អ្នកស្រី Bonna Neang Weinstein អង្គុយសម្រក់ទឹកភ្នែកដោយស្ងាត់ៗ។ លោក Howard Weinstein ដែលជាស្វាមីរបស់អ្នកស្រីដែលអង្គុយក្បែរនោះ កាន់ដៃរបស់អ្នកស្រីជាប់ដើម្បីលួងលោមអ្នកស្រី។
អ្នកស្រី Bonna Neang Weinstein បានមើលស្នាដៃសិល្បៈមួយដែលមានឈ្មោះថា «បង្សុកូល៖ ការរំឭកដល់កម្ពុជា» កាលពីថ្ងៃទី ១៥ ខែ ធ្នូ នៅឯមជ្ឈមណ្ឌលសម្តែងសិល្បៈ Brooklyn Academy of Music ដែលហៅកាត់ថា (BAM) ក្នុងកម្មវិធី Next Wave Festival ដែលជាកម្មវិធីបង្ហាញពីស្នាដៃសិល្បៈច្នៃប្រឌិតថ្មីៗ។ ក្រោយពីមើលការសម្តែងចប់ អ្នកស្រីបានថ្លែងថា «នឹកឃើញទាំងអស់ នឹកឃើញខ្លួនឯងទៀត»។
«បង្សុកូល» គឺជាស្នាដៃសិល្បៈបែប Symphony ធំបំផុតដំបូងបង្អស់ ដែលត្រូវបានចងក្រងឡើងដើម្បីរំឭកដល់វិញ្ញាណក្ខន្ធពលរដ្ឋខ្មែរប្រមាណ១លាន៧សែននាក់ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ការសម្តែងនេះបានធ្វើឲ្យអ្នកស្រី Bonna Neang Weinstein ដែលជាអ្នករស់រានមានជីវិតពីរបបនេះ នឹកឃើញដល់ជីវិតរបស់ខ្លួននៅក្នុងពេលនោះ។
អ្នកស្រី Bonna Neang Weinstein ដែលបានមករស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៨៤ បាននិយាយប្រាប់ VOA ជាមួយនឹងទឹកភ្នែករលីងរលោងថា «ខ្ញុំមើលទៅរូបភាពអស់ហ្នឹង ការសម្តែងអស់ហ្នឹង ខ្ញុំសឹងតែមិនជឿថាខ្ញុំរស់នៅរបៀបហ្នឹងក្នុងពេលអាពតហ្នឹង ខ្ញុំសឹងមិនជឿ ខ្ញុំរស់នៅរបៀបហ្នឹង ហើយអាចមានជីវិតមកវិញទៀត»។
ស្នាដៃសិល្បៈ«បង្សុកូល»នេះ ក៏ជាការសហការគ្នាលើកដំបូងបង្អស់រវាងលោកបណ្ឌិត ហ៊ឹម សុភី ដែលជាអ្នកនិពន្ធបទភ្លេង និងលោក ប៉ាន់ រិទ្ធី ដែលជាផលិតករខ្សែភាពយន្តលំដាប់អន្តរជាតិ ដែលបានដឹកនាំស្នាដៃសិល្បៈនេះ។ លោក ប៉ាន់ រិទ្ធី គឺជាអ្នកដឹកនាំខ្សែភាពយន្ត «The Missing Picture» ដែលបានចូលរួមប្រកួតយកពានរង្វាន់ អូស្ការ ផ្នែកខ្សែភាពយន្តបរទេស កាលពីឆ្នាំ២០១៣។
សិល្បករទាំងពីររូបនេះគឺជាអ្នកដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម ដែលត្រូវបានគេប៉ាន់ស្មានថា សិល្បករប្រមាណ៩០ភាគរយត្រូវបានសម្លាប់។ លោកទាំងពីរគឺជាអ្នកនាំមុខគេក្នុងការស្តារនិងអភិរក្សវប្បធម៌ខ្មែរ ដែលស្ទើរតែត្រូវបានបំផ្លិចបំផ្លាញអស់ ហើយក៏ជាអ្នកដែលអប់រំដល់មនុស្សជំនាន់ក្រោយអំពីកេរមរតកខ្មែរផងដែរ។ ដោយសារការសម្លាប់ដ៏ឃោរឃៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមរវាងឆ្នាំ១៩៧៥និងឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាប្រមាណពាក់កណ្តាលមានអាយុក្រោម២៥ឆ្នាំ។
