គ្រាន់តែមានការសរសេរឈ្មោះខុសរបស់អ្នកជាប់ឆ្នោតឲ្យធ្វើជាថ្នាក់ដឹកនាំសហជីពមួយនៅក្នុងរោងចក្រ Southland មេដឹកនាំសម្ព័ន្ធសហជីពមួយរូបទៀត ដែលជួយជ្រោមជ្រែងបង្កើតសហជីពនោះ បានរងបណ្តឹងពីភាគីរោងចក្រ រហូតត្រូវទៅបំភ្លឺនៅតុលាការ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ទាក់ទិនបណ្តឹងរបស់ក្រុមហ៊ុនកាត់ដេរ Southland (Cambodia) Co.Ltd, ដែលចោទលោកពីបទ «ក្លែងលិខិត និងផ្តល់ព័ត៌មានមិនពិត»។
បណ្តឹងប្រឆាំងនឹងមេដឹកនាំសម្ព័ន្ធសហជីពរូបនេះ កើតមានឡើង បន្ទាប់ពីសម្ព័ន្ធសហជីពចលនាកម្មករ ជួយជ្រោមជ្រែងកម្មករនៅក្នុងរោងចក្រកាត់ដេរ Southland ឲ្យបង្កើតសហជីពការពារប្រយោជន៍កម្មករ ជំនួសឲ្យសហជីពដែលមានស្រាប់តែមិនសូវគិតពីសុខទុក្ខរបស់កម្មករ។
លោក ប៉ាវ ស៊ីណា បានប្រាប់ VOA នាថ្ងៃព្រហស្បតិ៍នេះថា បណ្តឹងរបស់ក្រុមហ៊ុនចិននេះ ធ្វើឡើងដោយសារតែលិខិតជូនដំណឹងអំពីការបង្កើតសហជីពចលនាកម្មករប្រចាំរោងចក្រ Southland មានការសរសេរខុសឈ្មោះអ្នកជាប់ឆ្នោត (ឈ្មោះ «ប៉ិច សាវ៉ាត» និង «សៀង វិចិត្រ» សរសេរខុសថា «ប៉ិច សុវ៉ាត» និង «សៀង វិចិត្ត») ឲ្យធ្វើជាមេដឹកនាំសហជីពនេះ។
លោក ប៉ាវ ស៊ីណា ពន្យល់ប្រាប់ VOA ថា៖
«សហជីពខ្ញុំ គឺបានជូនលិខិតជូនដំណឹងពីកម្មករនៅក្នុងរោងចក្រហ្នឹង ដែលគាត់បានបោះឆ្នោតបង្កើតសហជីព ហើយយើងបានបញ្ជូនបេក្ខជនដែលជាប់ឆ្នោតហ្នឹង ទៅឲ្យភាគីបានដឹង។ ដូច្នេះការបញ្ជូនទៅហ្នឹង វាមានខុសបច្ចេកទេស ទៅនឹងអក្ខរាវិរុទ្ធអីផ្សេងៗហ្នឹង ខុសអក្សរណ៎ា ខុសអក្ខរាវិរុទ្ធ ដល់អញ្ចឹងទៅ ក្រុមហ៊ុន វាមានចេតនា ក្នុងការទប់ស្កាត់មិនឲ្យយើងបង្កើតសហជីពនៅហ្នឹង ឬក៏គេហៅថា ជាចេតនារើសអើងហ្នឹង ក៏បានប្តឹងខ្ញុំទៅកាន់តុលាការពីបទក្លែងបន្លំ និងគេហៅថា ផ្តល់ព័ត៌មានមិនពិតនោះបាទ»។
យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា លោកបានបដិសេធមិនឆ្លើយទៅនឹងសំណួររបស់លោកព្រះរាជអាជ្ញារង ខាំ សុផារី ដោយហេតុថា បណ្តឹងប្រឆាំងរូបលោកនោះ ក៏បានសរសេរខុសឈ្មោះរបស់លោកផងដែរ។ លោកបន្តថា រោងច្រក Southland បានដំណើរការជាង១៥ឆ្នាំហើយ និងមានកម្មករប្រមាណ ២.៥០០នាក់។ លោកបញ្ជាក់បន្ថែមថា លោកនឹងបឹ្តងបកទៅក្រុមហ៊ុនវិញ ព្រោះបណ្តឹងប្រឆាំងរូបលោកបានសរសេរឈ្មោះលោកខុស។
យោងទៅតាមដីកាដែល VOA បានទទួលនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ឈ្មោះលោក «ប៉ាវ ស៊ីណា» ត្រូវបានសរសេរថា «បាវ ស៊ីណា» ដែលជាឈ្មោះក្រុមហ៊ុនបានសរសេរក្នុងពាក្យបណ្តឹងរបស់ខ្លួន ដោយមិនមានសញ្ញាធ្មេញកណ្តុរ ឬមូសិកទន្ត។
លោកព្រះរាជអាជ្ញារង ខាំ សុផារី បដិសេធផ្តល់ការអធិប្បាយ ដោយលោកពុំអាចផ្តល់ព័ត៌មានតាមទូរស័ព្ទបានទេ ហើយសុំឲ្យអ្នកយកព័ត៌មាននៃ VOA ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
