ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអំពីសមិទ្ធផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗចំនួនពីរ និងបានប្រកាសថា ពលរដ្ឋអាមេរិកាំងនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនមិនដែលធ្លាប់មានពីមុនមក។ លោកបានប្រកាសដូច្នេះនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅថ្ងៃអង្គារនេះ ក្នុងទីក្រុង Davos ប្រទេសស្វ៊ីស។
សុន្ទរកថារបស់លោក ត្រាំ នេះត្រូវបានធ្វើឡើង ប៉ុន្មានម៉ោងមុនពេលដែលសវនាការជំនុំជម្រះដោយព្រឹទ្ធសភាដើម្បីសម្រេចអំពីការដកហូតលោកចេញពីតំណែងចាប់ផ្ដើមនៅក្នុងសហរដ្ឋអាមេរិក។
លោក ត្រាំ បានប្រកាសអំពីបញ្ជីសមិទ្ធផលដែលលោកសម្រេចបានសម្រាប់ពលរដ្ឋអាមេរិកាំងវណ្ណៈកណ្ដាល និងសម្រាប់បណ្ដាក្រុមហ៊ុននានា ដែលរួមមានទាំងដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងចិន និងការអនុម័តរបស់ព្រឹទ្ធសភាទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយជាមួយនឹងប្រទេសកាណាដានិងប្រទេសម៉ិកស៊ិកផងដែរ។
លោក ត្រាំ បានជំរុញឲ្យបណ្ដាប្រទេសដទៃទៀតធ្វើតាមការដឹកនាំរបស់លោកនិងកាត់បន្ថយការិយាធិបតេយ្យដ៏ស្មុគស្មាញសម្រាប់ពលរដ្ឋរបស់ខ្លួន។
លោក ត្រាំ នឹងធ្វើជំនួបប្រជុំដាច់ដោយឡែកពីកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនេះជាមួយនឹងមេដឹកនាំពិភពលោកមួយចំនួន មុននឹងត្រឡប់មករដ្ឋធានីវ៉ាស៊ីនតោន វិញនៅរសៀលថ្ងៃពុធ ស្អែកនេះ៕