ក្រុមមន្រ្តីថៃបាននិយាយថា ការផ្ទុះគ្រាប់បែកដ៏ប្រល័យនៅទីសក្ការបូជាក្នុងទីក្រុងបាងកកទំនងជាត្រូវបានរៀបចំផែនការដោយមនុស្សយ៉ាងហោចណាស់ក៏១០នាក់ដែរ រួមមានជនជាតិបរទេសខ្លះ ក៏ប៉ុន្តែគេមិនជឿថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយក្រុមភេរវកម្មអន្តរជាតិទេ។
លោកវរសេនីយឯក Winthai Suvaree អ្នកនាំពាក្យក្រុមប្រឹក្សាយោធា ដែលកំពុងកាន់អំណាចរបស់ប្រទេសនោះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍នៅថ្ងៃព្រហស្បតិ៍នេះថា «ឧបទ្ទវហេតុនេះដូចជាមិនទាក់ទិនទៅនឹងភេរវកម្មអន្តរជាតិទេ»។
លោកក៏បាននិយាយដែរថា «ពលរដ្ឋចិនមិនមែនជាទិសដៅនៃការវាយប្រហារដោយផ្ទាល់កាលពីយប់ថ្ងៃច័ន្ទនៅឯទីកន្លែងសក្ការបូជា Erawan ដែលមានប្រជាប្រិយភាពជាមួយអ្នកទេសចរជនជាតិចិន និងបរទេសទេ»។
កាលពីដំបូង លោក Somyot Poompanmoung ប្រធានប៉ូលិសជាតិបាននិយាយថា មនុស្សយ៉ាងហោចណាស់ក៏១០នាក់ដែរ បានពាក់ព័ន្ធនៅក្នុងការរៀបចំផែនការវាយប្រហារ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់២២នាក់ និងធ្វើឲ្យមនុស្សជាង១០០នាក់ទៀតរងរបួស។ លោកនិយាយទៀតថា ក្រុមនោះទំនងជាបានរៀបចំផែនការបំផ្ទុះគ្រាប់បែកប្រហែលរយៈពេលមួយខែមុន។
កាលពីថ្ងៃពុធម្សិលមិញរដ្ឋាភិបាលបានចេញដីកាចាប់ខ្លួន ហើយបញ្ចេញគំនូរព្រាងរបស់បរសជនបរទេសម្នាក់ ដែលពួកគេជឿជាក់ថា បានធ្វើការវាយប្រហារកាលពីថ្ងៃច័ន្ទទៅលើទីកន្លែងសក្ការបូជា Erawan។
ប៉ូលិសបានគូររូបរបស់បុរសវ័យក្មេងនោះដោយមានសក់វែងរួញពណ៌ខ្មៅ ពុកចង្កាខ្លី និងពាក់វ៉ែនតាមានប្លាស្ទិកព័ទ្ធជុំវិញ។ មានរង្វាន់ជាប្រាក់ចំនួន២៨០.០០០ដុល្លារសម្រាប់ព័ត៌មាននាំឲ្យមានចាប់ខ្លួនជននោះ៕