ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងអ្នកស្រាវជ្រាវនៅក្នុងប្រទេសចិនកាលពីថ្ងៃចន្ទ ទី៤ ខែឧសភាកន្លងទៅនេះ មិនអើពើចំពោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំទេ បន្ទាប់ពីលោកបាននិយាយថា លោកនឹងបន្តដំឡើងពន្ធលើការនាំចូលរបស់ចិន ប្រសិនបើចិនខកខានមិនបានទិញទំនិញ និងប្រើប្រាស់សេវាកម្មរបស់អាមេរិកដែលគិតជាទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លារបន្ថែមទៀត ក្នុងរយៈពេលពីរឆ្នាំខាងមុខដូចដែលបានសន្យានោះ។
ពួកគេនិយាយថា វិធានការដាក់ទណ្ឌកម្មបែបនេះ នៅពេលដែលត្រូវបានអនុវត្តជាថ្មីគឺវានឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកទៅវិញទេ។
ក៏ប៉ុន្តែសេដ្ឋវិទូខ្លះអំពាវនាវឲ្យចិនគិតគូរដល់ការគំរាមកំហែងរបស់លោកត្រាំឲ្យបានហ្មត់ចត់ ពីព្រោះសេដ្ឋកិច្ចចិនដែលស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់មួយទៅហើយ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នោះ នឹងក្លាយជាទៅជាអ្នកដែលខាតបង់ខ្លាំងជាង ហើយចិនមិនមានលទ្ធភាពឲ្យជាប់ខ្លួនក្នុងសង្គ្រាមពន្ធដារមួយទៀតជាមួយសហរដ្ឋអាមេរិកនោះទេ។ ជំងឺកូវីដ១៩ គឺជាជំងឺដែលបង្កឡើងដោយវីរុសកូរ៉ូណា។
តើវាជាសង្គ្រាមដែលមិនអាចជៀសបាន?
សេដ្ឋវិទូលោក Darson Chiu បានព្រមានថា ការលេចចេញជាថ្មីនៃសង្គ្រាមពន្ធរវាងអាមេរិក និងចិន នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា មើលទៅមិនអាចជៀសផុតបានទេ ពីព្រោះលទ្ធភាពសម្រាប់ប្រទេសចិនដើម្បីធ្វើតាមការប្តេជ្ញាទិញរបស់ខ្លួនឲ្យឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១នោះ គឺមានមានតិចតួច។ លោក Chiu ដែលជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចតៃវ៉ាន់បានថ្លែងក្នុងសម្តីដើមថា៖
«តាមការវាស់ស្ទង់របស់ខ្ញុំ ឃើញថា ការនាំចូល (របស់ចិន) នឹងត្រូវកើនឡើង ៦០ ភាគរយនៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩។ នេះគឺជាចំនួននៃការបញ្ជាទិញដែលមិនអាចធ្វើទៅបានទេ។ ហើយបើវាអាចធ្វើទៅបាននោះ មានន័យថា សហរដ្ឋអាមេរិក នឹងក្លាយជាប្រទេសនៃប្រភពនាំចូលធំបំផុតរបស់ចិននៅក្នុងឆ្នាំ ២០២០»។
លោក Chiu បាន ថ្លែងបន្ថែមទៀតថា ប្រសិនបើអ្វីដែលលោកបាននិយាយខាងលើនេះ កើតឡើងមែននោះប្រទេសចិននឹងក្លាយទៅជាអ្នករំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើវិធាននៃការមិនរើសអើងរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលហាមឃាត់មិនឲ្យប្រទេសជាសមាជិកណាមួយរើសអើងដៃគូពាណិជ្ជកម្មរបស់ខ្លួន។