VOA ព្យាយាមសុំការអធិប្បាយពីរដ្ឋបាលរោងចក្រ Southland តែលេខទូរស័ព្ទលើតុដែលរោងចក្របានផ្តល់ជូនសមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា មិនដំណើរការ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានមានប្រសាសន៍ថា បណ្តឹងរបស់រោងចក្រនេះ គឺមានចេតនារារាំងមិនឲ្យមានការបង្កើតសហជីពឯករាជ្យ ដើម្បីការពារសិទ្ធិរបស់កម្មករ។ លោកបានហៅកំហុសនៃការសរសេរឈ្មោះកម្មករខុស គឺជារឿងទូទៅ និងមិនមែនជាឧបសគ្គធំដុំដល់ការបង្កើតសហជីពនោះដែរ។
លោក អាត់ ធន់ បញ្ជាក់ប្រាប់ VOA ថា៖
«កម្មករគ្រាន់តែខុសឈ្មោះ គឺរាប់ពាន់ រាប់ពាន់ រាប់ម៉ឺននាក់។ អ្នកខុសឈ្មោះហ្នឹងណ៎ា អ្នកខ្លះខុស ស្រះអិ ខុសស្រះអី។ អ្នកខ្លះយកឈ្មោះគេមកប្រើសិនដើម្បីធ្វើការសិន ហើយដោយសារស្រុកខ្មែរយើងហ្នឹងអត់មានអត្តសញ្ញាណប័ណ្ណអីបានគ្រប់គ្នា អញ្ចឹងគឺមានបញ្ហា រឿងទីមួយ។ អញ្ចឹង ចេតនានៃតុលាការហៅគាត់មកសួរនេះ ខ្ញុំគិតថា ជាបណ្តឹងរបស់ក្រុមហ៊ុនទេ ដែលសំខាន់បំផុតនៃក្រុមហ៊ុនហ្នឹងគឺ គោលបំណងមិនចង់ឲ្យសហជីពនៅហ្នឹង ហើយចង់រកវិធីប្តឹងផ្តល់ដើម្បីបង្អាក់ ឬក៏ធ្វើឲ្យសកម្មភាពបង្កើតសហជីពនៅហ្នឹងអត់បានទេ។ អាហ្នឹង សកម្មភាពអញ្ចឹងច្រើនជាង»។
បណ្តឹងប្រឆាំងលោក ប៉ាវ ស៊ីណា បានកើតឡើងផងដែរ នៅស្របពេលដែលរដ្ឋាភិបាលកំពុងពន្លឿនការបង្កើតច្បាប់សហជីព ដែលផ្តល់ក្តីបារម្ភដល់ក្រុមមេដឹកនាំសហជីពធំៗ ព្រោះពួកគេចោទថា ច្បាប់នេះរឹតត្បិតសិទ្ធិសេរីភាពនៃការចងក្រងសហជីព។ ថ្មីៗនេះ ព្រឹទ្ធសភាខ្មែរ បានផ្តល់សេចក្តីទុកចិត្តលើសេចក្តីព្រាងច្បាប់សហជីព។
លោក អាត់ ធន់ ថ្លែងថា បណ្តឹងប្រឆាំងលោក ប៉ាវ ស៊ីណា ជាសញ្ញាណមួយនៃការបំបិទសិទ្ធិរបស់កម្មករក្នុងការចងក្រងសហជីព នៅគ្រាដែលសេចក្តីព្រាងច្បាប់សហជីពមិនទាន់ក្លាយជាច្បាប់នៅឡើយ។ លោកថា ស្ថានភាពនៃការបង្កើតសហជីពឯករាជ្យបម្រើប្រយោជន៍កម្មករអាចនឹងកាន់តែអាក្រក់ទៅ ប្រសិនបើសេចក្តីព្រាងច្បាប់នេះបានក្លាយជាច្បាប់ពិតប្រាកដ។
លោក អាត់ ធន់ ថ្លែងថា៖
«នេះៗហើយដែលយើងបារម្ភនោះ ច្បាប់ចាស់ មិនទាន់ទាំងមានផង គេយកច្បាប់ព្រហ្មទណ្ឌច្បាប់អីមក មក មកធ្វើការបង្អាក់បន្ទុចនូវសកម្មភាពការបង្កើតសហជីព។ ល្មមអាចច្បាប់ចេញទៀត ខ្ញុំគិតថា នឹងមានបញ្ហាច្រើនណាស់ ហើយដែលនិយោជកមានឱកាសនៅក្នុងការធ្វើឲ្យដំណើរការចុះបញ្ជីហ្នឹង គឺពិបាកហ្មង»។
នៅក្នុងប្រទេសកម្ពុជាមានសហជីពចំនួន៣.២១៤ ដែលបានចុះបញ្ជីបច្ចុប្បន្ននេះ ក៏ប៉ុន្តែមានតែសហជីពជាង១.០០០ប៉ុណ្ណោះ ដែលមានសកម្មភាពជួយកម្មករ។ សហជីពឯករាជ្យមួយចំនួនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកម្មករ ជាពិសេសគឺកម្មករដែលកំពុងធ្វើការក្នុងឧស្សាហកម្មកាត់ដេរ។
ប្រជាពលរដ្ឋខ្មែរជាស្រ្តីប្រមាណជា៦០០.០០០នាក់កំពុងធ្វើការនៅក្នុងវិស័យនេះ។ កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់របស់ខ្លួនមួយភាគធំទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ការនាំចេញនៅក្នុងវិស័យកាត់ដេរនេះ មានទឹកប្រាក់ជាង៤.៥០០លានដុល្លារនៅក្នុងឆ្នាំ២០១៥៕