ជារៀងរាល់ថ្ងៃ អ្នកស្រី សរ ស៊ុនធារី ក្រោកពីដំណេកនៅម៉ោង៥។ បន្ទាប់ពីថ្វាយបង្គុំព្រះ អ្នកស្រីដើរចង្ក្រំយឺតៗទៅមកៗ មើលជំហានជើងនីមួយៗដោយប្រុងប្រយ័ត្ន និងអង្គុយចុះតាំងសមាធិ ដោយយកចិត្តទុកដាក់លើសកម្មភាពនីមួយៗ។ អ្នកស្រីនឹងធ្វើសកម្មភាពទាំងនេះទៅមកៗពេញមួយម៉ោង ហើយ២ដងក្នុងមួយថ្ងៃ នៅផ្ទះរបស់អ្នកស្រី។ នេះគឺជាការធ្វើវិបស្សនាប្រចាំថ្ងៃរបស់អ្នកស្រី។
អ្នកស្រី ធារី បានចាប់ផ្តើមធ្វើវិបស្សនាតាំងពីឆ្នាំ២០១០មកម្ល៉េះ។ អ្នកស្រីនិយាយថា ការធ្វើវិបស្សនាជួយឲ្យអ្នកស្រីសម្រាន្តបានលក់ស្រួលជាងមុន។
អ្នកស្រីបានថ្លែងប្រាប់ VOA តាមរយៈទូរស័ព្ទពីទីក្រុង Cary រដ្ឋ North Carolina ថា «ដូចជាយើងធ្វើឲ្យទទួលទានដំណេកបានស្រួល ខ្ញុំពីដើម ខ្ញុំទទួលទានដំណេកអត់បានស្រួលទេ។ ខ្ញុំមានជំងឺ ធ្លាប់ឈឺម្តងចឹងទៅ ខ្ញុំគេងអត់បានទេ ទាល់តែប្រើថ្នាំ។ ដ៏ក្រោយមកខ្ញុំឈប់ប្រើថ្នាំ»។
ខែនេះ អ្នកស្រី ធារី និងក្រុម គ្រួសាររបស់អ្នកស្រីនឹងស្ម័គ្រចិត្តចូលរួមជាមួយនឹងអ្នកស្រី អ៊ាលឹម បូផារី ដែលជាគ្រូបង្ហាត់វិបស្សនារបស់អ្នកស្រី ដើម្បីរៀបចំធ្វើពិធីវិបស្សនាមួយនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៣ខែមេសារហូតដល់ថ្ងៃទី២ខែឧសភា។
ការចំណាយទៅលើពិធីវិបស្សនារយៈពេល១០ថ្ងៃនេះ គឺជាថវិកាផ្ទាល់របស់អ្នកស្រី បូផារី ដែលជាទន្តពេទ្យនៅទីក្រុង Farifax រដ្ឋ Virginia។
អ្នកស្រី បូផារី មានប្រសាសន៍ថា «អាណិតប្រជាជនកម្ពុជា so much compassion, so much sympathy forប្រជាជននៅស្រុកដែលខ្ញុំកើត ស្រុកកំណើតខ្ញុំ so ខ្ញុំចង់ជួយយកនេះ ចែកជូនចំណេះវិជ្ជាខ្ញុំទៅជូន ប្រគេននិងជូនប្រជាពលរដ្ឋខ្មែរ»។
អ្នកស្រីបានធ្វើវិបស្សនាអស់រយៈពេលជាង៩ឆ្នាំមកហើយ។ អ្នកស្រីថ្លែងថា ការធ្វើវិបស្សនាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកស្រី ទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្ត។
អ្នកស្រីនិយាយថា «ដូចខ្ញុំនេះ មុខងារខ្ញុំធ្វើធ្មេញ doctorពេទ្យធ្មេញ It's stressful it requires a lot of engery ត្រូវការកម្លាំងខ្លាំង ត្រូវការគិតច្រើន ដល់ពេលប្រតិបត្តិវិបស្សនាហ្នឹងទៅ ធ្វើឲ្យកម្លាំងខ្លាំង ធ្វើឲ្យដូចថា កម្លាំងហ្នឹងនៅយូររហូត ដូចថាពេលល្ងាចហើយក៏កម្លាំងនៅមានខ្លាំង»។