ស្នាដៃសិល្បៈដែលបានសម្តែងឡើងនៅក្នុងទីក្រុង ញូវយ៉ក នេះ ក៏មានគោលបំណងចង់បង្ហាញដល់ប្រជាជនកម្ពុជាដែលនៅក្រៅប្រទេសផងដែរ។ ការសម្តែងសិល្បៈនេះបានសម្តែងលើកដំបូងនៅក្នុងប្រទេស អូស្ត្រាលី ដែលត្រូវបានកាសែត Sydney Morning Herald ពណ៌នាថា «ជាពន្លឺក្រោយពីភាពងងឹតសូន្យសុងនិងជាការរស់រានមានជីវិតឡើងវិញ...»។ ក្រោយពីការសម្តែងនៅទីក្រុង បុសស្តុន រដ្ឋ Massachusetts ដែលបានលក់សំបុត្រអស់គ្មានសល់រួចមក ស្នាដៃសិល្បៈនេះនឹងបន្តទៅសម្តែងនៅមជ្ឈមណ្ឌលសម្តែងសិល្បៈ Philharmonie de Paris នៅឆ្នាំក្រោយ មុននឹងទៅសម្តែងនៅប្រទេសកម្ពុជានៅឆ្នាំ២០១៩ ដើម្បីរំឭកខួបទី៤០ក្រោយការបញ្ចប់របបខ្មែរក្រហម។
ស្នាដៃសិល្បៈ«បង្សុកូល» ត្រូវបានដាក់ឈ្មោះតាមពិធីសាសនាព្រះពុទ្ធដែលភាគច្រើនប្រជាជនខ្មែរប្រារព្ធក្នុងពិធីបុណ្យសព។ ពិធីបង្សុកូលគឺជាការដាក់ក្រណាត់សគ្របលើរាងកាយអ្នកស្លាប់និងដកក្រណាត់នោះមកវិញ ដើម្បីបញ្ជូនវិញ្ញាណក្ខន្ធរបស់អ្នកស្លាប់ឲ្យទៅសុគតិភព។
ចុចមើលវីដេអូការសម្តែងសិល្បៈ«បង្សុកូល»ពីអង្គការសិល្បៈខ្មែរអមតៈ
បង្សុកូលក៏ជាការឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់នៅតាមវត្តអារាម ដោយមានការសូត្រធម៌និងប្រគេនទ័យទានដល់ព្រះសង្ឃផងដែរ។
ទស្សនិកជនដែលចូលទស្សនាការសម្តែងសិល្បៈ«បង្សុកូល»ឃើញមានក្រណាត់សមួយផ្ទាំងដាក់នៅលើកៅអីរបស់ពួកគេរៀងៗខ្លួន និងមានភ្ជាប់ជាមួយនឹងកំណត់ត្រាមួយសរសេរថា «យើងខ្ញុំសូមអញ្ជើញលោកអ្នកយកក្រណាត់សនេះបង់កក្នុងអំឡុងពេលដែលលោកអ្នកមើលការសម្តែងនេះ»។
ស្នាដៃសិល្បៈ«បង្សុកូល» ច្របាច់បញ្ចូលគ្នានូវភ្លេងបុរាណខ្មែរ ចម្រៀង ស្មូត ជាមួយនឹងភ្លេងបស្ចឹមប្រទេស អមដោយការច្រៀងបន្ទររបស់ក្រុមសិល្បករតៃវ៉ាន់ ដែលនិពន្ធទំនុកច្រៀងដោយលោក Trent Walker។
នៅក្នុងការសម្តែងរយៈពេលប្រមាណមួយម៉ោងនេះ ក៏មានវីដេអូនិងរូបភាពឯកសារ ដែលបង្ហាញពីជនភៀសខ្លួនខ្មែរ ជនរងគ្រោះក្នុងរបបខ្មែរក្រហម និងប្រជាជនខ្មែរស្លៀកពាក់ឈុតខ្មៅដែលត្រូវបានបង្ខំឲ្យធ្វើស្រែចំការ ដែលត្រូវបានដាក់បង្ហាញតាមរយៈអេក្រង់ធំៗបីនៅខាងក្រោយអ្នកសម្តែងផងដែរ។
