ប្រទេសចិន ដែលជាគោលដៅសំខាន់នៃការព្រួយបារម្ភខាងផ្នែកពាណិជ្ជកម្មរបស់អាមេរិកបានឲ្យដឹងថា ខ្លួន «ប្រឆាំងដាច់ខាត» ចំពោះការសម្រេចចិត្តកំណត់យកពន្ធរបស់អាមេរិក ហើយប្រទេសជប៉ុនបានព្រមានពីផលប៉ះពាល់ទៅលើទំនាក់ទំនងទ្វេភាគី។
ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនអាចនឹងដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោកដែលជាស្ថាប័នដោះស្រាយជម្លោះពាណិជ្ជកម្មអន្តរជាតិ។ ប្រទេសកូរ៉េខាងត្បូងជាអ្នកនាំចេញដែកថែបធំបំផុតទី៣ទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសកាណាដា និងប្រេស៊ីល។
ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនបានឲ្យដឹងថា ពួកគេមានការព្រួយបារម្ភពីការធ្លាក់ចុះនៃតម្លៃដែកថែបនិងអាលុយមីញ៉ូមនាំចូល ធៀបនឹងតម្លៃផលិតផលទាំងនេះនៅលើទីផ្សារ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលបានច្រានចោលនូវការព្រមានពីអ្នកសេដ្ឋកិច្ច និងសមាជិកនៃគណបក្សសាធារណរដ្ឋរបស់លោក បានចុះហត្ថលេខាលើបទបញ្ជា ដោយកំណត់យកពន្ធថ្មីចំនួន២៥%លើការនាំចូលដែកថែប និង១០%លើការនាំចូលអាលុយមីញ៉ូមទៅក្នុងសហរដ្ឋអាមេរិក ដោយអះអាងថា វិធានការទាំងនេះមានភាពចាំបាច់ក្នុងការការពារឧស្សាហកម្មរបស់សហរដ្ឋអាមេរិក។
លោក ត្រាំ បានលើកលែងដល់ប្រទេសនាំចូលដែកថែប និងអាលុយមីញ៉ូមចម្បងៗដូចជាប្រទេសកាណាដា និងម៉ិកស៊ិក ខណៈដែលលោកកំពុងចរចាលើការផ្លាស់ប្តូរកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង។ ប្រទេសផ្សេងទៀតដូចជាប្រទេសអូស្ត្រាលីក៏អាចត្រូវបានលើកលែងផងដែរ។
សហរដ្ឋអាមេរិកជាអ្នកនាំចូលដែកថែបធំបំផុតរបស់ពិភពលោក ដែលមានចំនួន៣៥លានតោនក្នុងឆ្នាំ២០១៧ ដោយមានការនាំចូលដែកថែបពីប្រទេសកូរ៉េខាងត្បូង ជប៉ុន ចិន និងឥណ្ឌា ក្នុងចំនួន៦,៦លានតោន។
លោក Wisarn Pupphavesa ដែលជាសេដ្ឋវិទូថៃនិងជាទីប្រឹក្សាជាន់ខ្ពស់សម្រាប់វិទ្យាស្ថានស្រាវជ្រាវខាងផ្នែកសេដ្ឋកិច្ចថៃមួយឈ្មោះថា វិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍក្នុងប្រទេសថៃ ឬហៅកាត់ថា TDRI បានហៅការកំណត់យកពន្ធក្នុងគោលបំណងការពារឧស្សាហកម្មអាមេរិកនេះថាជា «ស្ថានភាពដ៏អាក្រក់មួយ»។
លោក Wisarn បានប្រាប់ VOA ថា៖«សហរដ្ឋអាមេរិកជាអ្នកនាំមុខនៅក្នុងប្រព័ន្ធពហុភាគី អ្នកនាំមុខខាងផ្នែកពាណិជ្ជកម្មសេរីភាវូបនីយកម្ម ហើយសហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់បំផុតមួយក្នុងការតាក់តែងច្បាប់ទាំងអស់ដែលគ្រប់គ្រងលើទីផ្សារពិភពលោកនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែឥឡូវនេះ លោកប្រធានាធិបតី ត្រាំ បានសម្រេចចិត្តបំពានបទបញ្ញត្តិទាំងនោះ ដូច្នេះនេះគឺជា «ស្ថានភាពដ៏អាក្រក់ខ្លាំងមួយ»។
