លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ថ្លែងថា លោកនឹងបន្តរកយុត្តិធម៌ជូនក្រុមអតីតអ្នកបើករបររថយន្តក្រុង ឲ្យក្រុមហ៊ុនកាពីតូល ខណៈដែលមេធាវីការពារក្តីឲ្យក្រុមហ៊ុននេះ និយាយថា ក្រុមហ៊ុនបានឈ្នះក្តីលើសំណុំរឿងបញ្ឈប់អតីតអ្នកបើកបររថយន្តក្រុងនេះរួចទៅហើយ បើផ្អែកទៅលើការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
ការបន្តរកយុតិ្តធម៌ជូនក្រុមអតីតអ្នកបើកបររថយន្តក្រុងនេះ កើតមានឡើង នៅស្របពេលដែលក្រុមអតីតអ្នកបើកបររថយន្តក្រុងជាង២០នាក់ បានបើកការតវ៉ាសារជាថ្មីនៅព្រឹកថ្ងៃសៅរ៍នេះ នៅក្បែរក្រុមហ៊ុនកាពីតូលស្ថិតក្នុងខណ្ឌ៧មករា ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកពួកគេ ឲ្យចូលបម្រើការងារវិញ។
ការតវ៉ារបស់ក្រុមអតីតអ្នកបើកបររថយន្តក្រុងនេះ ត្រូវគេសង្កេតឃើញថា មិនមានការប៉ះទង្គិចគ្នាណាមួយបានកើតឡើងនោះទេ។ ប៉ុន្តែ កងសន្តិសុខខណ្ឌ៧មករា បានរារាំងមិនឲ្យក្រុមអ្នកតវ៉ា ស្រែកអំពាវនាវ និងមិនឲ្យលើកបដានិយាយពីការទាមទារយុត្តិធម៌ពីក្រុមហ៊ុន។
លោក អាត់ ធន់ បានប្រាប់ VOA នៅល្ងាចថ្ងៃសៅរ៍នេះ ថា ការរំលោភបំពានលើសិទ្ធិការងាររបស់អតីតអ្នកបើកបរឲ្យក្រុមហ៊ុនកាពីតូលជាយូរមកហើយនោះ នឹងមិនអាចទុកឲ្យអ្នកធ្វើការការពារសិទ្ធិនិយោជិតនៅស្ងៀមនោះទេ។ លោកបញ្ជាក់ថា លោកនឹងបន្តស្វែងរកយុត្តិធម៌ឲ្យអតីតអ្នកបើកបររថយន្តទាំងនោះ។
«ខ្ញុំគិតថា អាជ្ញាធរក៏ដូចជា ខាងអង្គការពាក់ព័ន្ធផ្សេងៗទៀត គេនឹងមិននៅស្ងៀមឲ្យក្រុមហ៊ុនហ្នឹង ធ្វើអ្វីរបៀបអញ្ចឹងទេ ហើយចំពោះសហភាពការងារកម្ពុជា នៅបន្តជួយពួកខាងកម្មករហ្នឹង ឲ្យដំណើរការទាមទារដោយសន្តិវិធី ដើម្បីឲ្យទាល់តែបានជោគជ័យបានយើងឈប់»។
វិវាទការងាររវាងក្រុមហ៊ុនកាពីតូល និងអតីតអ្នកបើកបរ៤៥នាក់ បានអូសបន្ថាយពេលមកជាង៨ខែមកហើយ។ ក្រុមហ៊ុនបានបញ្ឈប់អ្នកបើកបរទាំងនោះ ដោយបានចោទពួកគេថា បានរំលោភកិច្ចសន្យាការងារមួយចំនួនរបស់ក្រុមហ៊ុន ដូចជាការលួចដាក់ភ្ញៀវនៅតាមផ្លូវជាដើម។
