ស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ព្រះសង្ឃ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនបានមកជួបប្រជុំគ្នានៅជើងភ្នំព្រះរាជទ្រព្យឬភ្នំឧត្ដុង្គ ជាទីដែលមានតម្កល់ព្រះសារីរិកធាតុរបស់សម្មាសម្ពុទ្ធ។
ការប្រមូលផ្ដុំរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងថ្ងៃ១៥កើត ខែវិសាខនេះ គឺធ្វើឡើងដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជា ដែលជាបុណ្យសំខាន់មួយក្នុងចំណោមបុណ្យសំខាន់ៗក្នុងព្រះពុទ្ធសាសនា។ ពិធីបុណ្យនេះត្រូវបានគេប្រារព្ធឡើងដើម្បីរំឭកដល់ព្រឹត្តិការណ៍ធំៗ៣ គឺថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូត ទ្រង់បានត្រាស់ដឹង និងព្រះអង្គចូលបរិនិព្វាន។
ក្នុងសម្លៀកបំពាក់ពណ៌ស លោកយាយ សៅ នុន ដូនជីនៅវត្តធម្មត្រ័យ និងជាសមាជិកនៃសមាគមដូនជីកម្ពុជរដ្ឋនៅវត្តកោះ ក្នុងភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល មានប្រសាសន៍ថា ដោយសារតែបុណ្យវិសាខបូជាជាបុណ្យដ៏សំខាន់របស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់ជាតិ លោកយាយតែងមកចូលរួមប្រារព្ធពិធីបុណ្យនេះនៅភ្នំឧត្ដុង្គជារៀងរាល់ឆ្នាំ។
ដូនជី សៅ នុនវ័យ៧៧ឆ្នាំបានបន្ថែមថា៖
«មានសារៈសំខាន់ យើងរំឭកគុណដល់ព្រះពុទ្ធ ជា ដូចថា ព្រះគ្រូរបស់យើង។ យើងគោរពបូជានឹកឃើញគុណលោក»។
ពិធីបុណ្យដែលមានការចូលរួមពីសម្ដេចសង្ឃទាំងពីរគណៈ និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ត្រូវបានប្រារព្ធធ្វើឡើងប្រហាក់ប្រហែលឆ្នាំមុនៗដែរដោយមានការដាក់តាំងបង្ហាញរូបគំនូរ និងបដិមាព្រះពុទ្ធអង្គ ការថ្វាយផ្កាភ្ញីដល់ព្រះសម្មាសម្ពុទ្ធ និងពិធីរាប់បាត្រព្រះសង្ឃជាដើម។
ដូនជី សៅ នុន មានប្រសាសន៍ឱ្យដឹងថា អ្វីដែលលោកយាយកត់សម្គាល់ថាមានភាពខុសប្លែកនោះ គឺចំនួនមនុស្សចូលរួមមានតិចជាងឆ្នាំមុនៗ ទាំងព្រះសង្ឃ តាជី ដូនជី និងពុទ្ធបរិស័ទ្ធ។ ដូនជីរូបនេះបន្តទៀតថាលោកយាយមានការសោកស្ដាយដែលចំនួនមនុស្សចូលរួមមានការធ្លាក់ចុះដូចនេះ។
«ឃើញមកតិចចឹងមានអារម្មណ៍ថា សោកស្ដាយដែរ តែមិនដឹងធ្វើម៉េច។ នៅលើជំនឿគេជឿ ដូចថាយើងដឹងគុណម៉ែឪយើងខ្លាំងប៉ុណ្ណាយើងមិនអាចជៀសរួច។ ត្រូវតែមក»។
ស្រដៀងគ្នានេះ លោកយាយ មាស រុំ ដូនជីនៅក្នុងសមាគមដូនជីកម្ពុជរដ្ឋមានប្រសាសន៍ថា ចំនួនចូលរួមប្រមាណ១.០០០នាក់ក្នុងការប្រាព្ធពិធីបុណ្យវិសាខបូជាក្នុងឆ្នាំនេះមានការថយចុះលើសពីពាក់កណ្ដាលបើធៀបនឹងឆ្នាំមុនៗ។
