អត្រាចំនួនអ្នកអត់ការងារធ្វើនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះពី១៤,៧%កាលពីខែមេសា មកត្រឹម១៣,៣% កាលពីខែឧសភា ដែលជាចំនួនធ្លាក់ចុះច្រើនជាងអ្វីដែលអ្នកវិភាគបានរំពឹងទុក ខណៈដែលរដ្ឋនានាបានចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតនានាហើយអាជីវកម្មមួយចំនួនចាប់ផ្តើមយកបុគ្គលិកចូលធ្វើការវិញ។
ក្រសួងការងារសហរដ្ឋអាមេរិកបានរាយការណ៍កាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចអាមេរិកបានបង្កើតការងារឡើងវិញចំនួន២,៥លានការងារកាលពីខែឧសភាក្រោយពីបាត់បង់ការងារចំនួន២២លានការងារកាលពីខែមីនានិងខែមេសា។
អត្រាអត់ការងារជាង១៣%នេះនៅតែជាចំនួនដ៏ច្រើនស្មើនឹងសម័យមហាវិបត្តិសេដ្ឋកិច្ចអាមេរិក ឬ Great Depressionរវាងឆ្នាំ១៩២៩ដល់១៩៣៣ ប៉ុន្តែអត្រាប្រសើរជាងខែមេសានេះបង្ហាញថា អាជីវកម្មនានាបានបើកឡើងវិញក្នុងខែឧសភាឆាប់ជាងអ្វីដែលអ្នកជំនាញបានរំពឹងទុក។
យ៉ាងណាក៏ដោយក៏អ្នកជំនាញថាពលរដ្ឋ២២លាននាក់ដែលបានបាត់បង់ការងារកាលពីខែមីនានិងមេសាអាចត្រូវការរាប់ខែទៀតដើម្បីរកការងារថ្មី ដែលនេះអាចនាំឲ្យអត្រាអត់ការងារនៅសហរដ្ឋអាមេរិកមានអត្រាលើស១០%រហូតដល់ឆ្នាំក្រោយ៕