ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​ច្រាន​ចោល​ការ​ជំទាស់​របស់​ចិន​ចំពោះ​គម្រោង​ទស្សនកិច្ច​របស់​សម្ដេច​សង្ឃ Dalai Lama ក្នុង​រដ្ឋ Arunachal Pradesh


សម្តេចសង្ឃ​ Dalai Lama បាន​មកដល់​ Sri Udasin Karshni Ashram បន្ទាប់​ពីការ​ស្វាគមន៏​បែប​ប្រពៃណី។
សម្តេចសង្ឃ​ Dalai Lama បាន​មកដល់​ Sri Udasin Karshni Ashram បន្ទាប់​ពីការ​ស្វាគមន៏​បែប​ប្រពៃណី។

ប្រទេស​ឥណ្ឌា​នឹង​អនុញ្ញាត​ឲ្យ​សម្ដេច​សង្ឃ Dalai Lama មេដឹកនាំ​សាសនា​របស់​តំបន់​ទីបេ មក​ធ្វើ​ទស្សនកិច្ច​បែប​សាសនា​នៅ​រដ្ឋ Arunachal Pradesh ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស ទោះ​បី​ជា​ប្រទេស​ចិន​ជំទាស់​ដ៏​ដោយ។ តំបន់​ភាគ​ឦសាន​នេះ​ជា​ទឹក​ដី​ជាប់​ព្រំដែន​ដែល​ចិន​ទាមទារ​កាន់កាប់​មួយ​ផ្នែក។

ប្រទេស​ឥណ្ឌា​នឹង​អនុញ្ញាត​ឲ្យ​សម្ដេច​សង្ឃ Dalai Lama មេដឹកនាំ​សាសនា​របស់​តំបន់​ទីបេ មក​ធ្វើ​ទស្សនកិច្ច​បែប​សាសនា​នៅ​រដ្ឋ Arunachal Pradesh ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស ទោះ​បី​ជា​ប្រទេស​ចិន​ជំទាស់​ដ៏​ដោយ។ តំបន់​ភាគ​ឦសាន​នេះ​ជា​ទឹក​ដី​ជាប់​ព្រំដែន​ដែល​ចិន​ទាមទារ​កាន់កាប់​មួយ​ផ្នែក។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិនា កន្លង​ទៅ​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ព្រមាន​ប្រទេស​ឥណ្ឌា​អំពី​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​សង្ឃ Dalai Lama រយៈ​ពេល​ពេញ​មួយ​សប្ដាហ៍​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មេសា​ខាង​មុខ​នេះ ដោយ​បាន​បញ្ជាក់​ថា ទស្សនកិច្ច​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ចំពោះ​ចំណង​ទាក់​ទង​ទ្វេ​ភាគី​រវាង​ប្រទេស​ចិន និង​ឥណ្ឌា ក៏ដូចជា​ចំពោះ​សន្តិភាព​ និង​ស្ថិរភាព​នៅ​តំបន់​ព្រំដែន​រវាង​ចិន និង​ឥណ្ឌា​ផង​ដែរ។


ប្រទេស​ឥណ្ឌា​បាន​ច្រាន​ចោល​ក្ដី​បារម្ភ​របស់​ប្រទេស​ចិន ដោយ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ឥណ្ឌា​លោក Gopal Bagley បាន​និយាយ​ថា៖ «ជំហរ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ ហើយ​នឹង​មិន​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ឡើយ»។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​ឥណ្ឌា​លោក Kiran Rijiju បាន​និយាយ​ថា គ្មាន​ហេតុផល​ណា​មួយ ដែល​ត្រូវ​រារាំង​សម្ដេច​សង្ឃ Dalai Lama ទេ ដោយសារ​ព្រះ​អង្គ​មក​ធ្វើ​ទស្សនកិច្ច​ក្នុង​នាម​ជា​មេដឹកនាំ​សាសនា​តែ​ប៉ុណ្ណោះ។

លោក Rijiju ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​លោក​នាយក​រដ្ឋមន្ត្រី Narendra Modi ចំពោះ​បញ្ហា​ទំនាក់​ទំនង​ជា​មួយ​ទីបេ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Press Trust of India ថា លោក​នឹង​ជួប​ជាមួយ​សម្ដេច​សង្ឃ​ Dalai Lama ក្នុង​នាម​ជា​អ្នក​គោរព​សាសនា​ម្នាក់ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​ព្រះអង្គ​ទៅ​កាន់​រដ្ឋ Arunachal Pradesh ដែល​ជា​តំបន់​ដែល​មាន​វត្ត​ព្រះ​ពុទ្ធសាសនា​ដ៏​ល្បីល្បាញ​មួយ​ឋិត​ក្នុង​ក្រុង Tawang។ មេដឹកនាំ​សាសនា​ទីបេ​រូប​នេះ ក៏​ធ្លាប់​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ទី​អារាម​នេះ កាល​ពី ៨ ឆ្នាំ​មុន​ផង​ដែរ។

ប្រទេស​ចិន​បាន​ទាមទារ​កាន់កាប់​ទឹក​ដី​ប្រមាណ ៩ ម៉ឺន គីឡូម៉ែត្រ​ការ៉េ ក្នុង​រដ្ឋ Arunachal Pradesh ដោយ​បាន​ហៅ​រដ្ឋ​នេះ​ថា​ជា​តំបន់​ទីបេ​ខាង​ត្បូង។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន លោក Geng Shuang បាន​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី ៣ ខែ​មិនា ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រឆាំង​ដាច់​ខាត​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​សង្ឃ Dalai Lama​ នៅ​កាន់​តំបន់​ព្រំដែន​នោះ និង​បាន​ជំរុញ​មិន​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​ផ្ដល់​វេទិកា​សម្រាប់ «ក្រុម​សម្ដេច​សង្ឃ Dalai Lama»។ ចិន​បាន​ហៅ​មេដឹកនាំ​សាសនា​ទីបេ​រូប​នេះ​ថា​ជា «អ្នក​ផ្ដាច់​ខ្លួន​ដ៏​មាន​គ្រោះ​ថ្នាក់» មួយ​រូប។