វីដេអូនៅក្នុងការសម្តែងនោះក៏មានឈុតមួយដែលមានយន្តហោះជាច្រើនគ្រឿងទម្លាក់គ្រាប់បែក និងមានវីដេអូខ្លីមួយដែលបង្ហាញរូបអតីតប្រធានាធិបតីអាមេរិក លោក Richard Nixon និយាយថា «ប្រជាជនខ្មែរ មិនមែនប្រជាជនអាមេរិកនោះទេ ដែលត្រូវសម្លាប់»។
អ្នកស្រី Bonna Neang Weinstein និយាយថា «ឃើញគេធ្វើស្អីហ្នឹង គឺខ្ញុំខ្លួនខ្ញុំទៅដល់កន្លែងហ្នឹងហ្មង។ ខ្ញុំមើសប៉ុន្មានជាង៣០ឆ្នាំជិត៤០ឆ្នាំហើយ ប្រហែលជា៨០ភាគរយ ខ្ញុំនៅយល់សប្តិឃើញថា ខ្ញុំនៅអាពតនៅឡើយ»។
សម្រាប់ទស្សនិកជនជាច្រើន ឥទ្ធិពលនៃអតីតកាលបានធ្វើឲ្យពួកគេសម្រក់ទឹកភ្នែកដោយស្ញៀមស្ងាត់។
អ្នកស្រី ទោ វឿន វ័យ៧៩ឆ្នាំ រស់នៅក្នុងទីក្រុង Alexandria រដ្ឋ Virginia បាននិយាយប្រាប់ VOA ដោយសម្រក់ទឹកភ្នែកថា «បើខ្ញុំដឹងថាការសម្តែងនេះនិយាយអំពីរបបខ្មែរក្រហម ខ្ញុំនឹងមិនមកមើលនោះទេ»។
ស្វាមីរបស់អ្នកស្រី ទោ វឿន ត្រូវបានគេសម្លាប់ក្នុងរបបខ្មែរក្រហម ដោយបន្សល់នូវកូនៗចំនួន៧នាក់ ទុកឲ្យអ្នកស្រីជាអ្នកចិញ្ចឹមបីបាច់ថែរក្សាតែម្នាក់ឯង ហើយបច្ចុប្បន្ននេះ កូនរបស់អ្នកស្រីប្រាំនាក់កំពុងរស់នៅសហរដ្ឋអាមេរិក ហើយអ្នកស្រីទើបតែដឹងថា កូនពីរនាក់ទៀតរបស់អ្នកស្រីកំពុងរស់នៅក្នុងប្រទេសកម្ពុជា ក្រោយពីវង្វេងគ្នាកាលពីរបបខ្មែរក្រហមបញ្ចប់។
សម្រាប់អ្នកស្រី Bonna Neang Weinstein ដែលជាម្ចាស់ហាងលក់គ្រឿងសិល្បៈខ្មែរKhmer Art Gallery នៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania ដែលបានទៅមើលការសម្តែងនោះជាមួយនឹងស្វាមីនិងកូនបីនាក់របស់អ្នកស្រី ឈុតវីដេអូដែលបង្ហាញពីលោកប្រធានាធិបតីអាមេរិក Nixon ធ្វើឲ្យអ្នកស្រីមានការឈឺចាប់។
អ្នកស្រីនិយាយថា «យំហ្នឹងគឺទឹកភ្នែករបស់ខ្ញុំហ្នឹងគឺទឹកភ្នែកឈឺចិត្ត អន់ចិត្តដោយសាររដ្ឋាភិបាលរបស់អាមេរិកដែលទម្លាក់ស្រុកយើងឲ្យទៅដល់ដំណាក់កាលហ្នឹង»។ នេះគឺជាព្រឹត្តិការណ៍ដែលមនុស្សជាច្រើនជឿជាក់ថា ជាឬសគល់បង្កឲ្យកើតមានរបបខ្មែរក្រហម។
អ្នកស្រី Bonna Neang Weinstein ដែលបានបាត់បង់សមាជិកគ្រួសារចំនួន៨នាក់នៅក្នុងរបបខ្មែរក្រហមបានថ្លែងថា «ការឈឺចាប់ ការខឹង អត់បាត់ទៅណាទេ ព្រោះអីព្រោះដោយសារ Nixon government គេអត់ទទួលស្គាល់ គេអត់សុំទោសខ្មែរយើង ម្ល៉ោះហើយមិនអាច heal កើតទេ»។
