ការជំនុំជម្រះការចោទប្រកាន់ដកហូតប្រធានាធិបតីចេញពីតំណែងបានចាប់ផ្តើមដោយមានការជជែកដេញដោលពីច្បាប់ការជំនុំជម្រះការចោទប្រកាន់ដកហូតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចេញពីតំណែង បានចាប់ផ្តើមកាលពីថ្ងៃអង្គារនៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក ដោយមានការជជែកដេញដោលយ៉ាងខ្លាំងក្លាអំពីច្បាប់ដែលកំណត់ការជំនុំជម្រះបែបនេះលើកទី៣នៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិកអំពីថាតើគួរត្រូវបណ្តេញប្រធានាធិបតីចេញពីសេតវិមានអំពីបទចោទប្រកាន់ពីការរំលោភពាក្យសម្បថនៃការកាន់តំណែងរបស់លោកឬទេ។
លោក Pat Cipollone ប្រធានមេធាវីរបស់ប្រធានាធិបតីត្រាំបានហៅសំណើរកំណត់ពេលវេលារបស់លោក Mitch McConnell មេដឹកនាំសំឡេងភាគច្រើនរបស់ព្រឹទ្ធសភា ថាជា «ដំណើរការវិធីមួយដ៏ត្រឹមត្រូវ» ដែលនឹងនាំឲ្យប្រធានាធិបតីរួចទោសពីបទចោទប្រកាន់២នៃការចោទប្រកាន់ដកហូតប្រធានាធិបតីចេញពីតំណែងពីព្រោះតែលោកប្រធានាធិបតី «មិនបានធ្វើអ្វីខុសទាល់តែសោះ»។
នៅពេលដែលការកាត់ទោស បានចាប់ផ្តើម លោក McConnell បានដកចេញផែនការរបស់លោកសម្រាប់សម័យប្រជុំដែលមានរយៈពេល១២ម៉ោងដោយចាប់ផ្តើមពីថ្ងៃពុធរហូតដល់ថ្ងៃសៅរ៍នៅសប្តាហ៍នេះដែលអាចធ្វើឲ្យសម័យប្រជុំរបស់ព្រឹទ្ធសភាចូលក្នុងល្ងាចនេះដែលមានរយៈពេល៤ថ្ងៃជាប់ៗគ្នា។
ផ្ទុយទៅវិញ លោកបានកាត់បន្ថយសម័យប្រជុំដែលលោកបានស្នើមកត្រឹម៨ម៉ោងក្នុងមួយថ្ងៃ ដោយអ្នករៀបចំចាត់ចែងរបស់សភាតំណាងរាស្រ្ត ចាប់ផ្តើមដំណើរការរឿងក្តីប្រឆាំងនឹងប្រធានាធិបតីត្រាំជាងរយៈពេល៣ថ្ងៃ ហើយមេធាវីរបស់លោកប្រធា នាធិបតីត្រាំដែលការពារលោកក្នុងសម័យប្រជុំដែលមានរយៈពេល៨ម៉ោងក្នុង៣ថ្ងៃទៀត។
សមាជិកសភាតំណាងរាស្រ្ត Adam Schiff ដែលជាអ្នកចាត់ចែងសភាតំណាងរាស្រ្តនាំមុខម្នាក់ បានវាយប្រហារផែនការរបស់លោក McConnellពីព្រោះការណ៍នេះ ពន្យាពេលការបោះឆ្នោតរហូតដល់ពេលចុងក្រោយនៃការជំនំជម្រះស្តីពីថាតើត្រូវឲ្យបញ្ជូនឯកសាររបស់សេតវិមានខ្លះដែលទាក់ទិននឹងសកម្មភាពរបស់លោកត្រាំ ហើយនឹងកោះហៅសាក្សីដែលជាអ្នកជំនួយការសំខាន់ៗរបស់ប្រធានាធិបតីត្រាំ ដែលបានដឹងឮពីសកម្មភាពរបស់លោកនៅក្នុងការដាក់ការគៀបសង្កត់ប្រទេសអ៊ុយក្រែនឲ្យស៊ើបអង្កេតដែលនឹងផ្តល់ប្រយោជន៍ខាងនយោបាយដល់លោក៕