អ្នកគាំទ្រគណបក្សសាធារណរដ្ឋ និងអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ មានប្រតិកម្មផ្ទុយគ្នាចំពោះការជជែកដេញដោល កាលពីយប់ថ្ងៃអង្គារ រវាងលោកប្រធានាធិបតី Donald Trump និងលោក Joe Biden ដែលជាគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យ។
អ្នកស្រី Ronna McDaniel ប្រធានគណៈកម្មាធិការជាតិគណបក្សសាធារណរដ្ឋ បានសរសេរនៅលើ Twitter ក្រោយពេលការជជែកដេញដោលបានបញ្ចប់ថា៖
«សម្រាប់រយ:ពេល ៩០ នាទី លោក Donald Trump បានលើកឡើងប្រកបដោយទំនុកចិត្ត មានភាពជាអ្នកដឹកនាំ និងគួរឲ្យចាប់អារម្មណ៍ សម្រាប់ការឈរឈ្មោះនៅអាណត្តិទីពីររបស់លោក និងបានរិះគន់លោក Biden ថាបានគាំទ្រគោលនយោបាយជ្រុលនិយម ដែលនឹងដំឡើងពន្ធ បំផ្លាញការងារ និងធ្វើឲ្យសហគមន៍គ្មានសុវត្ថិភាពជាងមុន»។
លោក Tim Murtaugh ប្រធានផ្នែកទំនាក់ទំនងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump បានបញ្ជាក់ថា៖ «អ្វីដែលអ្នកទស្សនាបានឃើញ គឺលោកប្រធានាធិបតី Trump ដែលនាំមុខគ្រប់ទិដ្ឋភាពទាំងអស់នៃការជជែកដេញដោល និងលោក Joe Biden ដ៏ខ្សោយម្នាក់»។
ចំណែកឯអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យវិញ បានសរសើរលោក Biden និងបាននិយាយថាលោក Trump បានផ្ដល់ហេតុផលគ្រប់គ្រាន់ថា លោក Trump ខ្លួនឯងមិនសក្តិសមនឹងជាប់ឆ្នោតនៅអាណត្តិទីពីរ។
លោក Cory Booker សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ New Jersey ខាងគណបក្សប្រជាធិបតេយ្យ បានសរសេរនៅលើ Twitter ថា៖
«លោក Donald Trump បានធ្វើឲ្យសហរដ្ឋអាមេរិកបរាជ័យដោយការដឹកនាំពោរពេញដោយការភូតកុហក ភាពអួតក្អេងក្អាង និងខ្ជីខ្ជារ។ លោក Booker បានបរិហារជាពិសេសលើលោក Trump ដែលបានបដិសេធមិនថ្កោលទោសក្រុមពលរដ្ឋស្បែកសដែលគិតថាខ្លួនឯងអស្ចារ្យជាងគេ តែបែរជាប្រាប់ឲ្យក្រុមនោះ «ត្រៀមខ្លួន» វិញ។
អ្នកទស្សនាការជជែកដេញដោលជាច្រើននាក់ រួមមានអ្នកស្រី Karen Attiah ការីនិពន្ធបទអត្ថាធិប្បាយសកលរបស់កាសែត The Washington Post បានរិះគន់ខ្លាំងខ្លាលើការឈ្លោះប្រកែកកាត់សម្តីគ្នារវាងបេក្ខជនទាំងពីរ។ អ្នកស្រីបានហៅព្រឹត្តិការណ៍នេះថាជា «ការអាម៉ាស់មួយសម្រាប់ប្រទេសជាតិ»។
សម្រាប់អ្នកខ្លះទៀត ដូចជាលោក Michael Beschloss ប្រវត្តិវិទូផ្នែកប្រធានាធិបតី បានដាក់កំហុសខ្លាំងក្លាលើលោកប្រធានាធិបតី Trump។ លោកបានសរសេរដូច្នេះថា៖
«លទ្ធិប្រជាធិបតេយ្យត្រូវបានលោកប្រធានាធិបតី Trump ធ្វើឲ្យដូចសំរាមអញ្ចឹង កាលពីយប់មិញ។ លោក Trump បានបំពានលើវិន័យ [នៃការជជែកដេញដោល]។ លោក Trump បានបដិសេធមិនថ្កោលទោសក្រុមជនស្បែកស ដែលគិតថាខ្លួនឯងអស្ចារ្យជាងគេ និងមិនអាចអត់ធ្មត់បានជាមួយនឹងការប្រឆាំងគ្រប់ទម្រង់ទាំងអស់ ដែលនេះជាសញ្ញាបង្ហាញឲ្យឃើញថា អាណត្តិទីពីររបស់លោក នឹងទៅជាដូចម្ដេចនោះ»។
ចំណែកឯអតីតសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋលោក Jeff Flake វិញ បានបង្ហាញការខកចិត្តចំពោះទិដ្ឋភាពទាំងស្រុង [នៃការជជែកដេញដោលនេះ]។ លោកបានសរសេរនៅលើ Twitter ថា៖ «សហរដ្ឋអាមេរិកជាប្រទេសប្រសើរជាង អ្វីដែលបានបង្ហាញកាលពីយប់មិញ»។
លោក Larry Sabato អ្នកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ University of Virginia បានបង្ហោះសារលើ Twitter ថា៖ «លុបចោលការជជែកដេញដោលពីរលើកទៀតទៅ»។
ប៉ុន្តែ លោក Murtaugh ប្រធានផ្នែកទំនាក់ទំនងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump បានការពារការជជែកដេញដោលនេះថា មានលក្ខណៈរស់រវើក។
លោកបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថា ការសន្ទនាដោយសេរី ដូចដែលលោកប្រធានាធិបតីបានធ្វើគឺពិតជាល្អ។ ការសន្ទនាដូចនេះអនុញ្ញាតឲ្យមានការផ្ដោះប្តូរគំនិតប្រសើរជាងមុនច្រើន និងសម្រាប់អ្នកទស្សនាឲ្យឃើញនូវភាពខុសគ្នាពិតប្រាកដរវាងបេក្ខជនទាំងពីរ»៕