កន្លែងរស់នៅរាប់ពាន់កន្លែងនៅក្នុងទីក្រុងបាងកក ដែលរួមមានផ្ទះសំណាក់ដែលជនបរទេសនិយមស្នាក់នៅញឹកញាប់ ត្រូវបានឆែកឆេររកតម្រុយទាក់ទងនឹងការដាក់គ្រាប់បែកបំផ្ទុះនៅក្នុងទីសក្ការៈមួយដែលមានប្រជាប្រិយភាព កាលពីសប្តាហ៍មុន។ ការផ្ទុះនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់និងធ្វើឲ្យរងរបួសជាង១០០នាក់។
មន្ត្រីប៉ូលីសបាននិយាយថា ពួកគេត្រូវការពិនិត្យនិងឆែកឆេរទីតាំងជាងម៉ឺនកន្លែងនៅក្នុងរាជធានីប្រទេសថៃ ដែលជាផ្នែកមួយនៃប្រតិបត្តិការក្នុងការស្វែងរកអ្នកបំផ្ទុះគ្រាប់បែកនិងអ្នកដទៃទៀតដែលទទួលខុសត្រូវចំពោះការផ្ទុះចុងក្រោយដ៏សាហាវកាលពីថ្ងៃចន្ទនៅទីសក្ការ Erawan។
ដំបូងឡើយ មន្ត្រីរដ្ឋាភិបាលបានច្រានចោលការផ្ដល់ជំនួយពិសេសពីអ្នកជំនាញអន្តរជាតិដើម្បីជួយក្នុងការស៊ើបអង្កេតនូវអ្វីដែលពួកគេកំពុងហៅថា កាបំផ្ទុះគ្រាប់បែកដ៏អាក្រក់បំផុតដែលមិនធ្លាប់មាននៅក្នុងទីក្រុងបាងកក។
ប៉ុន្តែឥឡូវនេះ ប៉ូលិសបាននិយាយថាពួកគេមិនមានឧបករណ៍ទំនើបដែលគេប្រាថ្នាចង់បានទេ ហើយ «កិច្ចសហប្រតិបត្តិការ» ពីបរទេសនឹងត្រូវបានស្វាគមន៍។
មេបញ្ជាការនគរបាលជាតិលោកឧត្ដមសេនីយ៍ Somyot Poompunmuang បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសដទៃ «ប្រើប្រព័ន្ធជីវមាត្រ biometrics ដែលអាចស្គាល់ស្នាមម្រាមដៃ មុខ និងប្រស្រីភ្នែក ដែលបច្ចេកវិទ្យានេះប្រទេសថៃមិនទាន់មាននៅពេលនេះ»។
លោកឧត្តមសេនីយ៍នេះក៏បាននិយាយថា ការទទួលការកំណត់អត្តសញ្ញាណជនសង្ស័យឲ្យបានច្បាស់លាស់ត្រូវបានរារាំងដោយកាមេរ៉ាសន្តិសុខ CCTV ដែលបានខូចតាមបណ្ដោយផ្លូវរត់គេចរបស់ជនសង្ស័យសំខាន់នៅកណ្ដាលក្រុងបាងកក។
អាជ្ញាធរបាននិយាយជាន់កែងខ្លួនឯងអំពីថាតើជនសង្ស័យដ៏សំខាន់នេះគឺទំនងជានៅក្នុងប្រទេសថៃនៅឡើយឬទេ?
គ្មានអង្គការណាមួយបានធ្វើការអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនៅទីសក្ការ សាសនាដែលមានប្រជាប្រិយភាពសម្រាប់ភ្ញៀវទេសចរអាស៊ីនោះទេ។
ចាប់តាំងពីការវាយប្រហារនោះ មានមនុស្សបីនាក់ត្រូវបានចាប់ខ្លួនគឺ ពីរនាក់ជាជនជាតិថៃ ពីបទផ្សព្វផ្សាយព័ត៌មានចចាមអារាមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងម្នាក់ទៀតជាអ្នកថតរូបដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ដែលបានប៉ុនប៉ងដើម្បីយកអាវក្រោះការពាររាងកាយនិងមួកសុវត្ថិភាពឡើងយន្តហោះត្រឡប់ទៅស្រុកវិញបន្ទាប់ពីធ្វើការរាយការណ៍អំពីផលប៉ះពាល់បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកកនេះ៕
ប្រែសម្រួលដោយ មាន ឥស្សរាយស