លោក ហ៊ឹម សុភី ដែលធ្លាប់និពន្ធទំនុកភ្លេងសម្រាប់ស្នាដៃសិល្បៈធំៗជាច្រើនមកហើយដូចជាស្នាដៃសិល្បៈ «ទីដំរីយំ» បានប្រាប់ VOA ថា ស្នាដៃសិល្បៈរបស់លោកមួយនេះ មិនត្រឹមតែដើម្បីរំឭកដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ក្នុងរបបខ្មែរក្រហមប៉ុណ្ណោះទេ។
លោកបានថ្លែងថា «ស្នាដៃតន្រី្ត«បង្សុកូល»របស់ខ្មែរយើងខុសពីគេ។ យើងថារំឭកដល់អ្នកដែលបានស្លាប់ហើយ ក៏ប៉ុន្តែយើងក៏បានជូនពរនិងជួយលើកទឹកចិត្តដល់អ្នកដែលបាននៅរស់ដើម្បីជួយឲ្យមានសេចក្តីសង្ឃឹមទៅថ្ងៃអនាគត ដោយរស់នៅរក្សាផែនដី ស្រឡាញ់មនុស្សដូចគ្នា»។
លោក ហ៊ឹម សុភី បានថែ្លងបន្តទៀតថា «ស្នាដៃនេះគឺជាស្នាដៃរបស់ប្រជាជននៅលើពិភពលោកដែលទទួលរងគ្រោះដោយសារអំពើប្រល័យពូជសាសន៍សង្គ្រាម។ ហើយស្នាដៃនេះគឺជាការព្រមាន គឺជាការប្រាប់ទុកមុនដល់ពិភពលោក ដើម្បីឲ្យស្គាល់ ឲ្យយល់ ហើយឲ្យរក្សានូវសុខសន្តិភាពនៅលើពិភពលោក ឲ្យស្រឡាញ់មនុស្សដូចគ្នា»។
សារព្រមាននៅក្នុងការសម្តែងសិល្បៈនេះគឺជាអ្វីដែលទស្សនិកជនដូចជាលោក Jonathan Hulland ដែលជាមន្ត្រីកម្មវិធីជាន់ខ្ពស់នៃ American Jewish World Service ក្នុងទីក្រុង ញូវយ៉ក ទទួលបាន។ លោកបានថ្លែងប្រាប់ VOA ក្រោយពីការសម្តែងបានបញ្ចប់ថា តាមរយៈការបង់កក្រណាត់សនេះ ធ្វើឲ្យលោកមានអារម្មណ៍ថា លោកបានចូលរួមនៅក្នុងការសម្តែងសិល្បៈនោះ។
លោក Hulland ដែលធ្លាប់ទៅប្រទេសកម្ពុជាចំនួន៤ដង ហើយទើបតែត្រឡប់មកវិញលើកចុងក្រោយបង្អស់កាលពីខែ តុលា កន្លងទៅនេះ បានឲ្យតម្លៃខ្ពស់ទៅលើការព្រមានដែលបានបង្កប់អត្ថន័យនៅក្នុងការសម្តែងសិល្បៈនេះ។
លោក Hulland ដែលជាជនជាតិអង់គ្លេស ហើយបច្ចុប្បន្នមានសញ្ជាតិអាមេរិក បាននិយាយថា «ខ្ញុំមានអារម្មណ៍ថាអាម៉ាស់និងមានកំហុស។ ឥឡូវនេះខ្ញុំមានសញ្ជាតិអាមេរិកហើយ ហើយខ្ញុំពិតជាមានអារម្មណ៍ថា ប្រទេសនេះត្រូវទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើង»។
លោក Joseph Melillo ផលិតករប្រតិបត្តិនៃមជ្ឈមណ្ឌលសម្តែងសិល្បៈ BAM បានថ្លែងថា «BAM ដើរតួនាទីយ៉ាងសំខាន់មួយ មិនមែនតែនៅក្នុងទីក្រុង ញូវយ៉ក នេះប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងប្រទេសនេះទាំងមូល ក្នុងការបង្ហាញពីវប្បធម៌របស់យើង និងស្នាដៃសិល្បៈនៃវប្បធម៌ដទៃទៀត»។
លោក Melillo ដែលធ្លាប់ទៅប្រទេសកម្ពុជាចំនួនពីរដង បាននិយាយថា លោកបានសម្រេចជ្រើសរើសស្នាដៃសិល្បៈ«បង្សុកូល» ឲ្យមកសម្តែងនៅមជ្ឈមណ្ឌលសម្តែងសិល្បៈនេះ ដោយសារតែលោក ព្រីម ភ្លឿន ដែលជានាយកប្រតិបត្តិនៃអង្គការសិល្បៈខ្មែរអមតៈ «ដែលមានចក្ខុវិស័យច្បាស់លាស់ចំពោះអ្វីដែលលោកចង់ធ្វើសម្រាប់ប្រទេសរបស់ខ្លួន»។
