោក ត្រាំ បានហៅកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុងប៉េកាំងថា ជាកិច្ចព្រមព្រៀង«ដ៏អស្ចារ្យ»។
សហរដ្ឋអាមេរិកនិងប្រទេសចិនបានប្រកាសថា ពួកគេបានព្រមព្រៀងគ្នាអំពីអត្ថបទនៃកតិកាសញ្ញាពាណិជ្ជកម្មដំណាក់កាលដំបូងហើយនឹងបញ្ចៀសការកំណត់យកពន្ធបន្ថែមលើគ្នាទៅវិញទៅមក។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀង មន្ត្រីចិននិយាយថា ប្រទេសចិននឹងបង្កើនការនាំចូលផលិតផលកសិកម្ម ថាមពលនិងផលិតផលឱសថរបស់អាមេរិក។
លោក Wang Shouwen អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទកាសែតនៅទីក្រុងប៉េកាំងថា «បញ្ហានេះនឹងបង្កើតលក្ខខណ្ឌល្អប្រសើរសម្រាប់ប្រទេសចិននិងសហរដ្ឋអាមេរិកដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ»។
ការប្រកាសនេះធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះមុនពេលសហរដ្ឋអាមេរិកកំណត់យកពន្ធថ្មីជាធរមានចំនួន១៦០ពាន់លានដុល្លារលើផលិតផលរបស់ប្រទេសចិន។
លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់តាម Twitter ថា ទណ្ឌកម្មពន្ធដែលកំណត់យកចាប់ពីថ្ងៃទី១៥ខែធ្នូនោះ នឹងមិនចូលជាធរមានទេព្រោះមានការព្រមព្រៀងគ្នា។ ការចរចាដំណាក់កាលទី២នឹងចាប់ផ្តើមជាបន្ទាន់ ដោយមិនរង់ចាំរហូតដល់ក្រោយការបោះឆ្នោតឆ្នាំ២០២០ទេ។ នេះជាកិច្ចព្រមព្រៀងអស្ចារ្យ៕