ក្រុមសេដ្ឋវិទូនៅឯក្រុមហ៊ុនសេដ្ឋកិច្ច Capital Economics ដែលមានមូលដ្ឋាននៅក្នុងក្រុងឡុងដ៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីក្តីបារម្ភចម្បងទាក់ទងនឹងជំហាននានារបស់សហរដ្ឋអាមេរិកក្នុងការបង្កើនពន្ធនេះដោយលើកឡើងថា ជំហានទាំងនេះបង្ហាញពី «ចំណុចរបត់មួយនៅក្នុងគោលនយោបាយអាមេរិកក្នុងការផ្លាស់ប្តូរដ៏ទំលំទូលាយខ្លាំងនិងស៊ីជម្រៅមួយឆ្ពោះទៅកាន់ការអនុវត្តការយកពន្ធនាំចូលពីដៃគូប្រជែងខាងផ្នែកពាណិជ្ជកម្មដើម្បីការពារឧស្សាហកម្មក្នុងស្រុក»។
លោក Datuk Seri Ong Ka Chuan រដ្ឋមន្ត្រីទី២នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិរបស់ម៉ាឡេស៊ីបានថ្លែងថា រដ្ឋាភិបាលកំពុងតាមដាននូវផលប៉ះពាល់នៃការបង្កើនពន្ធនេះ ទោះបីជាដែកថែបនិងអាលុយមីញ៉ូមបានរួមចំណែកតិចជាង១%នៃការនាំចេញសរុបរបស់ប្រទេសម៉ាឡេស៊ីក៏ដោយ។
ប៉ុន្តែសហព័ន្ធឧស្សាហកម្មថៃបាននិយាយថា ការគំរាមកំហែងគឺស្ថិតនៅលើការធ្លាក់ចុះនៃតម្លៃនៃការនាំចូលដែកថែបនិងអាលុយមីញ៉ូមទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍។
លោក Korrakod Padungjit អគ្គលេខាធិការសហព័ន្ធឧស្សាហកម្មថៃបានប្រាប់សារព័ត៌មានក្នុងស្រុកថា មានប្រទេសនាំចេញនាំមុខនានា ដូចជា តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ចិន វៀតណាម និងតួកគី ដែលអាចចាត់ទុកអាស៊ីអាគ្នេយ៍ជាគោលដៅក្នុងពេលឥឡូវនេះ។
លោក Roberto Cola ដែលជាអនុប្រធានសម្រាប់ក្រុមប្រឹក្សាដែកនិងដែកថែបរបស់អាស៊ានបានប្រាប់បណ្តាញសារព័ត៌មានថា ការផ្គត់ផ្គង់ដែកថែបក្នុងទំហំច្រើនសន្ធឹកសន្ធាប់ពីចិន អាចនឹងហូរចូលទៅអាស៊ីអាគ្នេយ៍។
ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនដ៏រហ័សរបស់អាស៊ីអាគ្នេយ៍ ដូចជាហ្វីលីពីន និងវៀតណាម ប្រឈមនឹងតម្រូវការដែកថែបខ្លាំង ដើម្បីបំពេញនូវតម្រូវការហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍដែលកំពុងតែកើនឡើង។
ប្រទេសជប៉ុនដែលនាំចេញអាលុយមីញ៉ូមក្នុងកម្រិត១១% និងចិនដែលនាំចេញក្នុងកម្រិត១៤% គឺជាអ្នកនាំចេញអាលុយមីញ៉ូមដ៏ធំបំផុតរបស់អាស៊ីទៅកាន់សហរដ្ឋអាមេរិក។ ការប្តូរទិសដៅនាំចេញទៅអាស៊ីនេះអាចធ្វើឲ្យក្រុមហ៊ុនផលិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ឥណ្ឌូនេស៊ី វៀតណាម និងថៃ មានសម្ពាធក្នុងការប្រកួតប្រជែង។