លោក ខៀវ វ៉ាន មេធាវីការពារក្តីឲ្យក្រុមហ៊ុនកាពីតូល បានប្រាប់ VOA ថា ក្រុមហ៊ុនមិនអាចទទួលយកអតីតអ្នកបើកបររថយន្តក្រុងទាំងនោះ មកបម្រើការងារវិញបានទេ ដោយសារពួកគេបានរំលោភកិច្ចសន្យាការងារ។ លោកថា ក្រុមហ៊ុនក៏មានប្រៀបលើអតីតអ្នកបើកបររថយន្តក្រុងទាំងនោះដែរ។ លោកនិយាយថា៖
«តាមពិតនីតិខាងក្រុមហ៊ុន គេឈ្នះក្តី គេមិនមែនចាញ់ក្តីទេ រឿងអាជ្ញាកណ្តាល រឿងអ្វីក៏ដោយ ក៏អត់មានថា ដូចគាត់ថាដែរ។ គេមាននីតិវិធីប្តឹងរហូត។ អីចឹងនីតិវិធីទាំងអស់ នៅតុលាការទាំងអស់។ ទាំងរឿងបញ្ឈប់ក៏ដោយ រឿងអ្វីក៏ដោយ គឺនៅតុលាការ។ អីចឹង បើគាត់ទៅតតាំងនៅតុលាការទៅ វាឈ្នះហើយ»។
យ៉ាងណាក៏ដោយ ក្រុមអ្នកតវ៉ានិយាយថា ពួកគេនឹងបន្តយុទ្ធនាការតវ៉ារកយុត្តិធម៌បន្តទៅទៀត។ ពួកគេថា ពួកគេនឹងទៅឈរតវ៉ានៅក្បែរក្រុមហ៊ុនកាពីតូលនៅថ្ងៃអាទិត្យទៀត។ ពួកគេឲ្យដឹងបន្ថែមថា ការបាត់បង់ការងារ បានធ្វើឲ្យគ្រួសាររបស់ពួកគេជួបរឿងរកាំរកូសក្នុងគ្រួសារ ដោយសារកង្វះខាតថវិកាសម្រាប់ទ្រទ្រង់ជីវភាព។
នៅក្នុងសំណុំរឿងវិវាទការងារនេះដែរ មានក្រុមអ្នកតវ៉ាពីរនាក់ ត្រូវបានតុលាការដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួននៅក្នុងខែកុម្ភៈ ហើយពួកគេក៏ត្រូវបានដោះលែងឲ្យស្ថិតនៅក្រៅឃុំវិញកាលពីពេលមុនចូលឆ្នាំប្រពៃណីជាតិខ្មែរ។ កាលពីដើមឆ្នាំ ២០១៦នេះ នៅក្នុងការតវ៉ារបស់ក្រុមអតីតអ្នកបើកបររថយន្តក្រុងនេះ មានអំពើហិង្សាមួយបានកើតឡើងរវាងក្រុមអតីតអ្នកបើកបររថយន្តក្រុង និង សមាជិកសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលគេនៅមិនទាន់ដឹងថា មានទំនាក់ទំនងយ៉ាងណាជាមួយក្រុមហ៊ុនកាពីតូល។
នៅមុនពេលផ្ទុះអំពើហិង្សា ក្រុមសមាជិកសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជានេះ ដែលភាគច្រើន បានស្លៀកពាក់សម្លៀកបំពាក់ពណ៌ខ្មៅ និងពាក់មួកសុវត្ថិភាព បានដើរទៅការពាររថយន្តក្រុង។ ភ្លាមៗបន្ទាប់ពីនោះ សមាជិកមួយចំនួននៃសមាគមនេះ បានកាន់ញញួរ និងដំបងដែកវាយទៅលើមនុស្ស ដោយបានវាយដំ និងទាត់ធាក់យ៉ាងខ្លាំងទៅលើអ្នកតវ៉ា និងអ្នកគាំទ្រដើម្បីឲ្យក្រុមហ៊ុនទទួលយកអតីតអ្នកបើកបររថយន្តក្រុងទាំងអស់នោះ។ នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលចំនួន៣៤ ដែលបានចេញផ្សាយជាសាធារណៈភ្លាមៗ បន្ទាប់ពីការផ្ទុះឡើងនៃអំពើហិង្សានោះ៕