ទោះបីជាយ៉ាងណាក៏ដោយ លោកយាយ មាស រុំ បានឱ្យដឹងថា ការថយចុះចំនួនអ្នកចូលរួមពិធីនៅភ្នំឧត្ដុង្គនេះ អាចបណ្ដាលមកពីការប្រារព្ធពិធីបុណ្យនេះនៅទីវត្តអារាម និងកន្លែងផ្សេងៗទៀត មានការកើនឡើង។
ដូនជីវ័យ៦៩ឆ្នាំរូបនេះបន្តទៀតថា លោកយាយមានអារម្មណ៍សោកស្ដាយ ដែលការប្រារព្ធពិធីនៅឯព្រះសក្យមុនីចេតិយនៅភ្នំឧត្ដុង្គនេះមិនមានពុទ្ធបរិស័ទចូលរួមអធិកអធមដូចមុន ប៉ុន្តែលោកយាយ រីករាយនៅពេលដែលពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងនៅច្រើនកន្លែង ដែលអនុញ្ញាតឱ្យពលរដ្ឋអាចចូលរួមប្រារព្ធពិធីបុណ្យសំខាន់មួយនេះនៅក្នុងភូមិស្រុករបស់ពួកគេ។
លោកយាយ មាស រុំបានបន្ថែមថា៖
«អត់សូវមានបារម្ភអីប៉ុន្មានទេណា៎! ចូលរួមត្រេកអរ ត្រេកអរនឹងតាមវត្តហ្នឹងក៏ធ្វើដូចគ្នា អត់ធ្វើដូចគ្នាទេ បានជាបាត់ប្រជាជន បាត់ព្រះសង្ឃហ្នឹងហូរ! មិនមែនបាត់ដោយខកខានមិនបានមក (ចូលរួមប្រាព្ធ) អី គឺអត់ទេ។ គឺតាមខេត្ត ធ្វើតាមវត្តតាមខេត្ត»។
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិបានទទួលស្គាល់បុណ្យវិសាខបូជានេះថាជាបុណ្យអន្តរជាតិនិងអនុញ្ញាតឱ្យមានការប្រារព្ធពិធីបុណ្យនេះនៅគ្រប់ការិយាល័យរបស់អង្គការសហប្រជាជាតិនៅទូទាំងពិភពលោក។ ការបញ្ចូលបុណ្យវិសាខបូជាជាបុណ្យអន្តរជាតិនេះ គឺដើម្បីជាការទទួលស្គាល់ការការចូលរួមចំណែករបស់ព្រះពុទ្ធសាសនាក្នុងការអប់រំស្មារតីប្រជាពលរដ្ឋនៅក្នុងពិភពលោក។
ក្រោយពីមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ ប្រទេសគោរពព្រះពុទ្ធសាសនាជាច្រើននៅក្នុងពិភពលោក បានប្រារព្ធធ្វើពិធីបុណ្យវិសាខបូជាជាសកល ដោយបានដាក់ឈ្មោះថា UN-Vesak ឬបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ។
ចំណែកនៅក្នុងប្រទេសកម្ពុជា នៅតាមវត្តអារាម និងពុទ្ធមណ្ឌលផ្សេងៗតែងរៀបចំប្រារព្ធពិធីបុណ្យវិសាខបូជានេះជារៀងរាល់ឆ្នាំ។
លោក ញាណ ភឿន អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា និងជាទីប្រឹក្សាគណៈកម្មាធិការរៀបចំបុណ្យជាតិនិងអន្តរជាតិ អះអាងស្រដៀងគ្នានេះថា ក្រសួងបានបំផុសឱ្យមានការប្រារព្ធពិធីបុណ្យវិសាខបូជានេះនៅគ្រប់វត្តអារាមឱ្យបានអធិកអធម ទើបប្រជាពលរដ្ឋទៅចូលរួមប្រារព្ធពិធីនេះនៅតាមអារាមនៅក្នុងភូមិស្រុករបស់ពួកគាត់។
«នៅក្នុងថ្ងៃនេះ យើងថាតិចក៏ថាបានដែរ ពីព្រោះដោយបណ្ដាវត្តនីមួយៗ គឺគេបំផុសចលនានៅតាមវត្ត ហើយម្លោះហើយលទ្ធភាពរបស់បងប្អូនប្រជាជន។ ដោយវត្តហ្នឹងក៏បានរៀបចំ ហើយទីកន្លែងនេះក៏បានបងប្អូនគាត់អញ្ចើញមក»។