វិបស្សនាគឺជាការអនុវត្តមួយ ដែលយើងត្រូវរៀនគ្រប់គ្រងផ្លូវចិត្តរបស់យើង។ វិបស្សនាកើតចេញពីការបង្រៀនរបស់ព្រះពុទ្ធ ហើយវិធីសាស្រ្តប្រតិបត្តិមួយចំនួនមានលក្ខណៈសាមញ្ញ ដោយគ្រាន់តែផ្តោតអារម្មណ៍ទៅលើការដកដង្ហើមចេញនិងដង្ហើមចូលតែប៉ុណ្ណោះ។
ពិធីវិបស្សនានេះនឹងប្រារព្ធធ្វើឡើងនៅវត្តរាជបូរណ៍។ អ្នកស្រី បូផារី បាននិមន្តព្រះសង្ឃភូមា២អង្គដើម្បីណែនាំពីវិធីប្រតិបត្តិវិបស្សនានេះ។ អ្នកចូលរួមទាំងអស់នឹងតម្រូវឲ្យស្នាក់នៅក្នុងវត្តក្នុងអំឡុងពេលពិធីវិបស្សនានេះ ហើយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមវិធានមួយចំនួនដែលតម្រូវឲ្យធ្វើ។
អ្នកស្រី បូផារី ចាប់ផ្តើមធ្វើវិបស្សនានៅឆ្នាំ២០០៨ នៅពេលដែលសាច់ញាតិរបស់អ្នកស្រី៣នាក់បានទទួលមរណភាពជាបន្តបន្ទាប់ក្នុងរយៈពេល២ខែកាលពីឆ្នាំ២០០៨។ អ្នកស្រីចាប់ផ្តើមមានការភ័យខ្លាច ព្រួយបារម្ភ និងខ្វល់ខ្វាយ។ អ្នកស្រី បូផារី បានចាប់ផ្តើមសួរខ្លួនឯងថា «ជីវិតម៉េចក៏អញ្ចឹង? អ្នកទាំងអស់គ្នាកំពុងតែបានសុខៗស្រាប់តែភ្លាមស្លាប់អស់៣នាក់»។
អ្នកស្រី បូផារី ចាប់ផ្តើមធ្វើវិបស្សនាជាមួយនឹងព្រះសង្ឃភូមា នៅពេលដែលទ្រង់បាននិមន្តមកសហរដ្ឋអាមេរិក ហើយអ្នកស្រីក៏បានបន្តធ្វើវិបស្សនាជាមួយនឹងទ្រង់នៅភូមាអស់រយៈពេល២ខែ។ នៅទីនោះ អ្នកស្រីបានដឹងថា «ជីវិតអត់ទៀង។ អ្វីៗក៏ដូរផ្លាស់»។
បន្ទាប់ពីធ្វើវិបស្សនាអស់រយៈពេល២ខែនោះហើយ អ្នកស្រីបូផារីបានចាប់ផ្តើមធូរស្បើយឡើងវិញ។ អ្នកស្រីនិយាយថាការធ្វើវិបស្សនានេះ «ជួយច្រើន ជួយឲ្យអត់ភ័យច្រើន ជួយឲ្យអត់ស្ត្រេស ដូចថាសេចក្តីភ័យ រឿងឈឺរឿងស្លាប់អីអត់សូវភ័យដូចពីមុន។ ពេលហ្នឹងប្រតិបត្តិបាន២ខែហ្នឹង ជួយឲ្យឃើញសុខភាពល្អ អន់ភ័យ បន្ថយសេចក្តីភ័យព្រួយ»។
ព្រះសង្ឃភូមា ព្រះនាម Sayadaw U Kheminda នៃវត្ត Mingalarama ក្នុងរដ្ឋ Maryland នឹងនិមន្តទៅចូលរួមក្នុងពិធីវិបស្សនានេះដើម្បីបកប្រែជូនព្រះសង្ឃភូមាដទៃទៀត។ ព្រះតេជគុណបានមានសង្ឃដីកាថា តាមព្រះពុទ្ធ វិបស្សនាផ្តល់នូវអត្ថប្រយោជន៍៧យ៉ាងគឺ«ជួយឲ្យអស់កិលេស» «ជួយឲ្យអស់ទុក្ខ» «ជួយឲ្យអស់សេចក្តីទួញសោក» «ជួយឲ្យអស់ការឈឺចាប់ផ្លូវកាយ» «ជួយឲ្យអស់ការឈឺចាប់ផ្លូវចិត្ត» «ជួយឲ្យបានត្រាស់ដឹង» និង«ជួយឲ្យដល់ព្រះនិព្វាន»។
ព្រះតេជគុណ Kheminda បានមានសង្ឃដីកាថា វិបស្សនាគឺជាវិធីសាស្ត្រគ្រប់គ្រងអារម្មណ៍។