ស្ថិតិផ្លូវការបានបង្ហាញថា ការនាំចូលរបស់ចិននូវទំនិញពីសហរដ្ឋអាមេរិកបានធ្លាក់ចុះដល់ត្រឹមចំនួនជិត ១២៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ពីចំនួនជាង ១៥៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ និង ១៥៤ ពាន់លានដុល្លារនៅឆ្នាំ ២០១៧។
អំណាចក្នុងនាមជាអ្នកទិញចុះខ្សោយ
លោក Chiu បាននិយាយទៀតថា ការប៉ាន់ស្មានដែលថា ការរាតត្បាតនៃជំងឺកូវីដ១៩ បានធ្វើឲ្យខូចខាតយ៉ាងខ្លាំងដល់អំណាចក្នុងនាមជាអ្នកទិញរបស់ប្រទេសចិននោះ គឺមិនមែនគ្មានមូលដ្ឋានទេ ក្រោយពីសេដ្ឋកិច្ចចិនបានធ្លាក់ចុះ ៦,៨ភាគរយ នៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ ដែលនេះជាការធ្លាក់ចុះលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨៧។
លោក Chiu បាននិយាយថា ប្រទេសចិននឹងត្រូវប្រើហិរញ្ញប្បទានបំណុលដើម្បីសម្រេចការប្តេជ្ញាទិញរបស់ខ្លួន ដែលបានព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។ លោក Chiu បានថ្លែងបន្តថា ទោះបីជាប្រទេសចិនទទួលបានអំណាចក្នុងនាមជាអ្នកទិញរបស់ខ្លួនមកវិញក៏ដោយ ក៏ប្រទេសនេះមិនមានកន្លែងស្តុកទុកផលិតផលថាមពលដែលមានតម្លៃជាង ៥០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ២ ឆ្នាំខាងមុខនោះដែរ ជាពិសេសដែលឥឡូវនេះតម្លៃថាមពលបានធ្លាក់ចុះដល់កម្រិតទាបថ្មីមួយនោះ។
ជាងនេះទៅទៀត វិធានការដែលធ្វើឲ្យស្ថានការណ៍នេះកាន់តែធ្ងន់ធ្ងរទៀតនោះ គឺ កាលពីចុងខែមេសាកន្លងទៅនេះ សហរដ្ឋអាមេរិកបានធ្វើការរឹតត្បិតបន្ថែមទៀតទៅលើការនាំចេញទៅប្រទេសចិននូវបច្ចេកវិទ្យាទំនើបដែលជាតម្រូវការដ៏ខ្ពស់។
លោក Chiu បានព្យាករណ៍ថា ស្ថិតក្នុងកាលៈទេសៈបែបនេះ លោក Trump ទំនងជានឹងធ្វើសង្គ្រាមពន្ធ គ្រាដែលលោកព្យាយាមជំរុញឲ្យមានអារម្មណ៍ប្រឆាំងនឹងប្រទេសចិន ដើម្បីប្រមូលការគាំទ្រ ដែលនោះ គឺជាយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់អាណត្តិទី២ របស់លោក។
ការដាក់ពន្ធថ្មី
លោក ត្រាំ បានបង្ហាញជំហរប្រឆាំងនឹងប្រទេសចិនរួចជាស្រេចទៅហើយ។
កាលពីថ្ងៃសុក្រទី ១ ខែឧសភាកន្លងទៅនេះ លោកត្រាំ បានគំរាមថា នឹងមានការដាក់ពន្ធថ្មី ដែលជាវិធានការសងសឹកចំពោះការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដោយលោកនិយាយថា ការដាក់ពន្ធនេះនឹងក្លាយជា «ការដាក់ទណ្ឌកម្មចុងក្រោយ»។
