ប្រទេសរាជាណាចក្រអេមីរ៉ាតអារ៉ាប់រួម និយាយថា ការវាយប្រហារដោយរ៉ុកកែតនៅថ្ងៃអង្គារនេះនៅភាគខាងត្បូងប្រទេសយេម៉ែន បានសម្លាប់ទាហាន១៥នាក់ រួមមានកងកម្លាំងរបស់យេម៉ែន និងសមាជិករបស់ក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ដែលគាំទ្រកងទ័ពយេម៉ែន។
បណ្តាញព័ត៌មានផ្លូវការឈ្មោះ WAM បានរាយការណ៍អំពីតួលេខមនុស្សស្លាប់នេះ ហើយបានចោទថា ការវាយប្រហារនៅទីក្រុងកំពង់ផែ Aden នេះគឺជាស្នាដៃរបស់ក្រុមបេះបោរ Houthi ដែលបានធ្វើការវាយប្រយុទ្ធជាមួយកម្លាំងរដ្ឋាភិបាលយេម៉ែនជាងមួយឆ្នាំមកហើយ។ ប្រទេសរាជាណាចក្រអេមីរ៉ាតអារ៉ាប់រួម គឺជាសមាជិកនៃក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតក្នុងការប្រយុទ្ធនឹងពួកបះបោរ។
មន្ត្រីយេម៉ែននិងអ្នកស្រុកនិយាយថា ពួកអ្នកវាយប្រហារបានបាញ់រ៉ុកកែតជាច្រើនគ្រាប់ រួមមានគ្រាប់រ៉ុកកែតមួយបានធ្លាក់ចំខ្លោងទ្វារសណ្ឋាគារដែលក្រុមមេដឹកនាំយេម៉ែនស្នាក់នៅ តាំងពីពួកគេបានវិលត្រឡប់ពីនីរទេសខ្លួននៅអារ៉ាប៊ីសាអូឌីតកាលពីខែកក្កដាមក។ រ៉ុកកែតមួយគ្រាប់ទៀតបានធ្លាក់ចំតំបន់ផ្ទះរបស់កងកម្លាំងតំបន់ឈូងសមុទ្រពែក ដែលគាំទ្ររដ្ឋាភិបាល។
លោក Khaled Bahah នាយករដ្ឋមន្ត្រីយេម៉ែននិងមន្ត្រីផ្សេងៗទៀតមិនមានរងរបួស ដោយការវាយប្រហារនោះទេ។ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Abdu Rabu Mansour Hadi បានភៀសខ្លួនចេញទៅទីក្រុង Aden កាលពីមួយឆ្នាំមុន ក្រោយពីក្រុម Houthis ចូលកាន់កាប់រដ្ឋធានី Sana ហើយបានភៀសខ្លួនបន្តទៀតទៅអារ៉ាប៊ីសាអូឌីតនៅខែមីនា ពេលពួក Houthisដណ្តើមកាន់កាប់ទីក្រុង Aden៕