ក្រុម​អ្នក​វិភាគ​នានា​ក្នុង​រដ្ឋធានី​ញូវដែលី ប្រទេស​ឥណ្ឌា បាន​និយាយ​ថា ការ​គ្រោង​អនុញ្ញាត​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​សង្ឃ Dalai Lama និង​គម្រោង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​គ្រោង​នឹង​មាន​វត្តមាន​នៅ​ពេល​ដែល​សម្ដេច​សង្ឃ Dalai Lama ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ក្រុង Tawang នោះ បង្ហាញ​ឲ្យ​ឃើញ​ពី​ជំហរ​កាន់​តែ​ម៉ឺងម៉ាត់​របស់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី Narendra Modi។ ទំនាក់​ទំនង​របស់​លោក Narendra Modi ជាមួយ​រដ្ឋាភិបាល​ចិន​មាន​សភាព​តឹង​តែង​កាល​ពី​ឆ្នាំ​មុន ដែល​មួយ​ផ្នែក​បណ្ដាល​មក​ពី​ចំណង​ទាក់​ទង​កាន់​តែ​ជិត​ស្និទ្ធ​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ ប្រទេស​ប៉ាគីស្ថាន។

លោក Manoj Joshi មក​ពី​អង្គការ Observer Research Foundation ក្នុង​រដ្ឋធានី​ញូវដែលី បាន​និយាយ​ថា៖ «នេះ​បាន​ន័យ​ថា ពួកគេ​ចង់​ប្រើ​មធ្យោបាយ​តឹង​រ៉ឹង​ចំពោះ​ប្រទេស​ចិន។ ពួកគេ​មាន​ភាព​មោះ​មុត​កាន់​តែ​ខ្លាំង​ជាង​មុន​ចំពោះ​បញ្ហា​សម្ដេច​សង្ឃ Dalai Lama នេះ។ ប្រហែល​ជា​រដ្ឋាភិបាល​គិត​ថា ខ្លួន​អាច​ទាញ​យក​ឥទ្ធិពល​ខ្លះ​ពី​រឿង​នេះ»។

ប្រធានាធិបតី​ឥណ្ឌា​លោក Pranab Mukherjee បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​សម្ដេច​សង្ឃ Dalai Lama កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៦ នៅ​ឯ​វិមាន​ប្រធានាធិបតី ជាមួយ​នឹង​អ្នក​ទទួល​បាន​ពាន​រង្វាន់​ណូបែល​ផ្សេងៗ​ទៀត នៅ​ក្នុង​សន្និសីទ​មួយ​ស្ដី​អំពី​សិទ្ធិ​កុមារ។ នោះ​គឺ​ជា​ជំនួប​ដំបូង​បង្អស់​របស់​សម្ដេច​សង្ឃ​ Dalai Lama ជាមួយ​នឹង​ប្រមុខ​រដ្ឋ​ឥណ្ឌា​ក្នុង​រយៈ​ពេល ៦០ ឆ្នាំ កន្លង​មក​នេះ។

រដ្ឋាភិបាល​ក្រុង​ញូវដែលី​ក៏​បាន​ច្រាន​ចោល​ការ​ជំទាស់​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​ជំនួប​នេះ​ផង​ដែរ ដោយ​បាន​បញ្ជាក់​ថា ជំនួប​នោះ​គឺ​ជា​ជំនួប​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ។

មេដឹកនាំ​ឥណ្ឌា​នានា កម្រ​មាន​វេទិកា​សាធារណៈ​ជាមួយ​នឹង​សម្ដេច​សង្ឃ Dalai Lama ដែល​បាន​រត់​គេច​ចូល​ប្រទេស​ឥណ្ឌា​កាល​ពី​ឆ្នាំ ១៩៥៩ ណាស់ ទោះ​បី​ជា​កន្លង​មក ធ្លាប់​មាន​ជំនួប​ជា​លក្ខណៈ​ឯកជន​ជាមួយ​ព្រះ​អង្គ​ក៏​ដោយ។

កាល​ពី​ខែ​មុន គណ​ប្រតិភូ​សភាតៃវ៉ាន់​មួយ​ក្រុម បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​រដ្ឋធានី​ញូវដែលី ដែល​ករណី​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខឹង​សម្បា ដោយ​សារ​តែ​ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ថា​ជា​ផ្នែក​សំខាន់​មួយ​របស់​ខ្លួន។​

ទោះ​បី​ជា​មាន​ការ​ចរចា​គ្នា​រាប់​ទសវត្សរ៍​មក​ហើយ​ក៏​ដោយ ក៏​ប្រទេស​ក្បែរ​ខាង​គ្នា​ក្នុង​ទ្វីប​អាស៊ី​ទាំង​ពីរ​ នេះ ដែល​ធ្លាប់​បាន​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​រយៈពេល​ខ្លី​មួយ​កាល​ពី​ឆ្នាំ ១៩៦៣ បាន​បរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​មួយ​នេះ៕

ប្រែស​ម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG