អាជ្ញាធរចិនបានរាយការណ៍អំពីចំនួនធ្លាក់ចុះទាបបំផុតនៃករណីឆ្លងថ្មីក្នុងមួយថ្ងៃ នៃមេរោគកូរ៉ូណាប្រភេទថ្មី Covid-19 ដែលមកដល់ពេលនេះបានសម្លាប់មនុស្សជាង២.០០០នាក់នៅប្រទេសចិនដីគោកចាប់តាំងពីមេរោគនេះបានផ្ទុះរាលដាល់ជាង២ខែមកហើយ។
គណៈកម្មការសុខាភិបាលជាតិចិន បានបញ្ជាក់ មានការឆ្លងថ្មីក្នុងថ្ងៃពុធនេះ តែ៣៩៤ករណីប៉ុណ្ណោះ បើប្រៀបធៀបនឹងករណីឆ្លងថ្មីចំនួន១.៧៤៩ ករណីកាលពីថ្ងៃអង្គារ ដែលនេះជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែមករាមក។ ចំនួនអ្នកស្លាប់សរុបពីមេរោគ Covid-19 គិតមកត្រឹមថ្ងៃពុធនេះ បានកើនដល់២.១១៨ ដោយមានអ្នកស្លាប់ថ្មី១១៤នាក់ក្នុងថ្ងៃពុធ ហើយចំនួនអ្នកឆ្លងសរុបបានកើនដល់ ៧៤.៥៧៦នាក់។
អាជ្ញាធរចិនបានខ្នះខ្នែងទាំងលំបាកដើម្បីទប់ទល់នឹងការផ្ទុះរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មីនេះ ចាប់តាំងពីគេរកឃើញវាដំបូងនៅខែធ្នូឆ្នាំមុន នៅក្នុងក្រុងវូហាន ខេត្តហ៊ូប៉េ។ ខេត្តហូប៉េត្រូវបានអាជ្ញាធរបិទមិនឲ្យពលរដ្ឋមានសកម្មភាព និងបិទមធ្យោបាយធ្វើដំណើរស្ទើរទាំងស្រុងពីទីក្រុងវូហាន។
នៅក្រៅប្រទេសចិន មានការរាយការណ៍ថាមានមនុស្សយ៉ាងតិច១០នាក់បានស្លាប់ពីមេរោគកូរ៉ូណានេះ រួមទាំងមនុស្សពីរនាក់នៅក្នុងប្រទេសអ៊ីរ៉ង់ និងប្តីប្រពន្ធអាយុជាង៨០ឆ្នាំដែលបានស្ថិតនៅលើនាវាកម្សាន្ត Diamond Princess នៅទីក្រុង Yokohama ប្រទេសជប៉ុន៕