ខណៈដែលការចោទប្រកាន់់ប្រធានាធិបតីស.រ.អា.លោក ដូណាល់ ត្រាំ បានផ្ទុះឡើងបន្ទាប់ពីការតតាំងគ្នាដ៏ជូរចត់អំពីនីតិវិធីនោះ ភាគីទាំងពីរគឺគណបក្សទាំងពីរក្នុងជម្លោះដ៏កក្រើកនេះ កំពុងតតាំងគ្នាមួយវគ្គទៀតគឺបញ្ហាសាក្សី។
ក្រុមគណបក្សប្រជាធិបតេយ្យមានបញ្ជីឈ្មោះសាក្សីបួននាក់ ដែលពួកគេនិយាយថា អាចបំពេញចន្លោះប្រហោងក្នុងការចោទប្រកាន់ប្រឆាំងនឹងលោក ត្រាំ។ មន្ត្រីទាំងបួនរូបនេះបានបដិសេធមិនផ្តល់សក្ខីកម្ម ដោយផ្តល់ហេតុផលផ្សេងៗគ្នានៅក្នុងការសាកសួររបស់សភាដែលបាននាំឱ្យមានការចោទប្រកាន់លោក ត្រាំ ពីបទរំលោភអំណាចនិងរារាំងសភា។ លោក John Bolton អតីតទីប្រឹក្សាសន្តិសុខជាតិមានឈ្មោះនៅផ្នែកខាងលើនៃបញ្ជីឈ្មោះនេះ។ លោកបាននិយាយថា លោកនឹងផ្តល់សក្ខីកម្ម ប្រសិនបើមានការកោះហៅ។
ខាងគណបក្សសាធារណរដ្ឋវិញ សមាជិកព្រឹទ្ធសភាភាគច្រើននៅតែជំទាស់នឹងការកោះហៅសាក្សីបន្ថែម ដោយនិយាយថា បណ្តឹងរបស់គណបក្សប្រជាធិបតេយ្យប្រឆាំងនឹងលោក ត្រាំ គួរតែសម្រេចដោយផ្អែកលើសាក្សីចំនួន១៧នាក់ដែលបានសហការជាមួយការស៊ើបអង្កេត។
ប៉ុន្តែប្រសិនបើគណបក្សប្រជាធិបតេយ្យមានលទ្ធភាពក្នុងការកោះហៅលោក Bolton និងអ្នកដទៃទៀតឱ្យចូលរួមការជំនុំជម្រះក្តីនៅព្រឹទ្ធសភានោះ នោះគណបក្សសាធារណរដ្ឋក៏ចង់ហៅសាក្សីម្នាក់ទៀតគឺលោក Hunter Biden កូនប្រុសរបស់លោក Joe Biden អតីតអនុប្រធានាធិបតី។
ដោយសារគណបក្សប្រជាធិបតេយ្យមានសំឡេងតែ៤៧អាសនៈក្នុងព្រឹទ្ធសភា១០០ អាសនៈ ដូច្នេះគណបក្សប្រជាធិបតេយ្យនឹងត្រូវបញ្ចុះបញ្ចូលសមាជិកសភាគណបក្សសាធារណរដ្ឋចំនួន៤នាក់ឲ្យ ស្របជាមួយពួកគេដើម្បីកោះហៅសាក្សីនៅសប្តាហ៍ខាងមុខនិងពង្រីកវិសាលភាពនៃនីតិវិធីនេះ។
ទីបំផុតការផ្តល់សក្ខីកម្មបន្ថែមណាមួយទំនងជាមិនមានឥទ្ធិពលលើមតិសាធារណៈឬមិនធ្វើឱ្យមានភាពខុសប្លែកគ្នានៅក្នុងការជំនុំជម្រះដែលលទ្ធផលគេអាចសន្និដ្ឋានជាមុននោះទេ៕