អ្នកស្រី Thanomsri Fongarunrung ដែលជាសេដ្ឋវិទូនៅក្រុមហ៊ុន Phatra Securities មានមូលដ្ឋាននៅក្នុងទីក្រុងបាងកកបាននិយាយថា ប្រទេសថៃបានប្រឈមនឹងតម្លៃនាំចូលដែកថែបពីប្រទេសចិនទាបជាងតម្លៃក្នុងស្រុករួចទៅហើយ។ អ្នកស្រីបានបន្ថែមថា ក្តីបារម្ភមួយទៀតគឺជាផលប៉ះពាល់ដោយប្រយោលពីការបង្កើនវិធានការការពារពាណិជ្ជកម្ម «សងសឹក» ពីតំបន់ដទៃទៀតដូចជា សហភាពអឺរ៉ុបជាដើម។
សហភាពអឺរ៉ុបក៏បានឲ្យដឹងថា ខ្លួននឹងស្វះស្វែងដាក់ពន្ធលើការនាំចូលមួយចំនួនរបស់សហរដ្ឋអាមេរិក (មកក្នុងទីផ្សារអឺរ៉ុប) រាប់ចាប់ពីការយកពន្ធលើគ្រឿងស្រវឹងដល់ការយកពន្ធម៉ូតូ។
ប៉ុន្តែលោក Wisarn របស់វិទ្យាស្ថាន TDRI បានថ្លែងថា កំណើនសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍កាលពីទសវត្សរ៍មុន ដោយមានការផ្តោតគោលដៅលើប្រទេសចិននោះ នឹងជួយការពារតំបន់នេះឲ្យផុតពីវិធានការចម្បងៗរបស់សហរដ្ឋអាមេរិកក្នុងការបង្កើនការការពារពាណិជ្ជកម្ម។
លោក Wisarn បានថ្លែងប្រាប់ VOA ថា៖ «អាស៊ីខាងកើតបានក្លាយជាតំបន់ដែលមានកំណើនសេដ្ឋកិច្ចសំខាន់ថ្មីមួយនៃសេដ្ឋកិច្ចសកលលោក។ ដូច្នេះ តាមការពិត ផលប៉ះពាល់នៃវិធានការរបស់អាមេរិក អាចនឹងមានផលប៉ះពាល់តិចតួច ទៅលើតំបន់អាស៊ីខាងកើត»។
ជាលទ្ធផល សេដ្ឋកិច្ចរបស់ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់នឹងមានភាពល្អប្រសើរឡើង តាមរយៈការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក។
ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ការព្រួយបារម្ភកាន់តែខ្លាំងសម្រាប់ពាណិជ្ជកម្មថ្នាក់តំបន់ ហើយនិងជម្លោះសំខាន់ៗស្ថិតនៅលើការប្រយុទ្ធប្រឆាំងនឹងការលួចកម្មសិទ្ធិបញ្ញា ជាពិសេសដោយមានប្រទេសចិនជាគោលដៅ។
ក្រុមសេដ្ឋវិទូបានថ្លែងថា កំណើនសេដ្ឋកិច្ចក្នុងតំបន់អាចនឹងប៉ះពាល់ដោយសារសង្គ្រាមពាណិជ្ជកម្ម។ ធនាគារពិភពលោកបាននិយាយក្នុងការវាយតម្លៃកាលពីខែមករាថា កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិកត្រូវបានគេព្យាករណ៍ថា នឹងមានចំនួន៦,២%នៅក្នុងឆ្នាំ២០១៨ ដែលថយចុះបន្តិចបន្តួចពី៦,៤%នៅក្នុងឆ្នាំ២០១៧។
ខណៈពេលមានសុទិដ្ឋិនិយម ធនាគារពិភពលោកបានឲ្យដឹងថា ការកើនឡើងនៃភាពតានតឹងក្នុងភូមិសាស្ត្រនយោបាយ ការកើនឡើងនៃការពារពាណិជ្ជកម្ម ការរឹតបន្តឹងលើស្ថានភាពហិរញ្ញវត្ថុសកល ឬការធ្លាក់ចុះសេដ្ឋកិច្ច«ខ្លាំងជាងអ្វីដែលបានរំពឹងទុក»នៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចរួមបញ្ចូលទាំងប្រទេសចិននោះ បានបង្កហានិភ័យដល់សេដ្ឋកិច្ចតំបន់៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