មានការភ័យខ្លាចគម្រោងការងារអូស្រ្តាលីដែលផ្តល់ទិដ្ឋាការបណ្តោះអាសន្នដល់ជនចំណាកស្រុកមកពីតំបន់ប៉ាស៊ីហ្វិកខាងត្បូង នឹងធ្វើឲ្យបាត់បង់កម្មករប្រកបដោយផលិតភាពខ្លះរបស់ប្រទេសដែនកោះនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ កម្មវិធីនេះ បានចាប់ផ្តើមកាលពីឆ្នាំទៅ ហើយត្រូវបានគេរៀបចំឡើងដើម្បីដោះស្រាយការខ្វះកម្លាំងពលកម្មដ៏រ៉ាំរ៉ៃនៅផ្នែកនានានៃប្រទេសអូស្រ្តាលី។
គម្រោងការងារប៉ាស៊ីហ្វិក អនុញ្ញាតឲ្យជនចំណាកស្រុកមកពីប្រទេស១០នៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងធ្វើការក្នុងប្រទេសអូស្រ្តាលីក្នុងការងារមានជំនាញទាបនិងជំនាញមធ្យមរយៈពេល៣ឆ្នាំ។ គម្រោងការងារនេះ ត្រូវគេសង្ឃឹមថា ការផ្ញើរប្រាក់មកពីកម្មករចំណាកស្រុក នឹងជួយប្រទេសកាត់បន្ថយភាពក្រីក្រនិងជួយលើកស្ទួយការអភិវឌ្ឍក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង ខណៈនោះដែរ កសិករអូស្រ្តាលីដែលពិបាកស្វែងរកកម្មករ ឥឡូវនេះអាចទទួលបានកម្លាំងពលកម្មនេះដែរ។
ជនចំណាកស្រុកបណ្តោះអាសន្នមកពីតំបន់ប៉ាស៊ីហ្វិកខាងត្បូង ទទួលអត្រាប្រាក់ឈ្នួលរបស់អូស្រ្តាលីដែលជាប្រាក់ឈ្នួលច្រើនជាងនៅប្រទេសរបស់ពួកគេ។
ក៏ប៉ុន្តែ ពួកអ្នករឹះគន់ និយាយថា គម្រោងនេះ នឹងធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចរបស់ប្រទេសដែលចូលរួមដូចជាប្រទេស Samoa ប្រទេស Fiji និងប្រទេស Papua New Guinea ដែលនឹងបាត់បង់កម្មករឈ្លាសវៃនិងប្រកបដោយផលិតភាពបំផុត។
លោកLionel Kaluat ជាអតីតប្រធានគណៈកម្មការការងាររបស់កោះVanuatu។
លោកនិយាយថា៖ «មនុស្សភាគច្រើនបំផុតដែលចូលរួមកម្មវិធីនោះឥឡូវនេះ ជាមនុស្សដែលមានការងារនិងមានជំនាញរួចហើយ។ ដូច្នេះវាជាការដាស់តឿនមួយសម្រាប់រដ្ឋាភិបាលVanuatu»។
ក៏ប៉ុន្តែ អូស្រ្តាលី ទទូចថា ខ្លួន កំពុងពិនិត្យមើលយ៉ាងប្រុងប្រយ័តពីផលប៉ះពាល់នៃកម្មវិធីនេះដើម្បីកម្រិតការប៉ះពាល់យ៉ាងខ្លាំងណាមួយលើសេដ្ឋកិច្ចរបស់ប្រទេសនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។
លោកស្រី Kathy Klugman មកពីក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលី។លោកស្រី បានថ្លែងថា៖ «យើងកំពុងដោះស្រាយប្រកបដោយការយកចិត្តទុកដាក់ជាមួយរដ្ឋាភិបាលនៅកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនិងទីភ្នាក់ងារពាក់ព័ន្ធរបស់រដ្ឋា ភិបាលនៅទូទាំងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកដើម្បីធ្វើឲ្យមានជាអតិបរមានូវអត្ថប្រ យោជន៍របស់ផែនការនោះនិងកាត់បន្ថយឬលុបបំបាត់ការព្រួយកង្វល់អំពីការបាត់បង់កម្មករជំនាញនេះ»។
នៅដើមខែនេះ រដ្ឋាភិបាលក្រុងកង់ប៊ែរ៉ា បានបង្កើនពេលវេលាឲ្យអ្នកទេសចរណ៍បរ ទេសមកពីប្រទេសប្រហែល២០ រួមមានចក្រភពអង់គ្លេស កាណាដានិងជប៉ុន ធ្វើការ ងារក្នុងប្រទេសអូស្រ្តាលីរយៈពេលរហូតដល់៣ឆ្នាំ ប្រសិនបើពួកគេ ធ្វើការងារនៅកសិដ្ឋានក្នុងកិច្ចខំប្រឹងប្រែងមួយដើម្បីដោះស្រាយការខ្វះកម្លាំងពលកម្មយ៉ាងខ្លាំងនេះ។
ទោះជាយ៉ាងណាក៏ដោយ មានការភ័យខ្លាចថា ពួកទេសចរណ៍ នឹងដណ្តើមការងារពីអ្នកដែលមានលទ្ធភាពសម្រាប់ផែនការការងារនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។របាយការណ៍ ប្រាប់ឲ្យដឹងថា ទិដ្ឋាការដែលត្រូវរក្សាទុកដោយឡែកសម្រាប់ផែនការនោះ ត្រូវបានចេញឲ្យ១០ភាគរយប៉ុណ្ណោះនៅឆ្នាំដំបូង។
ប្រែសម្រួលដោយជឹង ប៉ូជីន