អតីតសាស្ត្រាចារ្យច្បាប់ចិនដែលជាអ្នកនិយាយរិះគន់ឥតសំចៃ បានជួលក្រុមមេធាវីដើម្បីការពារលោកប្រឆាំងនឹងការចោទប្រកាន់ពីការរួមភេទជាមួយពេស្យាចារ ដោយនិយាយថា លោកសង្ឃឹមថា នឹងបង្ហាញឲ្យឃើញថាការចោទប្រកាន់ទាំងនោះខុសដែលបានធ្វើឲ្យប៉ះពាល់កិត្យានុភាពកូនក្តីរបស់លោក។ នេះបើតាមមេធាវីរបស់លោកថ្លែងប្រាប់ VOA។
លោក Xu Zhangrun ដែលជាសាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យ Tsinghua កាលពីពេលថ្មីៗនេះត្រូវបានគេបណ្តេញចេញពីដំណែងពាក់ព័ន្ធនឹងសីលធម៌និងការបោះពុម្ភផ្សាយអត្ថបទដែលធ្វើឲ្យប៉ះពាល់គណបក្សកុម្មុយនិស្តចិន។ នេះបើតាមសេចក្តីជូនដំណឹងស្តីពីការបណ្តេញចេញពីការងារមកពីនិយោជករបស់លោក។
មុនពេលបណ្តេញចេញពីការងារនោះ លោកបានត្រូវគេឃុំខ្លួនអស់រយៈពេលមួយសប្តាហ៍ កាលពីដើមខែកក្កដាលើបទចោទប្រកាន់ពីការរួមភេទជាមួយពេស្យាចារនៅក្នុងទីក្រុងចេងឌូ ភាគនារតីកាលពីឆ្នាំទៅ។
អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ដែលនិយាយរិះគន់រដ្ឋាភិបាលឥតសំចៃដែលទើបតែបញ្ចប់ការនៅដាច់ពីគេចំនួន១៤ថ្ងៃនៅឯផ្ទះ បានជួបជាមួយលោក Mo Shaoping និងលោក Shang Baojun ដែលជាមេធាវីនិងលោក Pu Zhuqiang និងជាមេធាវីសិទ្ធិមនុស្សកាលពីថ្ងៃអង្គារ ហើយបានជួលលោកមេធាវី Mo និង Shang ជាផ្លូវការណ៍ឲ្យតំណាងលោកក្នុងរឿងក្តីប្រឆាំងនឹងប៉ូលិសក្រុងចេងឌូ។
តាមមេធាវី Mo បានប្រាប់ឲ្យដឹងថា លោក Xu បានច្រានចោលការចោទប្រកាន់ដោយប៉ូលិសក្រុងចេងឌូ ដោយបាននិយាយទៀតថា ប៉ូលិសមិនបានភ័ស្តតាងថា លោកបានរួមរក្សជាមួយពេស្យាចារដូចជារូបតាមវីដេអូ ការថតសំឡេង ឬឯកសារធនាគារទេ។
លោកមេធាវី Mo បាននិយាយទៀតថា ពួកមេធាវីមានផែនការដាក់ពាក្យបណ្តឹងឲ្យច្រានចោលការសម្រេចដោយប៉ូលិសក្រុងចេងឌូ ចំពោះការរួមភេទជាមួយពេស្យាចារនេះ។
ពួកអាជ្ញាធរចិនបានយកគោលដៅម្តងហើយម្តងទៀតលើលោក Xu ចំពោះអត្ថបទរបស់លោកដែលបានរិះគន់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងគណបក្សកុម្មុយនិស្តដែលជាគណបក្សកាន់អំណាច។ ពួកសកម្មជននិងពួកបញ្ញវន្តចិន បានសម្តែងនូវការភ្ញាកផ្អើលចំពោះការឃុំឃាំងនិងការបណ្តេញលោក Xu នេះ៕