ព្រះតេជគុណបានមានសង្ឃដីកាថា «វិបស្សនាអាចកាត់បន្ថយភាពតានតឹងផ្លូវចិត្ត ការបាក់ទឹកចិត្ត ការធុញថប់អារម្មណ៍ និងកំហឹងផងដែរ។ ដូច្នេះអ្នកអាចរស់នៅដោយសប្បាយរីករាយ ហើយអ្នកនឹងមានអាយុវែង»។
ព្រះតេជគុណបានពន្យល់ថែមទៀតថា៖ «ប្រសិនបើអ្នកផ្តោតទៅលើវត្ថុមួយ ប្រសិនបើចិត្តរបស់អ្នកមិនវិលវល់ ប្រសិនបើចិត្តរបស់អ្នកផ្តោតតែលើវត្ថុមួយ នោះអ្នកនឹងគ្មានគំនិតអវិជ្ជមាន គ្មានអារម្មណ៍អវិជ្ជមាននោះទេ ដោយសារតែអ្នកផ្តោតតែលើវត្ថុមួយ»។
ក្រោយមក ការធ្វើវិបស្សនានេះបានទទួលប្រជាប្រិយភាពទូទាំងពិភពលោកជាមួយនឹងវិធីសាស្រ្តអនុវត្តងាយស្រួលជាងមុន ដែលត្រូវបានគេអនុវត្តសម្រាប់ជាការធ្វើលំហាត់ប្រាណ។
អត្ថប្រយោជន៍នៃវិបស្សនាដែលត្រូវបានវិទ្យាសាស្រ្តដកពិសោធន៍រួមមាន កាត់បន្ថយការឈឺចាប់ កាត់បន្ថយការឡើងសម្ពាធឈាម និងធ្វើឲ្យប្រសើរឡើងនូវអារម្មណ៍ធុញថប់ ជួយដល់ជំងឺបាក់ទឹកចិត្ត និងជួយឲ្យទទួលទានដំណេកបានស្កប់ស្កល់។ នេះបើយោងតាមលទ្ធផលនៃការសិក្សាសា្រវជ្រាវមួយចំនួនដែលឧបត្ថម្ភដោយមជ្ឈមណ្ឌលជាតិសម្រាប់ការស្រាវជ្រាវវិធីព្យាបាលដទៃនៅសហរដ្ឋអាមេរិក។
ប៉ុន្តែថាតើវិបស្សនាដំណើរការយ៉ាងដូចម្តេចខ្លះនៅក្នុងខួរក្បាលមនុស្សយើង នៅតែចោទជាសំណួរដដែល។ លោកស្រី Sara Whitney Lazar ដែលជាអ្នកវិទ្យាសាស្ត្រខាងប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យ Massachusetts General Hospital និងជាសាស្ត្រាចារ្យជំនាញចិត្តសាស្ត្រ នៃសាកលវិទ្យាល័យ Harvard បានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា តាមរយៈការសិក្សាកន្លងមកបង្ហាញថា «មានការប្រែប្រួលនៅក្នុងខួរក្បាល»។
«ដូច្នេះវាអាចមកពីការប្រែប្រួលនៅក្នុងខួរក្បាលនេះហើយដែលបានរួមចំណែកដល់ការប្រែប្រួលផ្នែកអារម្មណ៍ ដែលគេរាយការណ៍នោះ»។ នេះបើយោងតាមលោកស្រី Lazar ដែលក៏ជាអ្នកធ្វើវិបស្សនាអស់រយៈពេល២៣ឆ្នាំមកហើយ។
លោកស្រី Lazar បានបន្តថា វាអាស្រ័យទៅលើរយៈពេលនិងថាតើបុគ្គលម្នាក់ធ្វើវិបស្សនាញឹកញាប់ប៉ុណ្ណា ដើម្បីទទួលបានលទ្ធផល។ លោកស្រីផ្តល់យោបល់ឲ្យធ្វើវិបស្សនាពី២០ទៅ៤០នាទីក្នុងមួយលើក ហើយធ្វើពី៣ទៅ៤លើកក្នុងមួយសប្តាហ៍។
អ្នកស្រី បូផារី បានមានប្រសាសន៍ថា កាលពីដើមឡើយ អ្នកស្រីគ្រោងនឹងទទួលភ្ញៀវត្រឹមតែ២០០នាក់តែប៉ុណ្ណោះ ប៉ុន្តែចំនួនអ្នកដែលបានចុះឈ្មោះចូលរួមធ្វើវិបស្សនាបានកើនឡើងដល់៦០០នាក់ ហើយអាចនឹងកើនឡើងលើសពីនេះទៀត៕