លោក ញាណ ភឿន ដែលជាអ្នកប្រមូលចងក្រងទំនៀមទម្លាប់ប្រពៃណីខ្មែរមួយរូបដែរបានឱ្យដឹងថា ក្រៅពីរំឭកថ្ងៃសំខាន់ទាំង៣ ការប្រារព្ធពិធីបុណ្យវិសាខបូជានេះក៏ជាការរំឭកដល់ការបង្រៀនប្រៀនប្រដៅរបស់ព្រះពុទ្ធ ពិសេសឱវាទបាតិមោក្ខ ដែលជាគោលការណ៍សំខាន់ក្នុងព្រះពុទ្ធសាសនាផងដែរ។
«អីចឹងអត្ថន័យសំខាន់បំផុត គឺទី១ យើងកុំធ្វើអាក្រក់ ទី២ឱ្យធ្វើល្អ ទី ៣ជម្រះសណ្ដានចិត្តឱ្យស្អាតផូរផង់ ហើយការជម្រះហ្នឹងត្រូវមានការភ្ញាក់រឭកក្នុងការដឹងគុណ»។
បើទោះបីជាចំនួនអ្នកចូលរួមប្រារព្ធពិធីបុណ្យវិសាខបូជានៅភ្នំឧត្ដុង្គមានការថយចុះ លោកយាយ សៅ នុន សង្កេតឃើញ មានយុវជនកាន់តែចូលរួមកាន់តែច្រើនក្នុងការប្រាព្ធបុណ្យវិសាខបូជា ដែលអាចបង្ហាញថា ពលរដ្ឋកម្ពុជាកាន់តែច្រើនបានយល់ដឹងកាន់តែច្រើនពីគុណតម្លៃរបស់ព្រះពុទ្ធសាសនា និងទទួលបានការអប់រំពីព្រះពុទ្ធសាសនា។
«ពេលដែលគាត់ចូលរួមមកបានសេចក្ដីថាគាត់មកឃើញទៅគាត់យកទៅអប់រំ ដូចថា សិស្សអីៗ ក្នុងសាលា ពួកម៉ាក អីចឹងទៅណា៎! ហើយណាមួយទៀត គាត់ចេះដឹង គាត់ចេះគោរពចាស់ទុំម៉ែឪចឹងទៅ»។
យុវជន ផៃ មុនីរ័ត្ន សិស្សនៅវិទ្យាល័យ ហ៊ុន សែន ធម្មស្រះក្នុងភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល សម្ដែងការរីករាយក្នុងការចូលរួមប្រាព្ធពិធីបុណ្យវិសាខបូជានេះ។ យុវសិស្សរូបនេះបានឱ្យដឹងថា តែងចូលរួមការប្រារព្ធពិធីបុណ្យវិសាខបូជានៅភ្នំឧត្ដុង្គជារៀងរាល់ឆ្នាំដើម្បីជាការគោរពបូជាដល់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
យុវសិស្ស ផៃ មុនីរ័ត្ន បានឱ្យដឹងទៀតថា ការចូលរួមក្នុងពិធីបុណ្យសំខាន់ៗបែបនេះ ធ្វើឱ្យរូបគេបានទទួលបានចំណេះដឹងកាន់តែច្រើន និងអាចប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
យុវសិស្ស ផៃ មុនីរ័ត្ន វ័យ១៥ឆ្នាំបានបញ្ជាក់ថា៖
«យើងបានយល់ពីសង្គមនិងព្រះពុទ្ធសាសនាដែលគេពន្យល់ប្រាប់យើង ដូចជាបុណ្យបាបអី»។
ទាំងមន្ត្រីរដ្ឋាភិបាល និងពុទ្ធបរិស័ទដែលបានចូលរួមប្រារព្ធពិធីបុណ្យវិសាខបូជានេះ អំពាវនាវឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមប្រារព្ធពិធីបុណ្យសំខាន់ៗរបស់ព្រះពុទ្ធសាសនាដូចជាបុណ្យវិសាខបូជានេះឱ្យបានកាន់តែច្រើន និងកាន់តែល្អ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងផ្សព្វផ្សាយការអប់រំរបស់ព្រះពុទ្ធសាសនាដែលប្រៀនប្រដៅមនុស្សឱ្យធ្វើអំពើល្អ៕