នៅក្នុងការប្រជុំ town hall ឆ្លើយសំណួរពលរដ្ឋដែលមិនជួបជុំដោយផ្ទាល់មួយកាលពីថ្ងៃអាទិត្យទី ៣ ខែឧសភា ដែលបានធ្វើឡើងនៅឯវិមានរំឭកវិញ្ញាណក្ខន្ធលោកប្រធានាធិបតី Abraham Lincoln Lincoln Memorial ក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកត្រាំបានថ្លែងថា ប្រទេសចិនត្រូវតែគោរពតាមកិច្ចព្រមព្រៀងដំណាក់កាលទី ១ របស់ខ្លួន។ លោកត្រាំបានថ្លែងក្នុងសម្តីដើមថា៖
«បើពួកគេមិនទិញ យើងនឹងបញ្ចប់កិច្ចព្រមព្រៀងនោះ។ នេះជារឿងសាមញ្ញ»។
កិច្ចព្រមព្រៀងដំណាក់កាលទី១នេះបានបញ្ចប់ការសងសឹកដែលជាការដាក់ពន្ធលើការនាំចូលរបស់ចិនដែលមានតម្លៃប្រមាណជា ១៥៥ ពាន់លានដុល្លារ ដែលបានគ្រោងចូលជាធរមាននៅចុងឆ្នាំ ២០១៩ ហើយក្នុងកិច្ចព្រមព្រៀងនេះ ក៏មានការកាត់បន្ថយពន្ធមួយផ្សេងទៀតចំនួនពាក់កណ្តាលមកត្រឹម ៧,៥ ភាគរយលើទំនិញចិនដែលគិតជាប្រាក់មានចំនួន ១២០ ពាន់លានដុល្លារ។ សហរដ្ឋអាមេរិកនៅតែរក្សាការដាក់ពន្ធនាំចូល ២៥ ភាគរយលើផលិតផលចិនដែលមានតម្លៃ ២៥០ ពាន់លានដុល្លារ។
ការមិនអើពើ
លោក Shi Yinhong សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Renmin ក្នុងទីក្រុងប៉េកាំង បានប្រាប់កាសែត Lianhe Zaobao ដែលជាកាសែតភាសាចិនធំជាងគេមានមូលដ្ឋាននៅប្រទេសសិង្ហបុរីថា ប្រទេសចិននឹងសងសឹក ប្រសិនបើសហរដ្ឋអាមេរិកដាក់ពន្ធថ្មីណាមួយ។
លោកបានព្រមានថា ការសងសឹករបស់ចិននឹងបង្ខំឲ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចកាន់តែធំ ហើយវានឹងបង្កផលវិបាកចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីឲ្យបានជាប់ឆ្នោតមួយអាណត្តិទៀតនោះ។
ការអត្ថាធិប្បាយលើសារព័ត៌មាន Reference News ដែលជាសារព័ត៌មានដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Xinhua News បានអះអាងថា សហរដ្ឋអាមេរិកកំពុងប្រើ « ព្រួញពុល» ចំនួន ៣ គឺពន្ធ ការដកហូតអភ័យឯកសិទ្ធិរបស់ប្រទេសចិន និងការលុបចោលកាតព្វកិច្ចបំណុលរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិន ដើម្បីឲ្យសហរដ្ឋអាមេរិកអាចប្តឹងចិន ចំពោះការខូចខាតដែលបង្កឡើងដោយវីរុសកូរ៉ូណា។
សារព័ត៌មាន Reference News បាននិយាយបន្ថែមថា ក៏ប៉ុន្តែនៅទីចុងបញ្ចប់ ព្រួញទាំងបីនោះនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិកទៅវិញទេ។
នៅក្នុងបទវិចារណកថារបស់កាសែតរដ្ឋ Global Times ដែលជាកាសែតផ្សាយព័ត៌មានបែបរសើប បានរិះគន់ដល់លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកដោយបានហៅលោកថា ជាមនុស្សកុហក និងប្រឆាំងនឹងប្រទេសចិន ហើយបានអំពាវនាវឲ្យលោកបង្ហាញភស្តុតាងនៅពេលដែលលោកនិយាយថា មាន«ភស្តុតាងដ៏ធំធេង» ដើម្បីបង្ហាញថា វីរុសកូរ៉ូណាត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍មួយក្នុងក្រុងវូហាន។
