ថ្ងៃសុក្រនេះគឺជាថ្ងៃចុងក្រោយសម្រាប់ការដាក់បង្ហាញអំណះអំណាងរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងអង្គជំនុំជម្រះរបស់ព្រឹទ្ធសភាប្រឆាំងនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ។
បទចោទប្រកាន់លើលោក ត្រាំ ទំនងជានឹងមិនបានទទួលលទ្ធផលធំដុំអ្វីទេនៅក្នុង ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ក៏ប៉ុន្តែការណ៍នេះមិនបានបន្ទុចបង្អាក់គណបក្សប្រជាធិបតេយ្យក្នុងការដាក់បង្ហាញអំណះអំណាងរបស់ពួកគេ នៅចំពោះមុខសមាជិកព្រឹទ្ធសភាពាក់ព័ន្ធទៅនឹងអ្វីដែលគណបក្សប្រជាធិបតេយ្យមើលឃើញថា ជាការត្រឹមត្រូវនោះគឺការដកលោក ត្រាំ ចេញពីតំណែង។
លោក Adam Schiff សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យនិងជាប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភាបានថ្លែងនៅក្នុងអង្គជំនុំជម្រះរបស់ព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា៖ «ប្រសិនបើភាពត្រឹមត្រូវមិនមានសារៈសំខាន់នោះ មានន័យថាយើងកំពុងបាត់បង់។ ហើយប្រសិនបើការពិតមិនមែនជារឿងសំខាន់នោះ យើងក៏កំពុងបាត់បង់ដែរ»។
លោក Jerrold Nadler ប្រធានក្រុមរដ្ឋអាជ្ញារបស់រដ្ឋសភាដឹកនាំការកាត់ទោសដកប្រធានាធិបតីចេញពីតំណែងបានចាត់ទុកអំណះអំណាងរបស់លោក ត្រាំ ដែលអះអាងថា លោកមិនអាចត្រូវបានកាត់ទោសពីបទរំលោភអំណាចនោះ គឺជាការនិយាយផ្តេសផ្តាសប្រកបដោយគ្រោះថ្នាក់។
លោក Nadler ដែលជាប្រធានគណៈកម្មាធិការកិច្ចការច្បាប់នៃរដ្ឋសភាបានចាប់ផ្តើមថ្ងៃទីពីរនៃការដាក់ពាក្យបណ្ដឹងរបស់គណបក្សប្រជាធិបតេយ្យប្រឆាំងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងអង្គជំនុំជម្រះរបស់ព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ ដែលមានសមាជិកព្រឹទ្ធសភាចំនួន១០០នាក់នឹងធ្វើការសម្រេចថាតើលោកប្រធានាធិបតីមានទោសឬក៏គ្មានទោស។
លោក Nadler បានចោទប្រកាន់លោក ត្រាំ ថាប្រធានាធិបតីដែលមើលមិនឃើញពី ដែនកំណត់នៃអំណាចរបស់ខ្លួនគំរាមកំហែងដល់សាធារណៈ គឺជាការរំលោភអំណាច ក្បត់ជាតិ និងពុករលួយនៅក្នុងការបោះឆ្នោតដែលមិនអាចលើកលែងបាន»៕