ពិធីនានាបានត្រូវធ្វើឡើងនៅថ្ងៃសុក្រនេះ នៅឯទីកន្លែងសក្ការបូជាដែលបានទទួលរងការបំផ្ទុះគ្រាប់បែកដ៏ប្រល័យនៅសប្តាហ៍នេះនៅក្នុងទីក្រុងបាងកក នៅស្របពេលដែលពួកមន្រ្តីថៃបានបន្តធ្វើសេចក្តីថ្លែងការណ៍ដ៏ច្របូកច្របល់អំពីការស្វែងរកពួកអ្នកវាយប្រហារនោះ។
ពួកមន្រ្តីថៃជាន់ខ្ពស់និងឥស្សរជនសាសនា បានចូលរួមពិធីសាសនាដើម្បីរំឭកវិញ្ញាណខន្ធមនុស្ស២២នាក់ដែលត្រូវបានសម្លាប់នៅក្នុងការផ្ទុះគ្រាប់បែកកាលពីថ្ងៃចន្ទ នៅឯទីសក្ការបូជា Erawan ដែលនេះជាការវាយប្រហារដ៏អាក្រក់បំផុតនៅក្នុងប្រទេសថៃ។
ពួកអាជ្ញាធរបានបង្កើនការយាមល្បាតសន្តិសុខនៅទីកន្លែងទេសចរណ៍ហើយនិងតំបន់ផ្សេងៗទៀតនៅទូទាំងរាជធានី។ ទោះជាយ៉ាងនោះក៏ដោយ ពួកអ្នកស៊ើបអង្កេតទំនងជាមានភស្តុតាងបន្តិចបន្តួចប៉ុណ្ណោះចំពោះអ្នកធ្វើការវាយប្រហារឬអំពីមូលហេតុនៃការវាយប្រហារនោះ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ពួកមន្រ្តីបានបញ្ជាក់ថា ការផ្ទុះគ្រាប់បែកនោះ មិនទំនងមានជាប់ទាក់ទងនឹងភេរវកម្មអន្តរជាតិទេ ទោះបីជាមានការចេញដីការចាប់ខ្លួនហើយនិងគំនូរព្រាងលើជនសង្ស័យសំខាន់ម្នាក់ដែលពួកគេបាននិយាយថា ជាជនបរទេសក៏ដោយ។
លោក Somyot Poompanmoung ប្រធានប៉ូលិសជាតិបាននិយាយថា៖ «ពួកអ្នកស៊ើបអង្កេតបានកំណត់ថា ការផ្ទុះគ្រាប់បែកនោះ មិនមែនជាសកម្មភាពភេរវកម្មទេ។ ក៏ប៉ុន្តែ ឧប្បត្ដិហេតុ នេះមានគោលបំណងធ្វើឲ្យអាប់ឱនដល់រដ្ឋាភិបាល បំផ្លាញទំនុកចិត្តហើយនិងបំភ័យពួកអ្នកទេសចរ។
ទោះបីមានការច្របូកច្របល់ក៏ដោយ ពួកមេដឹកនាំគ្រប់គ្រងយោធាថៃកំពុងបង្ក្រាបអ្នកដែលនិយាយស្មានៗអំពីអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ អ្នកនាំពាក្យយោធាបាននិយាយនៅក្នុងការប្រកាសតាមទូរទស្សន៍នៅថ្ងៃសុក្រនេះថា អ្នកដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅលើបណ្តាញព័ត៌មានសង្គម នឹងប្រឈមមុខនឹងការដាក់ទោសទណ្ឌ៕