ខណៈដែលប្រទេសចិនកំពុងបិទដំណើរការសកម្មភាពក្នុងថ្ងៃឈប់សម្រាកបុណ្យជាតិមួយ អ្នកការទូតរបស់ខ្លួន ដែលគេឲ្យរហស្សនាមថាអ្នកការទូត «ឆ្កែចចកប្រយុទ្ធ» ដោយសារប្រើយុទ្ធសាស្ត្រប្រតិកម្មខ្លាំងៗជាងមុននោះ មិនបានឆ្លើយតប នឹងការចោទប្រកាន់របស់លោក Pompeo ទេ។
ផ្សារហ៊ុនអាស៊ីបានធ្លាក់ចុះកាលពីថ្ងៃចន្ទ ទី៤ ខែឧសភាកន្លងទៅនេះ ដោយសារភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន បានលេចឡើង។ សន្ទស្សន៍ហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ចុះ ៤កន្តក់សញ្ញា២ភាគរយ ខណៈដែលផ្សារហ៊ុន Kospi របស់កូរ៉េខាងត្បូងធ្លាក់ចុះ ២កន្តក់សញ្ញា៩ភាគរយ។
ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចមួយរូបនៅសាកលវិទ្យាល័យប៉េកាំង បានប្រាប់ VOA ថា ពន្ធថ្មីណាមួយ នឹងប៉ះពាល់ដល់ការនាំចេញរបស់ចិន ដែលអាចនាំឲ្យមានការធ្លាក់ចុះនៃប្រាក់បម្រុងបរទេសរបស់ចិន ហើយដូច្នេះ វានឹងកម្រិតអំណាចទិញរបស់ចិន។
ភាពតានតឹងមានការកើនឡើង
សាស្រ្តាចារ្យរូបនេះបានក្រើនរំឭកប្រទេសចិនឲ្យគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកឲ្យបានល្អ ទោះបីជាលោកមិនជឿទេថា ចិននឹងបោះបង់ការប្តេជ្ញាទិញរបស់ខ្លួនដោយចេតនានោះ លើកលែងតែវាជាការសម្រេចផ្នែកនយោបាយ។
ទាំងសាស្រ្តាចារ្យរូបនេះ ទាំងលោកសេដ្ឋវិទូ Darson Chiu ប៉ាន់ស្មានថា ចិនទំនងជានឹងសម្រេចបន្ថយគោលដៅសេដ្ឋកិច្ចរបស់ខ្លួនមកត្រឹមពាក់កណ្តាលនៅឆ្នាំនេះ ដែលមានចំនួនប្រមាណជា ៣ភាគរយ ក្នុងអំឡុងពេលប្រជុំពីរឬ “Two Sessions” របស់ខ្លួននៅចុងខែឧសភានេះ។ កិច្ចប្រជុំ “Two Sessions” នេះ គឺសំដៅទៅលើការប្រជុំរបស់ស្ថាប័ននីតិប្បញ្ញត្តិជាតិ និងស្ថាប័នប្រឹក្សានយោបាយកំពូល។
សាស្រ្តាចារ្យដដែលនោះបាននិយាយទៀតថា សេដ្ឋកិច្ចចិនដែលផ្តោតលើការនាំចេញ ក៏មិនអាចមានដំណើរការល្អបានដែរ ប្រសិនបើសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ហើយនឹងម្យ៉ាងទៀតដោយសារថា ចិនកំពុងងើបឡើងវិញដោយយឺតៗ ពីវិបត្តិនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ រីឯលោក Chiu វិញ រំពឹងថា ប្រទេសចិននឹងបង្កើនការចំណាយរបស់រដ្ឋាភិបាលដោយរក្សាទិសដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ ២០២០ ចំនួន ៣ភាគរយ ដែលនេះ ជាចំនួនខ្ពស់ជាងការប៉ាន់ស្មានរបស់វិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិដែលប៉ាន់ស្មានថា កំណើនសេដ្ឋកិច្ចរបស់ចិន នឹងមានត្រឹមចន្លោះពី ១ភាគរយ ទៅ ២ភាគរយប៉ុណ្ណោះ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់