ការសម្តែងនេះត្រូវបានរៀបចំឡើងដោយអង្គការសិល្បៈខ្មែរអមតៈ ដែលជាអង្គការមិនស្វែងរកប្រាក់កម្រៃមួយ ដែលធ្វើការដើម្បីជួយស្តារសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់។
អ្នកស្រី Mary Read ដែលជាសមាជិកក្រុមទេសាភិបាលនៃអង្គការសិល្បៈខ្មែរអមតៈបានមានប្រសាសន៍ថា ស្នាដៃសិល្បៈ«បង្សុកូល»បានបង្ហាញថា «មនុស្សមានក្តីមេត្តាធម៌»។
អ្នកស្រី Read ដែលត្រូវបានគេស្គាល់ក្នុងប្រទេស អូស្ត្រាលី និងជាអន្តរជាតិចំពោះហាងលក់សម្លៀកបំពាក់ដែលច្នៃប្រឌិតជាពិសេសរបស់អ្នកស្រីក្នុងទីក្រុង ស៊ីដនី បាននិយាយថា «សិល្បៈតក់ជាប់ក្នុងបេះដូង។ តាមរយៈការព្យាបាលបេះដូង អ្នកអាចព្យាបាលដួងព្រលឹងនៃប្រទេសនេះបាន»។
ការសម្តែងសិល្បៈនេះបញ្ចប់ទៅជាមួយនឹងរបាំ ឆៃយ៉ាំ ដ៏សប្បាយរីករាយ ជាមួយនឹងកុមារា កុមារី ពីរនាក់ដែលរៀនរាំរបាំនិងរៀនលេងឧបករណ៍តន្រ្តីបុរាណខ្មែរ។ កុមារទាំងពីរនាក់នោះគឺជាជនជាតិអាមេរិកាំងដើមកំណើតខ្មែរដែលបានស្ម័គ្រចិត្តចូលរួមសម្តែង។
តារាហូលីវូដដ៏មានឥទ្ធិពល អ្នកស្រី Angelina Jolie ដែលមានសញ្ជាតិខ្មែរនិងបានដឹកនាំថតខ្សែភាពយន្ត «ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ជាមួយនឹងលោក ប៉ាន់ រិទ្ធី បានទៅមើលការសម្តែងនោះកាលពីយប់ថ្ងៃ សៅរ៍ ទី ១៦។ អ្នកស្រី Jolie បាននាំកូនប្រុសរបស់អ្នកស្រី Maddox Jolie-Pitt ដែលអ្នកស្រីបានយកទៅចិញ្ចឹមពីប្រទេសខ្មែរ និងកូនស្រី Shiloh Jolie-Pitt ទៅមើលការសម្តែងនោះជាមួយដែរ ហើយពួកគេទាំងបីនាក់សុទ្ធតែពាក់អាវសនិងស្លៀកខោខ្មៅ ដែលជាឈុតសម្លៀកបំពាក់ខ្មែរសម្រាប់ពាក់ទៅពិធីបុណ្យសព។
អ្នកស្រី Jolie បានថ្លែងប្រាប់ VOA ក្រោយពីការសម្តែងបានបញ្ចប់ថា «ខ្ញុំគិតថា នេះគឺជាការសម្តែងដ៏រស់រវើក។ ការសម្តែងនេះត្រូវបានផលិតឡើងយ៉ាងល្អ។ វាមានឥទ្ធិពលខ្លាំងណាស់។ វាធ្វើឲ្យអ្នកតាំងសមាធិ។ វាប្រៀបដូចជាការសូត្រធម៌រយៈពេលមួយម៉ោងដើម្បីឧទ្ទិសកុសលនិងរំឭកដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ និងធ្វើឲ្យយើងគិតដល់ប្រវិត្តសាស្ត្រប្រទេសកម្ពុជា គឺប្រវត្តិសាស្ត្រដ៏យូរលង់ និងប្រវត្តិសាស្ត្រក្នុងពេលថ្មីៗនេះ នាំយើងឲ្យគិតដល់បច្ចុប្បន្នកាល និងនាំយើងទៅកាន់អនាគតមួយដ៏មានសង្ឃឹម»៕